ភ្នំពេញ: តារាសម្តែង កញ្ញា វ៉ាន់ វល័ក្ខ មួយរយៈនេះ ហាក់គ្រវែងចោល កាយវិការលែងកាយចំណាយសម្ផស្សសិចស៊ីស្ទើរអស់កេរ្តិ៍ស្ត្រីនោះ នាងបានបង្ហើបប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា ៖«មួយរយៈនេះ ខ្ញុំមិនមានអារម្មណ៍សប្បាយចិត្ត ហើយពេលខ្លះក៏ស្ទើរនឹងក្លាយជាមនុស្សបាត់បង់វិញ្ញាណផងក៏មាន»។
ការដែលតារាស្រី រមែងលែងខ្លួនសិចស៊ី មានកំណើតពីទឹកដីខេត្តកំពង់ធំ កញ្ញា វ៉ាន់ វល័ក្ខ ទម្លាយអារម្មណ៍ហ្មងសៅនៅក្នុងចិត្តប្រាប់មក ភ្នំពេញ ប៉ុស្តិ៍ នេះ មុននោះរូបភាពនាងត្រូវព្រះសង្ឃស្រោចទឹក ក៏បានធ្វើឲ្យផ្ទុះការជជែកគ្នា ពីចង្កោមអ្នកសិល្បៈយ៉ាងកក្រើក ខណៈសម្តីចេញពីអ្នករួមអាជីពក៏បាននិយាយថា៖ «មួយរយៈនេះ អាល័ក្ខ នាងដូចជាមិនសូវជាសប្បាយចិត្តមែន ហើយរូបថតនាងទៅឲ្យព្រះសង្ឃស្រោចទឹកនេះ ទំនងនាងមានគ្រោះភ័យអីមួយហើយ បានជានាងរកលោករំដោះគ្រោះស៊យ»។
តែយ៉ាងណាការជជែក ពីហ្វូងអ្នករួមអាជីពនោះ ក៏មិនបានទម្លាយដែរថា តារាស្រីស្រស់រមែងលែងសម្ផស្សដើមទ្រូងសិចស៊ី កញ្ញា វ៉ាន់ វល័ក្ខ នាងកំពុងពិបាកចិត្តរឿងអ្វី ហើយរឿងអ្វីបានជារុញច្រានឲ្យភាពស្រស់ស្រាយរបស់បុប្ផាមកពីក្រុងស្ទឹងសែនរូបនេះ ចាំបាច់រត់រកព្រះសង្ឃរំដោះគ្រោះ។
ប៉ុន្តែយ៉ាងណា នាង វ៉ាន់ វល័ក្ខ មិនបានបង្ហាញពីមូលហេតុច្បាស់លាស់ពីដំណើររត់រកព្រះសង្ឃរំដោះគ្រោះនោះឡើយ ដោយនាងគ្រាន់តែប្រាប់តាមសារអេឡិចត្រូនិកមកភ្នំពេញ ប៉ុស្តិ៍ ថា៖ «មានរឿងខ្លះដែលមិនអាចនិយាយបាន តែរឿងនោះ ពេលខ្លះសឹងតែគិតថា គិតខ្លីតែម្តង»។
ស្ថិតក្នុងអាការដូចជាទន់ខ្សោយសុខភាព ខណៈសម្ដីឆ្លើយឆ្លងមកក៏មានសំឡេងខ្សាវៗ តារាស្រីធ្លាប់ញ៉ាំងវិថីសិល្បៈឲ្យកក្រើកដោយភាពក្លាហានថតរូប លែងប្រាណ កាច់រាងអែនអនលើគ្រែ កញ្ញា វ៉ាន់ វល័ក្ខ ក៏បានប្រាប់ថា៖ «ពេលនេះសុខភាពខ្ញុំ ពិតជាខ្សោយណាស់ ព្រោះមួយរយៈនេះពិបាកចិត្តខ្លាំង ដូចដែលខ្ញុំបានប្រាប់បងមុនអ៊ីចឹងថា ខ្ញុំស្ទើរនឹងគិតខ្លី រកវិធីប្រល័យជីវិត ដោយភាពមោហ៍បាំងជញ្ជាំងបិទមួយគ្រា តែពេលនេះ ដ្បិតសុខភាពនៅខ្សោយ តែក្រោយពីបានទៅឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះរួចមក ដូចជាស្រឡះមុខ ស្រឡះមុខ មាត់បន្តិចហើយ»។
បើទោះជាមានការត្អូញត្អែរពីការខ្វល់ខ្វាយក្នុងចិត្ត ដល់ថ្នាក់ចង់គិតខ្លី ក្នុងស្ថានភាពសុខភាពចុះខ្សោយនេះក្តី តែធីតា លែងកាយសិចស៊ីមកពីក្រុងស្ទឹងសែន រីករាយសម្ផស្សនៅលើវិថីសិល្បៈរូបនេះ នៅអះអាងថា៖ «យ៉ាងណា ខ្ញុំនៅតែបន្តការងារសិល្បៈរលូនធម្មតាទេបង។ រឿងពិបាកចិត្តជារឿងក្នុងខ្លួន តែសម្រាប់ការងាររកចំណូល ទទួលទាននោះនៅតែបន្តដោយធម្មតា»។
តារាសម្តែង កញ្ញា វ៉ាន់ វល័ក្ខ ក៏បានបញ្ជាក់ថា៖ «ក្រោយបានស្រោចទឹក រំដោះគ្រោះបានស្តាប់ធម៌ស្ដាប់ចាស់ទុំ ហើយ និយាយពីការរំងាប់ចិត្តអីហ្នឹងទៅអារម្មណ៍ខ្ញុំធូរស្បើយច្រើន»។
តារាសិចស៊ីរូបនេះក៏បានបញ្ជាក់ទៀតថា៖«ហើយអារម្មណ៍មោហ៍បាំងជញ្ជាំងបិទមុននេះ ដែលចង់គិតខ្លីក៏រសាយដែរ»៕