ភ្នំពេញ៖​ ដោយសារ​​ឃើញ​​បទពិសោធ​គូស្នេហ៍​ជិត​ចូល​រោង​ការ​ជា​ច្រើន​​បាន​លុបចោល​ ឬ​​​​​ពន្យារពេល​​​​ថ្ងៃ​​​​ពិសេស​របស់​ខ្លួន​ក្រោម​រូបភាព​ព្រួយ​​​បារម្ភ​ខ្លាច​​គ្មាន​ភ្ញៀវ​ចូលរួម ព្រោះ​ឥទ្ធិពល​​រាត​ត្បាត​​ពេញ​សកល​​លោក​​ជំងឺ​កូវីដ ​១៩ ក៏​ជំរុញ​​ឲ្យ​​តារា​កំប្លែង​ស្រី​កញ្ញា វ៉ាន់ នីឡា​ ប្រចាំ​ទូរទស្សន៍ ​CTN នោះ​ ក៏​​បាន​ពន្យារពេល​​​ពិធី​មង្គល​​ការ​របស់​​ខ្លួន​ពី​ចម្ងាយ​ផង​ដែរ។​

តារា​កំប្លែង​ស្រី​សម្តី​ញ៉ែតៗ​មាន​ទេពកោសល្យ​ខ្ពស់​​​ពី​ក្មេង​មាន​វ័យ​ម្ភៃ​ឆ្នាំ​ប៉ឹមៗ​ កញ្ញា វ៉ាន់ នីឡា ដែល​​​​ជា​កូនស្រី​សំណព្វ​​ចិត្ត​លោក តា វ៉ិចទ័រ ជា​អ្នក​​ដឹក​នាំ​កម្មវិធី​កម្សាន្ត​​​​​នៅ​​ក្រុមហ៊ុន​ CBS បាន​បញ្ជាក់​ប្រាប់​កាល​​ពី​ថ្មីៗ​​នេះ​ថា ​គម្រោង​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​នៅ​​​​​អំឡុង​ខែ​ឧសភា ​​នេះ នឹង​ត្រូវ​លើក​​​ពេល​​​ទៅ​​ខែ​វិច្ឆិកា ឆ្នាំ ២០២០​ វិញ ដោយសារ​តែ​​​​ក្តី​​​​បារម្ភ​ដូច​គ្នា​ ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ ១៩​​។

តារា​​កំប្លែង​ស្រី​វ័យ ២០ ឆ្នាំ រូប​នេះ​​បង្ហើប​​​​ពី​មូលហេតុ​ពន្យារពេល​​​​ពិធី​មង្គល​​ការ​នេះ​ថា៖ «​ចំពោះ​មូលហេតុ​​​​ដែល​​នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​​សម្រេច​​លើក​ពេល​ ដោយសារ​តែ​មាន​ហេតុផល​ចំនួន ២ ចំណុច​​គឺ​មក​ពី​រវល់​ការងារ​ច្រើន​មិន​អាច​ដក​ឃ្លា​​បាន និង​បញ្ហា​​​ជំងឺ​កូវីដ ១៩​ ដែល​កំពុង​តែ​កើត​មាន​​​​នៅ​ប្រទេស​​​យើង​ផង​ដែរ​ ហើយ​​​ការ​លើក​​ពេល​​​​មង្គលការ​នេះ មិន​​​ប៉ះពាល់​លើ​ចំណង​​ស្នេហ៍​​​​របស់​​​ពួក​យើង​​ទេ ​ព្រោះ​​​​​ក្រុម​​គ្រួសារ​បាន​​ឯកភាព​គ្នា​រួច​ហើយ ខណៈ​ភ្ញៀវ​ក៏​​មិន​​​ទាន់​​អញ្ជើញ​ដែរ​។

ចំណែក​​ឯ​ទីកន្លែង​​​ដែល​គ្រោង​​រៀបចំ​មង្គលការ​​ ក៏​កំពុង​សម្រុះ​សម្រួល​​​គ្នា​ដែរ​។​

បើ​តាម​គម្រោង​នោះ​ តារា​កំប្លែង​​​វ័យ​ក្មេង​កញ្ញា វ៉ាន់ នីឡា នឹង​ត្រូវ​ចូល​រោង​ការ​ទៅ​តាម​ប្រពៃណី​ខ្មែរ​​ជាមួយ​នឹង​​គូស្នេហ៍​របស់​នាង ដែល​​​ជា​កូន​ប្រុស​របស់​​អតីត​​​ឯកអគ្គ​រដ្ឋទូត​ខ្មែរ​​ប្រចាំ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​​ នៅ​​​​​ក្នុង​​​ខែ​ឧសភា ឆ្នាំ ​២០២០​ ខាង​​មុខ​​​នេះ ប៉ុន្តែ​ថ្មីៗ​​នេះ កញ្ញា​បាន​ឲ្យ​ដឹង​ថា នាង​នឹង​ពន្យារពេល​រៀបការ​រហូត​ទៅ​ដល់​ចុង​​​​ឆ្នាំ​វិញ ​គឺ​អាច​នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​។ ​

តារា​កំប្លែង​ស្រី​វ័យ​ក្មេង​មាន​សម្តី​ញ៉ែតៗ​មិន​សូវ​​ជា​ចាញ់​តារា​កំប្លែង​រៀម​ច្បង​រួម​ក្រុម​ប្រចាំ​ទូរទស្សន៍ CTN & CNC ជា​កូន​ស្រី​​សំណព្វ​ចិត្ត​លោក សុវណ្ណ ឫទ្ធី ហៅ ​តាវ៉ិចទ័រ កញ្ញា នីឡា ​មាន​ទំនាក់ទំនង​ស្នេហា​​ជាមួយ​នឹង​គូស្នេហ៍​ថ្មី​អស់​​រយៈពេល​ជាង​ ២ ឆ្នាំ​មក​​ហើយ​​ ទើប​បាន​កំណត់​រក​ពេល​វេលា ​ដើម្បី​រៀបការ​នៅ​ឆ្នាំ ​២០២០ ​នេះ​​។​

ជាក់​ស្តែង​នា​ពេល​ថ្មីៗ​នេះ​ ក៏​មាន​ករណី​​​លើក​ពេល​វេលា​មង្គលការ​របស់​តារា​​ចម្រៀង​​​ប្រុស ​១ ​​​រូប​ផង​ដែរ​គឺ​លោក ហ៊ុន បរិញ្ញា ដែល​​​​នឹង​ត្រូវ​ចូល​រោង​​​​​ជ័យ​​​​របស់​ខ្លួន​នៅ​​​ថ្ងៃទី ​២៨​ ខែ ​​​មីនា​ ឆ្នាំ ​២០២០ ​ខាង​មុខ ​​តែ​លោក​ក៏​​​​បាន​រំសាយ​​​ពិធី​មង្គល​នេះ ដោយ​លើក​ពេល​ទៅ​រៀបចំ​​ថ្ងៃ​​​ក្រោយ​​ផង​ដែរ​​ ដោយសារ​​​​កង្វល់​រឿង​​ជំងឺ​កូវីដ ​១៩ ដែល​កំពុង​តែ​យាយី​នេះ៕​