ភ្នំពេញៈ ក្រោយពី​ផ្អាក​មួយ​លើក​នោះ​កម្មវិធី «​វេទិកា​សិល្បៈ​ស្ត្រី​» នឹង​ប្រារព្ធ​ធ្វើ​លើក​ទី​ ៤ នា​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២០ ខាងមុខនេះ​នៅ​មហោស្រព​ចេនឡា ដោយ​មាន​ក្រុម​សិល្បករ-សិល្បការិនី ជាច្រើន​ក្រុម​មក​សម្តែង​ទម្រង់​សិល្បៈ​រួមគ្នា​។

វេទិកា​សិល្បៈ​ស្ត្រី​លើក​ទី​ ៤ ​បាន​វិលត្រឡប់​មកជួប​លោកអ្នក​សាជាថ្មី​ម្តងទៀត​ដោយ​មាន​ការសម្តែង​នូវ​ផ្ទាំងទស្សនីយភាព​សិល្បៈ​ចម្រុះ​មកពី​តំបន់​នានា​នៃ​ប្រទេស​កម្ពុជា និង​ការតាំងពិព័រណ៍​ផងដែរ​ក្រោម​ប្រធានបទ​ថា «​ផ្ទះ​»​។ សម្រាប់​វេទិកា​លើក​ទី​ ៤ ​នេះ​មាន​ក្រុម​សិល្បៈ​នានា​ចូលរួម​ដូចជា ក្រុម​សិល្បៈ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក្រុម​សិល្បៈ​មកពី​សាលា​ហ្វារពន្លឺ​សិល្បៈ ក្រុម​សិល្បៈ​សូហ្វីលីន ក្រុម​សិល្បៈ​នៃ​អង្គការ​អេពិកអាត ក្រុម​សកម្មជន​សិល្បៈ និង​សមាគម​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​។

បើតាម​អ្នកស្រី ណម សុភ័ស ជា​សមាជិក​នៃ​ក្រុម​សមាគម​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ​បង្ហើប​ថា​៖ «​យើង​មាន​ក្ដី​រីករាយ សូម​អញ្ជើញ​សាធារណជន​ចូលរួម​ទស្សនា កម្មវិធី​វេទិកា​សិល្បៈ​ស្ត្រី​លើក​ទី​ ៤ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ​ ២០២០ នេះ​នៅ​សាលមហោស្រព​ចេនឡា​ចាប់ពី​ម៉ោង​ ២ រសៀល​ដល់​ម៉ោង​ ៥ ​និង​ ៣០ ​នាទី​ល្ងាច​។

ចំពោះ​ប្រធានបទ​វិញ​ពី​មួយ​លើក​ទៅមួយ​លើក យើង​តែងតែ​មាន​ការដាក់​ប្រធានបទ​ខុសៗ​គ្នា ហើយ​ការ​ប្រារព្ធ​ធ្វើ​ដំបូង​គឺ​នៅក្នុង​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៨ តែ​នៅ​ឆ្នាំ​ ២០១៩ យើង​ខកខាន​ធ្វើ​មួយ​លើក​មកហើយ​ដែរ ខណៈ​ទើបតែ​មក​ធ្វើ​លើក​ទី​ ៤ នៅ​ឆ្នាំ​ ២០២០ នេះ​»​។

ក្រុម​សិល្បការិនី​សម្តែង​ជា​ក្រុម​នៃ «​វេទិកា​សិល្បៈ​ស្ត្រី​» កន្លងមក​។ រូបថត សហការី

