ភ្នំពេញៈ សូម្បីតែ​កញ្ញា វ៉ាន់ វ​ល័​ក្ខ ដែលជា​តួ​សម្តែង​ស្រី​ក្នុង MV បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «ស្រី​មុខ​លុយ» របស់​ផលិតកម្ម​សាស្តា (Sasda Production) នោះ ក៏មាន​ការ​ងឿង​ឆ្ងល់​ដោយ​ភ្ញាក់ផ្អើល​ផង​ដែរ នា​ពេល​បាន​ឃើញ​ការ​ផ្សព្វផ្សាយ​ផ្អើល​ពេញ​តាម​បណ្តាញ​សង្គម​ដោយ​ចោទ​ប្រកាន់​ថា ការ​សម្តែង​របស់​នាង​មាន​ភាព​សិច​ស៊ី និង​មាន​ឈុត​ស្រើប​ស្រាល បែប​ហួស​ប្រមាណ។

ជាមួយនឹង​បណ្តុំ​រូបថត​បែប​សិច​ស៊ី និង​ឈុត​មនោសញ្ចេតនា​ស៊ី​អារម្មណ៍​ខ្លាំង ប្រកប​ដោយ​ភាព​ស្រើប​ស្រាល​របស់​គូស្នេហ៍​នៅ​លើ​គ្រែ និង​ក្នុង​បន្ទប់​ទឹក តារា​ស្រី​ដែល​រមែង​លែង​ខ្លួន​សិចស៊ី មាន​កំណើត​ពី​ទឹកដី​ក្រុង​ស្ទឹងសែន​កញ្ញា វ៉ាន់ វល័ក្ខ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​សម្តី​បដិសេធ​ទាំង​ស្រុង​ថា៖ «ជាការ​ពិត​នោះ ឈុត​ថត​ស្រើប​ស្រាល​មាន​សម្លៀក​បំពាក់​ពណ៌​ខ្មៅ និង​ឈុត​នៅ​ក្នុង​បន្ទ​ប់ទឹក​នោះ មិន​មែន​ជា​ការ​ថត​នៅក្នុង MV នៃ​បទ «ស្រី​មុខលុយ» ដែល​នាង​ខ្ញុំ​បាន​ថត​នោះ​ឡើយ។ ប្រសិន​បើ​នាង​ខ្ញុំ​មាន​ថត​ឈុត​សិច​ស៊ី​ខ្លាំង ឬ​ស្រើប​ស្រាល​ខ្លាំង ដូច​ជា​គេ​ចោទ​នោះ​មែន ក៏​ខ្ញុំ​ទទួល​ស្គាល់​ដែរ តែ​នេះ​អត់​មាន​សោះ។ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ថា មិន​ដឹង​គេ​យក​រូប​ទាំង​នោះ​មក​ពី​ណា​ទេ កូរ​នៅ​បទ​របស់​នាង​ខ្ញុំ​សម្តែង​ទៅ​វិញ»។

កញ្ញា វ៉ាន់ វ​ល័​ក្ខ តារាស្រី​ដែល​ទើបតែ​ប្រកាស​ចំណាយ​ប្រាក់​ខ្ទង់​ជាង ១០ ម៉ឺន​ដុល្លារ ដើម្បី​ទិញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់គ្រីស័រ​នោះ​បាន​បន្ត​ថា៖ «បើ MV បទ​ដែល​ខ្ញុំ​ថត មាន​ឈុត​ទាំង​នោះ​មែន ហើយ​ត្រូវ​ក្រសួង​កោះ​ហៅ​សួរ​មែន​ខ្ញុំ​នឹង​តវ៉ា​ឲ្យ​ដឹង​គ្នា​ផង​ដែរ​ជាមួយ​ផលិតកម្ម»។

ឮថា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ត្រៀម​កោះហៅ​ទាំង អ្នកដឹកនាំ និង​តារា​សម្ដែង ដែល​ថត​នៅ​ក្នុង​វីដេអូ​បទ «ស្រី​មុខ​លុយ» ដែល​បកស្រាយ​ដោយ​តារា​ចម្រៀង​ប្រុស ឈិន ធារ៉ាដេត យក​មក​ដុស​ក្អែល បន្ទាប់​ពី​គេ​បាន​ឃើញ​វីដេអូ​នេះ ត្រូវ​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​មហាជន​នៅ​តាម​បណ្ដាញ​សង្គម​មក​នោះ។

លោក អ៊ុក រតនា ជា​អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​សាស្តា ក៏​បង្ហើប​ពី​រឿង​បទ «ស្រី​មុខលុយ» រង​ការ​រិះគន់​នោះ​ដែរ​ថា៖ «តាម​ពិត​ទៅ​យើង​បាន​ទៅ​បំភ្លឺ​ជាមួយ​នឹង​ក្រសួង​កាល​ពី​សប្តាហ៍​មុន និង​ធ្វើ​កិច្ចសន្យា​ព្រមទាំង​ចេញ​សេចក្តី​ប្រកាស​សុំទោស​ផង​ដែរ​ពី​ភាព​ខុស​ឆ្គង។ យើង​ក៏បាន​សម្រួល​នូវ​ឈុត​ឆាក​ណា​មិន​សមរម្យ​ដែល​កើត​មាន​សម្រាប់​ផលិតកម្ម​យើង។ តែ​ក៏​មាន​រឿង​ខ្លះ ត្រូវ​បាន​គេ​យក​រូប​ផ្សេងៗ​មក Troll នៅ​ក្នុង​បទ​ចម្រៀង​យើង ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ខាង​តារា​សម្តែង​ស្រី​ទៀត​ផង»។

គួរ​កត់សម្គាល់ថា ហេតុ​នាំ​ឲ្យ​ចម្រូងចម្រាស​គ្នា​នៃ​ភាព​សិច​ស៊ី និង​ឈុត​ស្រើបស្រាល​ក្នុង​វីដេអូ​ឃ្លីប និង​រូបភាព​នោះ មាន​ពាក់​ព័ន្ធ​នឹង​ប្រភព​បទ​ចម្រៀង ២ នៅ​ក្នុង​ផលិតកម្ម ២ ខុស​គ្នា។ បើ​តាម​ការ​ពិនិត្យ​មើល បទ «ស្រី​មុខ​លុយ» នៅ​ផលិតកម្ម​សាស្តា មិន​មាន​ឈុត​ស្រើប​ស្រាល​ខ្លាំង​ឡើយ ខណៈ​ដែល​ឈុត​ទាំង​នោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​បទ «ក្បត់ក៏បានមិនក្បត់ក៏បាន» នៃផលិតកម្ម​សាស្តាដូចគ្នា​ ដែល​ច្រៀង​ដោយ​តារា​ចម្រៀង​ស្រី​កញ្ញា អេនណា​ ទៅ​វិញ៕