ភ្នំពេញៈ នាពេលថ្មីៗនេះ ទោះបីជា​តារា​ប្រុស​ស្រី​មួយចំនួន​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដោយ​ឃើញ​មាន​អ្នក​ខ្លះ​ក៏​រង​ព្រនង់​នៃ​ការ​ព្រមាន​ផ្អាក​អាជីព​សិល្បៈ​មួយរយៈ​ទៅ​ហើយ​ក្តី តែ​តារា​សម្តែង​ស្រី​រាង​ស្ល៊ីម កញ្ញា វ៉ាន់ វល័ក្ខ ហាក់​នៅ​បន្ត​បង្ហាញ​ពី​គោល​ជំហរ​ខ្លួន​ហ៊ាន​ថត​ឈុត​សិច​ស៊ី និង​កុន​ស៊ី​អារម្មណ៍​ដដែល​ទៅ​តាម​តម្រូវ​ការ​ចង់​បាន​របស់​ផលិតកម្ម​នានា​មិន​រារែក​នោះ​ឡើយ។

នេះ​បើតាម​តារា​សម្តែង​ស្រី​ស្រស់​ជា​បុប្ផា​មក-ពី​ក្រុង​ស្ទឹងសែន ​នៃ​ខេត្តកំពង់ធំ វ៉ាន់ វល័ក្ខ ដែល​អាជីព​សិល្បៈ​កំពុង​តែ​ដំណើរ​ការ​ឈាន​ទៅ​មុខ​ដោយ​ជោគជ័យ​ក្នុង​ការ​ថត​កុន​ទាំង​ដុំ និង​កុន​ភាគ​ជាប់​រដឹក សឹង​តែ​គ្មាន​ពេល​ទំនេរ ឲ្យ​ដឹង​ពី​គេ​ឧស្សាហ៍​ឃើញ​នាង​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​បន្ត​បន្ទាប់ រហូត​ដល់​មាន​មហាជន​គាំទ្រ​ខ្លះ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ ខ្លាច​នាង​ត្រូវ​ក្រសួង​វប្បធម៌ អាច​នឹង​ចេញ​លិខិត​ព្រមាន​ផ្អាក​ការងារ​សិល្បៈ ១ ឆ្នាំ ដូច​ទៅ​នឹង​តារា​ស្រី​សិច​ស៊ី ២ ដួង​គឺ​កញ្ញា ដេននី ក្វាន់ និង កញ្ញា សេង សូណា នោះ។

តារា​ស្រី​ដែល​ទើប​មានឱកាស​លើកដំបូង​ក្លាយជា​តួឯក តាមរយៈ​ការថត​កុន​ភាគ​រឿង «កូន​ក្រមុំ​លោក​មេភូមិ» គឺជា​ការ​បំបែក​កំណត់​ត្រា​នៃ​តំណែង​សម្តែង​ភាពយន្ដ​ត្រឹម​តែ​តួរង​ដែល​ដើរ​លើ​វិថី​សិល្បៈ​ជិត​កន្លះ​ទសវត្សរ៍ និង​ជះ​លុយ​កែ​ដើម​ទ្រូង​ឲ្យ​កាន់​តែ​សិច​ស៊ី​ខ្លាំង​នោះ កញ្ញា វ៉ាន់ វល័ក្ខ បង្ហើប​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា៖ «សម្រាប់​រូប​នាង​ខ្ញុំ ដូចជា​មិន​មាន​អ្វី​ប្រែ​ប្រួល​ឡើយ​ចំពោះ​ការ​ថត​កុន​ដែល​មាន​ឈុត​សិច​ស៊ី ឬ​ស៊ី​អារម្មណ៍-ស្រើប​ស្រាល​ជាមួយ​នឹង​តួ​ប្រុស​ទៅ​តាម​ការ​ចង់​បាន​ពី​ផលិតករ​ដដែល​ឲ្យ​តែ​ខាង​ផលិតកម្ម​នោះ គាត់​ទទួល​បាន​ការ​អនុញ្ញាត​សិទ្ធិ​ឲ្យ​ថត​ពី​ខាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រួច​ជា​ស្រេច​នោះ»។

កញ្ញា វ៉ាន់ វ​ល័​ក្ខ តារា​សម្តែង​ស្រី​ដែលទើបតែ​ទិញ​រថយន្ត​ទំនើប​ថ្មី​ម៉ាក​ឡង់​គ្រីស័រ ដែល​មាន​តម្លៃ​មិន​ក្រោម ១០ ម៉ឺន​ដុល្លារ​នោះ​បន្ត​ទៀត​ថា៖ «នាង​ខ្ញុំ​នឹង​មិន​រារែក​ឡើយ​ចំពោះ​ការ​ថត​ឈុត​សិច​ស៊ី និង​ស្រើប​ស្រាល​ស៊ី​អារម្មណ៍​ទាំង​ឡាយ ប្រសិន​បើ​មាន​ការ​យល់​ស្រប​គ្នា​រវាង​ផលិតកម្ម​និង​ក្រសួង​វប្បធម៌​ព្រោះ​ថា ការ​ថត​បែប​នេះ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​តាំង​ពី ដំបូង ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​មក​ហើយ​ចំពោះ​ការ​ផូស្ត​រូប​សិច​ស៊ី​តាម​ហ្វេសប៊ុក​នា​ពេល​មួយរយៈ​ចុង​ក្រោយ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​ផង​ដែរ​ទេ សម្រាប់​អារម្មណ៍​របស់​នាង​ខ្ញុំ​ផ្ទាល់​នោះ»។

ខណៈ​មួយ​រយៈពេល​ចុងក្រោយនេះ គេ​ក៏​ឧស្សាហ៍​ឃើញ តារា​ស្រី​ស្រស់​រាង​ស្រ​លូន និយម​ការ​សម្តែង​សិច​ស៊ី និង​ស៊ី​អារម្មណ៍​ជាមួយ​តួ​ប្រុស​ក្នុង​ភាពយន្ត​កញ្ញា វ៉ាន់ វល័ក្ខ បង្ហើរ​សារ​ហាក់​កំពុង​តែ​មាន​រឿង​បែប​រកាំរ​កូស​ក្នុង​ចិត្ត​នឹង​គូ​ស្នេហ៍​ខ្លួន​នៅ​ក្រៅ​ឆាក​កុន​ផងដែរ។

តែ​កញ្ញា វ៉ាន់ វល័ក្ខ បាន​ព្រលយ​ថា៖ «មិន​មែន​ជា​រឿង​ធំ​ដុំ​អី​នោះ​ទេ គ្រាន់​តែ​ជា​រឿង​តូច​តាច​ធម្មតា។ ពី​មុន​មាន​អ្នក​ស្រឡាញ់​មែន តែ​ឥឡូវ​នេះ គ្មាន​ទេ​គឺ​នៅ​ទំនេរ​ឲ្យ​ម្នាក់​ឯង​គត់​តែ​ម្តង»៕