ភ្នំពេញៈ ទើបតែ​បាន​ស្ងាត់​អំពី​ការបង្ហើរ​សារ​មួយ​ឃ្លា​អម​ដោយ​ឈុត​កូនក្រមុំ​ហាក់​ដូចជា​ចង់បង្ហាញ​ពី​ដំណឹង​ល្អ​ជិត​ចូល​រោងការ​ក៏​លេច​ឮ​ថា តារាចម្រៀង​ស្រីស្រស់ កញ្ញា វ៉ាន់ នីឡា គ្រោង​នឹង​វិល​ចូល​សិល្បៈ​វិញ​នៅ​ឆ្នាំ​ ២០២០ ដែល​ជ្រក​ក្រោម​ផលិតកម្ម​ថ្មី​ជា​របស់​បងប្រុស​បង្កើត​នាង​លោក សុខ ជំនោរ​។

តារាចម្រៀង​ស្រី​ជ្រក​ក្រោម​ទ្រនំ​ភ្លេង​រីខត​ កញ្ញា វ៉ាន់ នីឡា បាន​បាត់​ទាំង​មុខ​ទាំង​សំឡេង​ក្នុង​ការបំពេ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់​មួយរយៈ​យូរ​គួរសម​ក៏​ដោយសារ​តែ​រឿង​អតីត​ដែល​បាន​ជំពប់​រឿង​អាស្រូវ​ស្នេហា​ដោយសារ​អតីត​មិត្ត​ប្រុស​ទម្លាយ​រូបអាក្រាត និង​រង់ចាំ​ការរក​ភាពយុត្តិធម៌​ពី​ផ្លូវច្បាប់ ទើប​បន្លាយ​ពេលវេលា​រហូត​ដល់​បច្ចុប្បន្ន​។

យ៉ាង​ណា​បើ​មើល​បច្ចុប្បន្នភាព​របស់​កញ្ញា សុខ ចិន្តា ហៅ​កញ្ញា វ៉ាន់ នីឡា នោះ​គឺ​មាន​ភាពប្រក្រតី​វិញ​សម្រាប់​អារម្មណ៍​របស់​នាង ហើយ​កាន់តែ​ពិសេស​នោះ​កញ្ញា​ក៏​កំពុងតែ​ត្រៀមខ្លួន​វិល​មក​ប្រឡូក​វិស័យ​សិល្បៈ​ចម្រៀង​វិញ​ផង​ដែរ នៅ​ឆ្នាំ​ក្រោយ​គឺ​ឆ្នាំ​ ២០២០​។

កញ្ញា វ៉ាន់ នីឡា បាន​បង្ហើប​ប្រាប់​ថា​៖ «​ចាស​!​បង នាង​ខ្ញុំ​ពិតជា​មាន​គម្រោង​វិល​ចូល​សិល្បៈ​ចម្រៀង​វិញ​មែន ខណៈ​កាលពី​ដើម​ឆ្នាំនេះ នាង​ខ្ញុំ​ធ្លាប់​បង្ហើប​ដែរ​ថា​នឹង​ចូល​វិញ​នៅ​ពាក់កណ្តាល​ឆ្នាំនេះ​។ តែ​ដោយសារ​គិត​ម្តងទៀត​វិញ​ទៅ ក៏​នឹក​គិត​ថា​កាលណា​វិល​ចូល​វិញ​ត្រូវ​តែ​មាន​អ្វី​ឲ្យ​ប្លែក​សម្រាប់​ការបំពេ​អារម្មណ៍​ប្រិយមិត្ត ទើប​បាន​ជា​រឿង​ល្អ ហើយ​ខ្ញុំ​ក៏​មិន​ចង់​វិលវិញ​ដោយ​ខ្វះ​ការគាំទ្រ​នោះ​ឡើយ​។ ហេតុដូច្នេះ​ហើយ​នាង​ខ្ញុំ​ក៏​សម្រេច​សាជាថ្មី​ថា​នឹង​គ្រោង​ចូល​សិល្បៈ​វិញ នៅ​ឆ្នាំ​ក្រោយ​ដោយ​ទុកពេល​នៅ​ឆ្នាំ​នេះ​សម្រាប់​ការបង្កើត​ថ្មី​របស់ខ្លួន ជាពិសេស​នោះ​ការផលិត​ជា​បទចម្រៀង​ប្រភេទ​អូរីជីណល​តែ​ម្តង ដោយ​នាង​ខ្ញុំ​ត្រូវ​មាន​បង​ជំនោរ ជា​អ្នកនិពន្ធ​ទំនុកច្រៀង និង​ភ្លេង​ដូចជា​កាល​នាងខ្ញុំ​នៅ​ផលិតកម្ម​ភ្លេង​រីខត​នោះ​ដែរ​»​។

កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បាន​បន្ត​ថា​៖ «​ការចេញមុខ​ម្តង​ទៀត​អាច​និយាយ​បាន​ថា​គឺជា​ការសហការ​ជាមួយ​នឹង​បងប្រុស​នាង​ខ្ញុំ ក្រោម​ផលិតកម្ម​របស់​គាត់​គឺ BigReel Films​។ នាង​ខ្ញុំ​នឹង​ចេញ​ចម្រៀង​ប្រភេទ​អូរីជីណល​ដែល​ជា​ការច្រៀង​ទោល​តែ​ប៉ុណ្ណោះ មិន​ទាន់​គិត​ថា​នឹង​ចេញ​ជា​បទ​ដែល​ត្រូវ​ច្រៀង​លក្ខណៈ​ជា​គូ​នោះ​ឡើយ​»​។

មុន​នេះ​បន្តិច​កញ្ញា វ៉ាន់ នីឡា បាន​បង្ហោះ​បង្ហើប​សារ​រឿង​របស់​ខ្លួន​បែប​ជា​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​ថា​៖ «​មិន​សំខាន់​ទេ ថា​អ្នកណា​ដែល​បាន​ធ្វើឲ្យ​យើង​ឈឺចាប់ និង​អាប់អោន​អ្វី​ដែល​សំខាន់​នោះ​គឺថា​បាន​ជួប​អ្នក​ដែល​ធ្វើឲ្យ​រូបយើង​មាន​កើត​នូវ​ស្នាម​អ្វី​ជា​ស្នាមញញឹម​ម្តង​ទៀត​» ​ជាមួយ​នឹង​ការ​ស្លៀក​ឈុត​រ៉ូប​កូនក្រមុំ​ពណ៌​ស ដៃ​កាន់​កម្រងផ្កា​ក៏​ពណ៌​ស បាន​បង្កើត​ការងឿង​ឆ្ងល់​ពី​សំណាក់​អ្នក​លេង​បណ្តាញ​នៃ​អ៊ីនស្តាក្រាម​តែ​ម្តង​៕