ជា​ប្រទេស​ទទួល​អ្នក​ទេសចរ​ជាង ៣០ លាន​នាក់​ ជា​រៀងរាល់ឆ្នាំ​ ថៃ​បាន​ក្លាយជា​ម្ចាស់ផ្ទះ​រៀបចំ​ វេទិកា​ទេសចរណ៍​មេគង្គ ​ឆ្នាំ២០១៨ (Mekong Tourism Forum 2018) ហៅ​កាត់​ថា អឹម​ធី​អ​ហ្វ (MTF) ដែលជា​វេទិកា​សំខាន់​មួយ​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​ ដើម្បី​ជជែក​គ្នា​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​នេះ​មាន​ចីរភាព​។ វេទិកា​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ Mekong Tourism Coordinating Office (MTCO) ចាប់ពី​ថ្ងៃទី២៦​ ដល់​ ២៩ ខែមិថុនា ​ឆ្នាំ២០១៨ ​កន្លងទៅថ្មីៗនេះ។

វេទិកា​ត្រូវ​បាន​​​ធ្វើឡើង​នៅ​ខេត្ត​នគរ​ភ្នំ ជាប់​ព្រំដែន​ប្រទេស​ឡាវ គឺ​ជាប់​ជា​ខេត្ត​សុខដុម​រម្យ​នា​បំផុត​មួយ​របស់​​ប្រទេស​ថៃ ជាមួយ​​លក្ខណៈខុស​ដា​ច់​ខ្លាំង​ពី​ខេត្ត​ទេសចរ​ដទៃទៀត ​ដែលមាន​លក្ខណៈ​អ៊ូអរ និង​ទទួលរង​ផលប៉ះពាល់​រួចទៅហើយ​ ​ដោយសារ​ការគ្រប់គ្រង​មិន​គ្រប់​ជ្រុងជ្រោយ​ចំពោះ​គំហុក​ទេសចរ​មកកាន់​ប្រទេស​នេះ។

បទពិសោធ​ជាក់ស្ដែង​​នៃ​​ផល​ប៉ះពាល់​​ពី​ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន​លើសលប់ បាន​ធ្វើ​អាជ្ញាធរ​ទេសចរណ៍​ថៃ​កាលពី​ខែ​មិថុនា​ក​ន្លងទៅ​ថ្មីៗ​​ ​បានប្រកាស​បិទ​កោះ​មួយ​ដ៏​​ល្បីល្បាញ​ដោយសារ​ឥទ្ធិពល​ភាពយន្ត​ហូ​លី​វ៉ូដ The Beach គឺ​កោះ​ភីភី​លេ​ហ (Koh Phi PhiLeh) ដោយសារតែ​កំណើន​អ្នកទេសចរ​បាន​បង្កឲ្យ​កោះ​ដ៏​ផុយ​ស្រួយ​​ប្រព័ន្ធ​ជីវសាស្ត្រ​មួយ​នេះ​ទទួលរង​ផលប៉ះពាល់​ធ្ញ​ន់​ធ្ញ​រ​ចំពោះ​បរិស្ថាន។

វេទិកា​ទេសចរណ៍​មេគង្គ​បាន​នាំយក​អ្នកជំនាញ និង​អ្នកសម្រេចចិត្ត​ក្នុង​វិស័យ​ទេសចរណ៍​ពី​ប្រ​ទស​កម្ពុជា វៀតណាម ភូមា ឡាវ ចិន និង​ថៃ ប្រមាណ​ជា ៣៧០ នាក់ មក​ចែករំលែក​ស្វែងយល់​ពី​របៀប​ធ្វើ​ធុរៈកិច្ច​របស់​ពួកគេ​ទៅកាន់​តំបន់​ដែល​អាស្រ័យ​ផល​លើ​អ្នកទេសចរ​ ដែល​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វិជ្ជមាន​រួចមកហើយ​ក្នុង​វិស័យនេះ ស្របទៅនឹង​មូលបទ​របស់​វេទិកា​នេះ​ថា៖ Transforming Travel Transforming Live មានន័យ​ជា​ភាសា​ខ្មែរ​ថា បន្លាស់​ប្រែ​ដំ​ណើរ​ទេសចរណ៍ បន្លាស់​ជីវិត។

លោក ចេ​ន​ស៏​ ធ្រែ​ន​ហាត (Jens Thraenhart) នាយក​ប្រតិបត្តិ​ MTCO (អ៊ឹម​ធី​ស៊ីអូ) បាន​បានលើកឡើង​ជា​សំណួរ​នៅក្នុង​ស​ន្និ​សីទ​កាសែត​ថា៖ «តើ​យើង​អាច​ក្លាយជា​មនុស្ស​ប្រសើរ​ជាង​មុន​នៅពេល​ដើរ​ទេ​សចណ៍​បាន​យ៉ាងដូចម្តេច?»។