អ្នកនាង ណម សុភ័ស ក៏បាន​បន្តថា​៖ «​សម្រាប់​ការសម្តែង​សិល្បៈ​វិញ​នៅក្នុង​ឆ្នាំនេះ យើង​ក៏មាន​ការរៀបចំ​ប្លែក​ពី​លើក​មុន​បន្តិច​ផងដែរ ត្រង់​ថា ឆ្នាំកន្លងមក​យើង​ឲ្យ​ក្រុម​អ្នកសិល្បៈ​នៃ​ក្រុម​នីមួយៗ​សម្តែង​ឈុត​ឆាក​នៃ​សាច់រឿង​ជា​លក្ខណៈ​ដាច់ដោយឡែក​ពីគ្នា​។ តែ​ឆ្នាំនេះ​យើង​មានការ​សម្តែង​រួមគ្នា​លក្ខណៈ​សម្តែង​តាម​ក្រុម​ដែរ តែ​ជាការ​ផ្សារភ្ជាប់​គ្នា​នូវ​សាច់រឿង​រួមគ្នា​ចង​ដូចជា វគ្គ ឬ​ភាគ​នៃ​សាច់រឿង​ធំ​ ១ ​អ៊ីចឹង​»​។

ដើម្បី​លើកទឹកចិត្ត និង​រួមចំណែក​ជួយ​សម្រួល​ដល់​ក្រុម​សិល្បករ-សិល្បការិនី ដែល​នឹង​មក​សម្តែង​នៅក្នុង​វេទិកា​សិល្បៈ​ស្ត្រី​លើក​ទី​ ៤ ​នេះ​សម្រាប់​​អ្នកទស្សនា ក៏​តម្រូវ​ឲ្យ​ជួយ​ជាវ​សំបុត្រ​ចូល​ទស្សនា​ផងដែរ ដោយ​សំបុត្រ ១ សន្លឹក​តម្លៃ ១ ​ម៉ឺន​រៀល​ដែល​ចាប់ផ្តើម​លក់​ជា​បណ្តើរៗ​ហើយ​។

អ្នកស្រី ណម សុភ័ស បាន​បញ្ជាក់ថា​៖ «​ប្រសិនបើ​អ្នក​នៅ​ជិត​អង្គការ​សិល្បៈ-ខ្មែរអមតៈ​អ្នក​អាច​រក​ទិញ​សំបុត្រ​នៅ​ការិយាល័យ​កណ្ដាល ឬ​នៅ​ស្ដង់​សំបុត្រ​ការសម្ដែង​នៅ​សារមន្ទីរ​ជាតិ​ក៏បាន ឬ​ អាច​រក​ទិញ​នៅតាម​ទីតាំង​នានា​នៅក្បែរ​លោកអ្នក​បំផុត​រួមមាន​ដូចជា​នៅឯ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ (RUPP/IFL/DMC) ជាមួយ​ភ្នាក់ងារ​លេខ​ទូរស័ព្ទ 069 566 818 នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល​ ២២ (​ក្បែរ​ផ្សារ​ពោធិ៍ចិនតុង​) ជាមួយ​ភ្នាក់ងារ​លេខ​ទូរស័ព្ទ 070 375 112 វិទ្យាស្ថាន​ជាតិ​ពាណិជ្ជសាស្ត្រ (​ក្បែរ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី​) ជាមួយ​នឹង​ភ្នាក់ងារ​លេខ​ទូរស័ព្ទ 081 600 443 នៅឯ​សមាគម​ក្រុម​តន្ត្រី​យុវវ័យ​នាំសារ (​ក្បែរ​វត្ត​សន្សំ​កុសល​) ជាមួយ​ភ្នាក់ងារ​មាន​លេខ​ទូរស័ព្ទ 096 849 4806/ 070 648 382 នៅឯ​ទីស្នាក់ការ​អង្គការ​សិល្បៈ​ខ្មែរអមតៈ​ជាមួយ​ភ្នាក់ងារ​លេខ​ទូរស័ព្ទ 011 460 900 និង​ក្រុម​សិល្បៈ​សូហ្វីលីន​ជាមួយ​ភ្នាក់ងារ​ដែលមាន​លេខ​ទូរស័ព្ទ 017 938 993»៕