ភ្នំពេញៈ អតីត​តារាចម្រៀង​ជ្រក​នៅ​ទ្រនំ​ភ្លេង​រីខត ដែល​បាន​ជំពប់​រឿងអាស្រូវ​ស្នេហា ដោយសារ​តែ​អតីត​មិត្ត​ប្រុស​លួច​ទម្លាយ​រូបអាក្រាត​កញ្ញា វ៉ាន់ នីឡា បង្ហើរ​សារ​ជា​តម្រុយ​ប្រាប់​បំណង​ចង់​វិលត្រឡប់​មករក​ឆ្នាំងបាយ​ចាស់​លើ​វិថី​សិល្បៈ​វិញ​សាជាថ្មី​ម្តងទៀត​នា​ដើមឆ្នាំ ២០២០ ខណៈ​មហាជន​គឺ​នៅ​ចាំបាន​ថា តារាចម្រៀង​ស្រី​រូបនេះ​ធ្លាប់​ព្រលយ​បង្ក​ការភ្ញាក់ផ្អើល​ដូច្នេះ​ដែរ​កាលពី​ឆ្នាំមុន​នោះ​។

តារាចម្រៀង​ស្រី​មាន​ឈ្មោះ​ពិត សុខ ចិន្តា ហៅ វ៉ាន់ នីឡា បង្ហោះ​សារ​ស្តែង​ពី​អារម្មណ៍​ខ្លួន​ពី​រឿង​ក្នុង​ចិត្ត​តាម​បណ្តាញ​អ៊ីនស្តាក្រាម​ថា​៖ «​អ្នក​ទាំងអស់​គ្នា​ប្រហែល​ជា​មិនដឹង​ទេ​ថា ការ​ច្រៀង​គឺជា​ចំណែក​មួយ​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ពិតជា​ចង់​ស្រោចស្រង់​ក្តីស្រមៃ​របស់ខ្ញុំ​មួយ​នេះ​ត្រឡប់​មកវិញ ហើយ​ប្រសិនជា​ខ្ញុំ មាន​ឱកាស​ត្រឡប់​រក​អាជីព​របស់ខ្ញុំ​ម្តង​ទៀត ខ្ញុំ​នឹង​ខំប្រឹងប្រែង​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​»​។

រំពេច​នោះ​ប្រិយមិត្ត​គាំទ្រ​របស់​នាង​តប​សារ​​ថា​៖ «​ចង់​ស្តាប់​បទថ្មី​របស់​បង សុំ​វិល​វិញ​មក​!​ខ្ញុំ​ពិតជា​នឹក​រំឭក​សំឡេង​ដ៏ស្រទន់​របស់​អ្នក​ណាស់​។ ខ្ញុំ​តែងតែ​ស្តាប់​ចម្រៀង​បង តើ​ពេលណា​បងវិល​មកវិញ​ទៅ​? មានពេល​ខ្លះ​ខ្ញុំ​មាន​អារម្មណ៍​ចង់​ជួប​បង​ផ្ទាល់​ទៀតផង និង​ឆ្ងល់​ថា ហេតុអ្វី​បាន​បង​មិន​វិល​មកវិញ​? ខ្ញុំ​ពិតជា​នឹក​សំឡេង​បង និង​មិន​ចង់​ស្តាប់​តែ​បទ​ចាស់​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​បង​ច្រៀង​បទ​ថ្មី​ចេញ​ជា​បន្តបន្ទាប់​»​។

ភ្លាមៗ​នោះ​ក៏មាន​អ្នក​ចូល Like និង Comment ចូល​ស្វាគមន៍​យ៉ាងច្រើន ខណៈ​អ្នកគាំទ្រ​ខ្លះ​ថា​៖ «​នឹក idol ណាស់​រាល់​ឆ្នាំ​ពេល​ចូលឆ្នាំ​ម្ដងៗ​តែង​រង់ចាំ​បទ​ថ្មី​បងស្រី វិល​ចូល​ច្រៀង​វិញ​មក​ចាប់ផ្ដើម​ពី ពេលនេះ វេលា​នេះ ឆ្នាំនេះ fan រង់ចាំ បងស្រី​ច្រើន​ណាស់ សង្ឃឹម​ថា​ឆ្នាំនេះ​នឹង​បាន​ស្ដាប់បទ​ចូលឆ្នាំ idol ចុះ​!» និង​អ្នកខ្លះ​ទៀតថា​៖ «​សួរ​បង​ជំនោរ​ឲ្យ​គាត់​ផលិត​បទ​ឲ្យ​សិន​! ចាំ​ជួយ​គាំទ្រ​ណា​! រង់ចាំ​មើល​បទថ្មី​ចម្រៀង​ថ្មី ធ្វើអ្វី​ដែល​ខ្លួនឯង​ស្រឡាញ់​ចូលចិត្ត​ទើប​ជាការ​ពិតប្រាកដ ស៊ូស៊ូ!​ពួកយើង​នៅតែ​រង់ចាំ​បង​ត្រទ្បប់​មកជា​តារាចម្រៀង​វិញ​ណា love you បង​!»​។

តែ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​មិនអាច​ទទួលបាន​ការបកស្រាយ​ផ្ទាល់​ពី​តារាចម្រៀង​ស្រី កញ្ញា វ៉ាន់នីឡា បានឡើយ​ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​របស់​កញ្ញា​ធ្លាប់​ទាក់ទង​នោះ​ពុំ​អាចទាក់ទង​បាន​នាពេលនេះ​។ ការចង់​មក​ច្រៀង​បំពេ​អារម្មណ៍​ប្រិយមិត្ត​តាម​បណ្តាញ​ហ្វេសប៊ុក​ក៏​ឃើញ​កញ្ញា វ៉ាន់ នីឡា ធ្លាប់​បង្ហើប​កាលពី​មុន​ដែរ​ថា​ចង់​ឡើង​ច្រៀង​លើ​ឆាក​វិញ ចង់​ចេញ​បទចម្រៀង​ថ្មី ចង់​ធ្វើ​អ្វីដែល​ខ្ញុំ​ធ្លាប់​ធ្វើ​កាលពី​មុន​។

កញ្ញា វ៉ាន់នីឡា ធ្លាប់​ព្រលយ​ថា​៖ «​ចាស​បង​!​ជា​ការពិត​គឺ​ខ្ញុំ​មានបំណង​ចង់​វិល​ទៅរក​វិស័យ​សិល្បៈ​ចម្រៀង​វិញ​មែន​!​កន្លងមក​ខ្ញុំ​ក៏​ពុំដែល​ប្រាប់ថា ខ្ញុំ​លាឈប់​ពី​វិស័យ​សិល្បៈ​នោះទេ​។ ដោយសារ​ថ្មីៗ​នេះ​ខ្ញុំ​តែងមាន​អារម្មណ៍​នឹកនា​ខ្លាំង​ទៅនឹង​សិល្បៈ​ចម្រៀង ហើយ​ពេល​នាង​ខ្ញុំ​និយាយ​រឿង​ពី​អារម្មណ៍​ពិត​ចេញមក​ក្រៅ​តាម​បណ្តាញ​សង្គម​ឃើញ​បងប្អូន​ប្រិយមិត្ត នៅតែ​គាំទ្រ​ច្រើន ទើប​សម្រេច​ចិត្តនឹង​ចូលប្រឡូក​វិញ​ឆាប់ៗ​នេះ​»៕