ភ្នំពេញ៖ ថ្មីៗ​នេះ​បង្កើត​ភាព​ភ្ញាក់​ផ្អើល​ពី​អ្នក​លេង​បណ្តាញ​សង្គម ស្រាប់​តែ​អតីត​តារា​ចម្រៀង​ទ្រនំ​ភ្លេងរីខត​ឈ្មោះ​ពិត សុខ ចិន្តា ហៅ វ៉ាន់ នីឡា បញ្ចេញ​សារ​ប្រតិកម្ម​ខ្លាំង ចំពោះ​អ្នក​ដែល​និយាយ​អុចអាល និង​សើរើ​ពី​រឿង​អតីតកាល​របស់​ខ្លួន។ ខណៈ​តារា​ស្រី​រូប​នេះ ក៏​ឆ្លៀត​បង្ហាញ​មុខ​មាត់​ម្ចាស់​ចិត្ត​ថ្មី​របស់​ខ្លួន​ផង​ដែរ ក្រៅ​ពី​សារ​តប​នឹង​អ្នក​ធ្វើ​ខ្លួន​ក្តៅ​ក្រហាយ​ចិត្ត។

អតីត​ជា​តារា​ចម្រៀង​ជ្រក​នៅ​ទ្រនំ​ភ្លេងរីខត ជា​បុត្រ​សម្ព័ន្ធ​ផលិតកម្ម​ហង្សមាស ដែល​ធ្លាប់​បាន​ជំពប់​រឿង​អាស្រូវ​ស្នេហា ដោយសារ​តែ​អតីត​មិត្ត​ប្រុស​លួច​ទម្លាយ​រូប​អាក្រាត​កញ្ញា វ៉ាន់ នីឡា ចេញសារ​ព្រលះ​អ្នក​សើរើ​រឿង​ចាស់​ខ្លួន​ថា៖ «ផ្ញើ​ជូន​មនុស្ស​មួយ​ចំនួន ខ្ញុំ​ដឹង​ខ្លួន​ថា ខ្ញុំ​មាន​អតីតកាល​មិន​ល្អ តែ​ខ្ញុំ​អត់​ដែល​ទៅ​ឆក់​ប្លន់​ធ្វើ​បាប​អ្នក​ណា ឬ​មាត់​ឆ្កែ​ដូច​ពួក​អ្នក​ដែល​ដៀល​ត្មះ​គេ​នោះ​ទេ មាន​ពេល​យក​ពេលវេលា​នេះ ទៅ​ឈឺឆ្អាល នឹង​ក្រពះ​ខ្លួន​ឯង​សិន ចាំ​មក​វិភាគ​ហែក​រឿង​របស់​គេ ហើយ​កុំ​ភ្លេច​ការពារ​កូន​ក្មួយ​ស្រី អស់​លោក​ឯង​ឱ្យ​បាន​ល្អ។ ដើរ​ឃ្វាល​គ្រប់​វិនាទី​ក្រែង​លោ​ចិត្ត​ទន់ ជឿ​សម្តី​គេ​ដូច​ខ្ញុំ បើ​សិន​កូន​ក្មួយ​ពួក​លោក​ឯង​ជួប​រឿង​ដូច​ខ្ញុំ ប្រហែល​មួយៗ​ទៅ​ចង​ក ហក់​ទឹក ងាប់​បាត់​អស់​ហើយ។ ខ្ញុំ​អត់​ចង់​ជេរ​លើស​ហ្នឹង​ទេ ព្រោះ​មួយ​ចំនួន fake profile ទោះ​ជេរ​វា ក៏​វា​មិន​ចេះ​ឈឺ​ដែរ លុះត្រា​តែ​រឿង​នេះ​កើត​ឡើង​លើ​គ្រួសារ​ពួក​គាត់»។

យ៉ាងណា​គេ​ក៏​ឃើញ​មាន​អ្នក​បណ្តាញ​សង្គម​ជាច្រើន និង​ជា​មិត្ត​គាំទ្រ​កញ្ញា វ៉ាន់ នីឡា បញ្ចេញ​យោបល់​លួង​ចិត្ត​កញ្ញា​ឱ្យ​ស្ងប់​ដែរ​ថា៖ «កុំ​តបត​នឹង​ពួក​មនុស្ស​ទាំង​នោះ​អី​ សំខាន់​បច្ចុប្បន្ន និង​អនាគត អតីតកាល​គ្រាន់តែ​ជា​ពេលវេលា​ដែល​ឱ្យ​យើង​ឆ្លង​កាត់ និង​សិក្សា​ពី​វា​ទេ។ គេ​និយាយ​អាក្រក់​ពី​យើង​ព្រោះ​ចង់​ឱ្យ​យើង​ខឹង នៅ​ពេលណា​យើង​ខឹង​បំណង​គេ​បាន​សម្រេច ធ្វើ​ឱ្យ​គេ​សប្បាយ​ចិត្ត ប្អូន​ត្រូវ​គិត​ថា គេ​នោះ​ជា​អ្នក​ណា ហេតុអ្វី​មាន​ឥទ្ធិពល​ខ្លាំង​ម្ល៉េះ អាច​ធ្វើ​ឱ្យ​យើង​ខឹង ឈឺ​ចាប់​បាន​ជឿ​បង​ចុះ​ជីវិត​ជា​របស់​យើង​កុំ​ឱ្យ​អ្នក​ណា​ម្នាក់​មក​បញ្ជា​ឱ្យ​យើង​សប្បាយ ឫ​កើត​ទុក្ខ​បាន​ឱ្យ​សោះ សម្ដី​ណា​អវិជ្ជមាន​កុំ​យក​ត្រចៀក​ស្ដាប់»។

កញ្ញា វ៉ាន់ នីឡា ក៏​ឆ្លៀត​បង្ហើរ​សារ​អម​ដោយ​រូប​សិ្នទ្ធស្នាល​នឹង​បុរស​ម្នាក់ ដែល​ទំនង​ជា​ម្ចាស់​ចិត្ត​ថ្មី​នោះ​ថា៖ «អរគុណ​ខ្លាំង​ណាស់​ម្ចាស់​ចិត្ត សម្រាប់​ពេល​មួយ​រយៈ​នៅ​ជាមួយ​អូន! អូន​ស្រឡាញ់​បង​គ្មាន​លក្ខខណ្ឌ​ឡើយ»៕