ក្រុងហាណូយ: បុរស​ក្មេងៗ​ដោះអាវ​សម្ញែង​សាច់​ទ្រូង​សខ្ចី​កំពុង​រត់​ប្រដេញ​គ្នា​ដណ្ដើម​បាល់​ឈើ​ដ៏ធំ ខណៈ​មហាជន​ព័ទ្ធជុំវិញ​កំពុង​តែ​ទស្សនា​យ៉ាង​រំជើបរំជួល​ក្នុង​ពិធី​បុណ្យ​ប្រពៃណី​វៀតណាម​ប្រចាំ​ឆ្នាំ​។

នេះ​ជា​ការប្រកួត វ៉ាត កាវ ដែល​មាន​ប្រវត្តិ​អាយុកាល​ច្រើន​សតវត្សរ៍​ចេញ​ពី​ការហាត់​ទាហាន​តាមរយៈ​លំហាត់​ប្រាណ​កូនកាត់​រវាង​កីឡា​ចំបាប់ និង​កីឡា rugby​។

វ៉ាត កាវ គឺជា​ការប្រកួត​ដែល​ទាក់ទាញ​មនុស្សម្នា​ជាច្រើន​នាក់​មក​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ភូមិ​ធុយលីញ ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ​។

បុរសៗ​ចង​កន្សែង​ចង្កេះ​ពណ៌​ខុសៗ​គ្នា រត់​ប្រកួត​ដណ្ដើម​បាល់​ឈើ​។ រូបថត AFP

ការប្រកួត​មួយ​លើក​ត្រូវ​បាន​បែងចែក​មនុស្ស ៨ ​នាក់​ជា ៤ ​ក្រុម​ដោយ​ក្រវាត់​ចង្កេះ​ពណ៌​ខុសៗ​គ្នា​។ ពួកគេ​ប្រកួត​ដណ្ដើម​បាល់​យក្ស​ទម្ងន់ ១៧ គីឡូក្រាម ដែល​ធ្វើ​ពី​ឈើ​ដើម​ខ្នុរ​។

លោក ឡេ ដុកដុង ដែល​ជា​កីឡាករ​ចូលរួម​ប្រកួត​ចម្បាប់​ដណ្ដើម​បាល់​ឈើ​អស់​រយៈពេល ១៥ ​ឆ្នាំ​បាន​ឲ្យ​ដឹងថា​៖ «​ល្បែង​នេះ​គឺជា​ប្រពៃណី និង​ជា​មោទនភាព​របស់​អ្នកភូមិ​យើង​»​។

អ្នកចូលរួម​ទស្សនា​កាលពី​ចុងសប្ដាហ៍​នាំ​គ្នា​ទះដៃ ហ៊ោ និង​សើច​ក្អាកក្អាយ ខណៈ​អ្នក​អត្ថាធិប្បាយ​រៀបរាប់​ពី​សកម្មភាព​អ្នក​ប្រកួត​យ៉ាង​រស់រវើល​ក្នុង​បរិវេណ​ទី​អារាម​។

ទោះបី​ជា​ប្រាក់រង្វាន់​សម្រាប់​ក្រុម​ឈ្នះ​ត្រឹមតែ ២៦០ ​ដុល្លារ​ក្តី ប៉ុន្តែ​ការប្រកួត​រយៈពេល ៣ ​ថ្ងៃ​ដែល​មាន​មនុស្ស ១៦ ​ក្រុម​ចូលរួម នៅតែ​ធ្វើឲ្យ​ក្រុម​ជយលាភី​មាន​មោទនភាព​។

យោង​តាម​អ្នករៀបចំ​ការប្រកួត វ៉ាត កាវ លោក ឡេ មិញសួង បាន​ឲ្យ​ដឹងថា ការប្រកួត​ដែល​កកើត​តាំងពី​សតវត្សរ៍​ទី ១១ ត្រូវ​បាន​បង្កើតឡើង​ក្នុង​គោលបំណង​សំខាន់​លើ​ស្មារតី​ក្រុម​ភាពឆ្លាតវៃ រហ័សរហួន និង​កម្លាំង​តទល់​នឹង​ការឈ្លានពាន​ពី​បរទេស​៕