The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វៀតណាម​ផ្ដើម​ប្រើ​ស្មៅ​ជា​ទុយោបឺត​ស្នេហា​បរិស្ថាន

វៀតណាម​ផ្ដើម​ប្រើ​ស្មៅ​ជា​ទុយោបឺត​ស្នេហា​បរិស្ថាន

Content image - Phnom Penh Post
ស្មៅ​ទុយោ​អាច​ជះក្លិន​តិចតួច​ដល់​អ្នក​ងាយ​អាលែកហ្ស៊ី តែ​មិន​ប៉ះពាល់​រសជាតិ​ភេសជ្ជៈ​។ រូបថត vns

វៀតណាម​ផ្ដើម​ប្រើ​ស្មៅ​ជា​ទុយោបឺត​ស្នេហា​បរិស្ថាន

ក្រុងហាណូយ: ដោយ​ការតាំងចិត្ដ​ចង់​ជួយ​លើ​កិច្ចការពារ​បរិស្ថាន ង្វៀង មីញធាន មកពី​ស្រុក​ឌុកហ៊ូ ខេត្ដ​ឡុងអាន​ភាគ​ខាងត្បូង​បាន​ផលិត​ទុយោបឺត​តាម​វិធី​ងាយៗ​ពី​ស្មៅ​ព្រៃ​ម្យ៉ាង​ដែល​ស្រដៀង ប្លុង​។

ក្រោយពី​ផលិត​ទុយោបឺត​ពី​រុក្ខជាតិ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ហៅថា lepironia articulata បាន​ ១ ​ឆ្នាំ រោង​សិប្បកម្ម​របស់​លោក​បាន​លក់​ទុយោបឺត​ជាង ១,២ លាន​ដើម​ដល់​ឈ្មួញ និង​អតិថិជន​ដែល​ចូលចិត្ដ​ស្រឡាញ់​បរិស្ថាន និង​សុខភាព​ក្រៅពី​ជម្រើស​ប្លាស្ទិក​។

ក្រុម​របស់​លោក ង្វៀង បាន​ធ្វើការ​ពិសោធ​សម្ភារ​ប្លែកៗ​ជាច្រើន​ដូចជា ដើម​ត្រកួន និង​ឫស្សី​ជាដើម​។ រុក្ខជាតិ​វត្ថុ​ធាតុដើម​ទាំងអស់​នេះ​មាន​ការលំបាក​ប្រើប្រាស់​ដោយ​វា​ងាយ​រលួយ​ពេក ខណៈ​ឫស្សី​មាន​តម្លៃ​ថ្លៃ​ជ្រុល​ដែល​ធ្វើឲ្យ​លោក​មិន​អាច​លក់​ក្នុង​តម្លៃ​ទាប​បាន​។

Content image - Phnom Penh Post
ការលំបាក​តែ​ ១ ​គត់​ក្នុង​ការផលិត​ទុយោបឺត​ស្មៅប្លុង​គឺ​ការ​ចោះ​ប្រហោង​របស់​វា​។ រូបថត vns

បន្ទាប់មក​ក្រុម​ការងារ​បាន​រកឃើញ​ប្រភេទ​ស្មៅ​នៅ​ក្នុង​ស្រុក​ម្យ៉ាង​ដែល​ដុះ​ច្រើន​ក្នុង​បណ្ដា​ខេត្ដ​នានា​តាម​ដង​ទន្លេ​មេគង្គ និង​វា​ស័ក្ដិសម​ជា​ទុយោបឺត​បំផុត​។

ក្រោយពី​កាត់​មក​រុក្ខជាតិ​ដែល​ស្រដៀង​នឹង​ស្មៅ​ប្លុង​ត្រូវ​បាន​ឆ្កឹះ​យក​បណ្ដូល​ចេញ និង​កាត់​ជា​កង់ៗ​ប្រវែង​ពី ១៨ ទៅ ២០ ​សង់ទីម៉ែត្រ​ដូច​ទៅ​នឹង​ទំហំ​ទុយោ​ប្លាស្ទិក​។

យ៉ាងណា​មិញ​ការ​ឆ្កឹះ​យក​បណ្ដូល​ចេញ​គឺជា​កិច្ចការ​ដ៏លំបាក​មួយ​។

វា​ងាយ​រហែក​បែក​ទៅ​តាម​ថ្នេរ​សរសៃ​។ នៅពេល​ចោះ​ប្រហោង​រួច​ស្មៅ​ទុយោ​ត្រូវ​បាន​លាង​ទឹក​សម្អាត និង​ហាល​ឲ្យ​ស្ងួត​។

ដោយសារ​វា​ជា​ផលិតផល​ធម្មជាតិ​មិន​មាន​ទុយោបឺត​មួយ​គូ​ណា​មាន​លក្ខណៈ​ដូចគ្នា​ទេ​។ ទុយោ​អាច​ត្រូវ​បាន​ប្រើ​ជាមួយ​ទឹក​ក្ដៅ និង​ទឹក​ត្រជាក់​យ៉ាង​មាន​សុវត្ថិភាព​។

Content image - Phnom Penh Post
កសិករ​មក​កាត់​ស្មៅ​ធ្វើ​ទុយោ​បឺត​ដែល​ផ្ដើម​ពេញនិយម​នៅ​វៀតណាម​។ រូបថត vns

អ្នកមាន​បញ្ហា​ងាយ​អាលែកហ្ស៊ី​អាច​ធុំក្លិន​មិន​ល្អ​ពី​ស្មៅ​នេះ តែ​ទុយោបឺត​នេះ​មិន​ប៉ះពាល់​ដល់​រសជាតិ​ភេសជ្ជៈ​អ្វី​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

ទុយោ​ស្មៅ​ងាយ​រលួយ​ក្រោយ​ពី​ចោល ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូច​ទុយោប្លាស្ទិក​នោះ​ទេ​។

ក្រោយពី​ត្រូវ​បាន​ប្រើប្រាស់​រួច​ទុយោ​ស្មៅ​អាច​មាន​អាយុកាល​ ២ ​សប្ដាហ៍​ក្នុង​ទូទឹកកក ឬ ៥ ​ថ្ងៃ​ក្នុង​សីតុណ្ហភាព​បន្ទប់​។

ទុយោបឺត​រុក្ខជាតិ​នេះ​លក់​ក្នុង​តម្លៃ​ពី ៦០០ ទៅ ១០០០ ​ដុង (១០៥ ទៅ ១៧៥ ​រៀល​) នៅក្នុង​ ១ ​ដើម​អាស្រ័យ​លើ​ទំហំ​។

Content image - Phnom Penh Post
ហាង​លក់​ភេសជ្ជៈ​វៀតណាម​ចាប់ផ្ដើម​ប្រើប្រាស់​ទុយោបឺត​ស្មៅ​ប្លុង​។ រូបថត vns

ដោយសារ​នីតិវិធី​ទាំងអស់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ដៃ ទុយោ​នៅ​សិប្បកម្ម​អាច​មាន​ចំនួន​កំណត់​។

ស្មៅ​នេះ​ដុះ​ចេញ​ពី​ភក់ និង​លូត​ប្រវែង ១ ម៉ែត្រ​។ វា​មាន​ផ្កា​គ្រប់​រដូវ និង​ដុះ​ក្នុង​ព្រៃ​នៃ​តំបន់​ដី​មាន​ជាតិ​ប្រៃ​នៅ​ភាគ​ខាង​ត្បូង​៕ VNN/HR

អត្ថបទគួរចាប់អារម្មណ៍