លោក​ ចេ​ន​ស៏ បានបញ្ជាក់់​ទៀតថា៖ «​​កម្ម​វិធី​ទាំងឡាយ ​ដែល​រៀបចំ​នៅក្នុង​វេទិកា​នេះ​គឺ​អភិវឌ្ឍន៍​ឡើង​ដោយ​ផ្អែកលើ​ការបង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​បទពិសោធ​​​ទៅវិញទៅមក​រវាង​អ្នកស្រុក និង​អ្នកទេសចរ»។

​លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​​ថា៖ ​«នៅពេលដែល​អ្នកទេសច​រ​ធ្វើដំ​ណើរ​ទៅតាម​ភូមិឋាន​នានា វា​គឺជា​ការផ្លាស់ប្តូរ​មានតែ​ម្ខាង អ្នកទេសចរ​ទិញ​វត្ថុផ្សេងៗឫ​ជាវ​ត្ថុ​អនុស្សា​រី​យ៍​នៅ​ទីនោះ វា​មិនមែនជា​ការផ្លាស់ប្តូរ​ពិត​ប្រាកដ​នោះទេ»។

កញ្ញា ​ម៉ូ​ម៉ូ​កុ អ៊ី​គឺ​ឈិ (MomokoIkeuchi) តំណាង​​ក្រុម​សៀក​ហ្វា​រ​ពន្លឺ​សិល្បៈ​មកពី​ខេត្តសៀមរាប ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ដ៏​ជោគជ័យ​របស់​អង្គការ​ហ្វា​រ​ពន្លឺ​សិល្បៈ​ដ៏​ល្បីល្បាញ​មួយ​របស់​កម្ពុជា បាន​ចែករំលែក​អំពី​របៀប​ ដែល​អង្គការ​នេះ​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​កុមារ និង​យុវជន​កម្ពុជា និង​ផ្តល់​ឱ​​កាស​ឲ្យ​ពួកគេ​ចែករំលែក​រឿងរ៉ាវ​រប​ស់​ពួកគេ​តាមរយៈ​សិល្បៈ​ទៅកាន់​អ្នកទេសចរ និង​សហគមន៍​របស់​ពួកគេ។

​កញ្ញា​បាន​និយាយ​មកកាន់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា៖ «វា​មិនមែន​គ្រាន់តែ​ជា​កម្មវិធី​ ដែល​អាច​ឲ្យ​យើង​បង្កើត​បណ្តាញ​នោះទេ តែ​លើសពីនេះ​គឺជា​ការចែករំលែក​បទ​ពិសោធន៍​ដែល​នាំ​ឲ្យ​ផុសគំនិត​ជាច្រើន ហើយ​វា​ក៏បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រួបរួម​ជា​មិត្ត​ក្នុងការជំរុញ​​តំបន់​នេះ​ទាំងអស់គ្នា»។

​នៅ​ថ្ងៃ​ចុងក្រោយ ​សិក្ខាកាម​ត្រូវបាន​រៀបចំ​ឲ្យ​ចូល​រូ​ម​ក្នុង​កិច្ចពិភាក្សា​យុទ្ធសាស្ត្រ​ជាមួយ​អ្នកជំនាញ​ក្នុង​សិក្ខាសាលា​ដាច់ដោយឡែក​ពីគ្នា ​នៅតាម​សហគមន៍​ភូមិ​ជនជាតិភាគតិច​ចំនួន ៨ ទៅតាម​ប្រធានបទ​ផ្សេង​ពី​គ្នា​​ដូច​ជា៖ ទេ​សចណ៍​សរីរាង្គ​ ទេសចរណ៍​សាសនា​ ទេសចរណ៍​សុខភាព ទេសចរណ៍​បេតិកភណ្ឌ ទេសចរណ៍​ម្ហូបអាហារ​ ទេសចរណ៍​ពិ​ធិ​បុណ្យ​ ទេសចរណ៍​ផ្សងព្រេង និង​អេកូ​ទេសចរណ៍។

​អ្នករៀបចំ​សង្ឃឹមថា​ ការពិភាក្សា​នៅតាម​ភូមិ​ស្រុក​គឺជា​ការ​សូម​អនុ​ញ្ញា​ត​ឲ្យ​អ្នកស្រុក​ត​ភ្ជាប់​សិក្ខាកាម​ទៅនឹង​វិធី​ជីវិត​របស់​ពួកគាត់ និង​ជាការ​ដែល​សិក្ខាកាម​អាច​ក្លាយជា​អ្នកទេសច​ណ៍​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកស្រុក​ដូចគ្នា៕​