ក្រុង​ប៉េកាំង៖ យុវវ័យ​​ចិន រ៉ូប៊ីន បាន​ចំណាយ​ពេល​ជា​ច្រើន​លើ​អនឡាញ​ដោយ​ជជែក​ជាមួយ​សង្សារ​របស់​នាង​ ដែល​តែងតែ​មាន​ឆន្ទៈ​ចង់​ស្ដាប់​បញ្ហា​របស់​នាង​ជានិច្ច​ ដរាប​ណា​នាង​នៅ​តែ​បន្ដ​បង់​ប្រាក់​ជាវ​សេវា​សង្សារ​និម្មិត។

និស្សិត​ត្រៀម​រៀន​​ផ្នែក​វេជ្ជសាស្ដ្រ​អាយុ ១៩ ឆ្នាំ​ បាន​ចំណាយ​ប្រាក់​ជាង ១ ០០០ យន់ (១៥០ ដុល្លារ​) និយាយ​ជាមួយ​ «​មិត្ដ​ប្រុស​និម្មិត​»។ អត់​មាន​ការ​ជជែក​អំពី​ផ្លូវ​ភេទ​នោះ​ទេ តែ​បុរសៗ​ដែល​គិត​ថ្លៃ​លើ​មិត្ដភាព​ និង​ទំនាក់​ទំនង​ផ្អែមល្ហែម ចាប់​ពី​ការ​ខល​ដាស់​ពេល​ព្រឹក រហូត​ដល់​ផ្ដោះផ្ដង​សារ​ឆ្លើយ​ឆ្លង​ និង​​សន្ទនា​ជា​វីដេអូ​។

កញ្ញា រ៉ូប៊ីន ដែល​មិន​ចង់​ប្រាប់​ឈ្មោះ​​ពិត បាន​និយាយ​ថា​៖ «​បើ​នរណា​ម្នាក់​មាន​បំណង​ចង់​រាប់​អាន​ខ្ញុំ​ និង​ជជែក​លេង​ជាមួយ​ខ្ញុំ ខ្ញុំ​នឹង​ហ៊ាន​ចំណាយ​ប្រាក់​។ បើ​ខ្ញុំ​ស្ដ្រេស​ខ្លាំង តែ​ដោយសារ​ខ្ញុំ​ផ្ដល់​ប្រាក់​ឲ្យ​ (សង្សារ​​និម្មិត​) ពួក​គេ​ត្រូវ​តែ​យល់​ពី​ខ្ញុំ​»។

ជម្រើស​សម្រាប់​មិត្ដភាព​ក៏​កំពុង​តែ​កើន​ឡើង​បាន​ផ្ដល់​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ចំណោម​យុវតី​ចំណូល​មធ្យម​ចិន ដែល​តែងតែ​ផ្ដោត​លើ​អាជីព​ការងារ​ដោយ​មិន​មាន​បំណង​ចង់​ រៀបការ​ និង​បង្កើត​គ្រួសារ​ឆាប់ៗ​។

បុរស​ធ្វើការនៅការិយាល័យពេលថ្ងៃ និង​ដើរតួជា​សង្សារនិម្មិត​ពេល​រាត្រី​។ រូបថត AFP

ហាង​លក់​មិត្ដភក្ដិ និង​ដៃគូ​​និម្មិត អាច​រក​បាន​នៅ​តាម​បណ្ដាញ​សង្គម​ចិន WeChat ឬវេបសាយ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ Taobao ជាដើម​។

នៅ​ពេល​ថ្ងៃ​ ហ្សួនស៊ុន ស៊ូ អាយុ ២២ ឆ្នាំ គឺ​ជា​ពាណិជ្ជករ​បរទេស​ម្នាក់​ក្នុង​ទីក្រុង​ប៉េកាំង​។​ ពេល​រាត្រី​ លោក​ជជែក​ជាមួយ​​នារី​ ដែល​ហ៊ាន​ចំណាយ​ប្រាក់​លើ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​​។

លោក​និយាយ​ថា​៖ «​ខណៈ​យើង​ទាក់ទង​គ្នា ខ្ញុំ​បាន​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​ពិត​ជា​សង្សារ​គាត់​ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ខ្លួន​យ៉ាង​ដូច​ម្ដេច​ចំពោះ​គាត់?។ ប៉ុន្ដែ​យើង​បញ្ចប់​កិច្ច​សន្យា ហើយ​ខ្ញុំ​លែង​គិត​អ្វី​ទៀត​ហើយ​»។

តម្លៃ​រាប់​អាន​មិត្ដ​និម្មិត ចាប់​ពី​ប៉ុន្មាន​យន់​​សម្រាប់​ការ​ផ្ញើ​សារ​ឆ្លើយ​ឆ្លង​រយៈពេល​កន្លះ​ម៉ោង រហូត​ដល់​រាប់​ពាន់​យន់ ​ដើម្បី​បន្ដ​រក្សា​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ពេញ ​១ ​ខែ​។

លោក ​គ្រីស ខេខេ តាន់ ជា​ជំនួយការ​សាស្ដ្រាចារ្យ​សាកលវិទ្យាល័យ​ណានជីង ដែល​បាន​ស្រាវជ្រាវ​លើ​ទំនោរ​នេះ បាន​និយាយ​ថា​៖ «​មនុស្ស​យើង​កាន់​តែ​ចេះ​លក់​ដូរ​​ទំនាក់ទំនង​​ដូច​ទំនិញ​អ៊ីចឹង​​»៕ AFP/HR