សៀមរាប: សណ្ឋាគារ​ទើប​បើក​ថ្មី Memoire Palace Resort & Spa រចនា​ប័ទ្ម​បែប​សម័យ​បារាំង បាន​ចាប់​យក​គោល​ការណ៍​សេវាកម្ម​គ្មាន​ប្លាស្ទិក​ក្នុង​វិស័យ​បដិសណ្ឋារ​កិច្ច​ក្នុង​ក្រុង​សៀមរាប និង​ប្រកាស​បើក​ពិព័រណ៍​ស្នាដៃ​សិល្បៈ​សហ​សម័យ​របស់​សិល្បករ​ក្នុងស្រុក​ស្ដី​ពី​បញ្ហា​បរិស្ថាន និង​ក្ដី​កង្វល់​នៃ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។

ផ្ដើម​ពី​សិល្បករ​ខ្មែរ​លោក ភើ សុ​ផុន នៅ​ថ្ងៃ​បើកសម្ពោធ បានបង្ហាញ​ស្នាដៃ​សិល្បៈ​ដំឡើង «Water Shed» ស្ដី​ពី​បរិស្ថាន ដែល​លោក​បាន​ប្រើ​ប្រាស់​ដប​ទឹក​បរិសុទ្ធ ៧០០០ ដប ច្នៃ​ជា​វត្ថុ​ក្នុង​ទម្រង់​ផ្សេងៗ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ចូល​រួម​ឲ្យ​គិតគូរ​ដល់​កង្វល់​នៃ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក។

ជា​សិល្បករ​ច្នៃ​ដប​ទឹក​សុទ្ធ​បង្ហាញ​ផលប៉ះពាល់​បរិស្ថាន​ដែល​ផ្ដើម​ពី​ការរចនា​ជា​អក្សរ «ភ្នំពេញ» រូប «ខួរក្បាល» «ចេតិយ» «មកុដ» «តំណក់​ទឹក» និង «ស្នូក​ខ្យង» ជាដើម លោក សុផុន ចង់​ឆ្លុះ​បញ្ចាំង​ពី​ការ​ដាំ​ដុះ​រីក​ការ​គិត និង​ការ​កែ​ច្នៃ​របស់​មនុស្ស។

សិល្បករ​រូបនេះ​បាន​ប្រាប់ថា៖ «រូបនីមួយៗ មុននឹង​ចេញ​ជា​រូបរាង​ខ្ញុំ​គិត​ណាស់ ខ្ញុំ​មាន​អំណះ​អំណាង​របស់​ខ្ញុំ។ ពេល​ខ្លះ​ខ្ញុំ​ឃើញ environment ជុំវិញ​អ្នក​បោះ​ចោល​សំរាម។ អ្នក​មាន​ធូរធារ​គាត់​រស់​នៅ​មិន​ខ្វាយ​ខ្វល់ ហើយ​អ្នក​ក្រីក្រ គាត់​រស់​នៅ​បែប​អ៊ី​ចេះ។ វា​ចាប់​ផ្ដើម​ឲ្យ​ខួរក្បាល​របស់​យើង​គិត​ថា តើ​គួរ​យក​អ្វី​មក​ធ្វើ​កើត?»។

អ្នកស្រី Marina Pok អគ្គនាយិកា​អង្គការ Anicca Foundation បាន​ប្រាប់​មូល​ហេតុ​ផ្ដួចផ្ដើម​ពិព័រណ៍ Water Shed នៅ Memoire Palace ថា៖ «សណ្ឋាគារ​នេះ មាន​យុទ្ធនាការ​មិន​ប្រើ​ប្លាស្ទិក។ គាត់​ពិត​ជា​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​បរិស្ថាន។ លោក សុផុន ជា​សិល្បករ វ័យ​ក្មេង​មក​ពី​ភ្នំពេញ។ គាត់​បារម្ភ​ពី​បញ្ហា​បរិស្ថាន»។

ក្រៅ​ពីមុខ​ជំនួញ​ក្នុង​វិស័យ​ប​ដិស​ណ្ឋា​រ​កិច្ច សណ្ឋាគារ​ដែល​រចនា បែប​សម័យ​បារាំង ទសវត្សរ៍​ទី ៤០ និង ៥០ នេះ​ក៏បាន​កាត់​បន្ថយ​ប្រើ​ប្រាស់​ប្លាស្ទិក​ក្នុង​ប្រតិបត្តិការ​ផង​ដែរ។

រូប​នីមួយៗ​នៃពិព័រណ៍​ Water Shed បង្កប់អត្ថន័យ​ស្ដីអំពីបរិស្ថាន​។ ហុង មិនា

លោក ងួន វែង​ឆាយ ជា​នាយក​គ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ Memoire Palace Resort & Spa បាន​និយាយ​ថា៖ «យើង​ចាប់​ផ្ដើម​ផលិត​ទឹក​ខ្លួន​ឯង។ យើង​ផលិត​ទុយោ​បឺត​ពី​ស្រទាប់​ដើម​ស្លឹក​គ្រៃ។ ផ្ដើម​ពី​គំនិត​នេះ យើង​ចង់​បង្កើត​ពិព័រណ៍​មួយ​ដែល​ជា​ការ អប់រំ​ផ្លូវការ​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​បាន​ស្វែង​យល់​ពី​កង្វក់​ចំពោះ​បរិស្ថាន»។

នាយក​គ្រប់គ្រង​ទូទៅ​រូបនេះ ទទួលស្គាល់​ថា៖ «ទោះ​យើង​មិន​ធ្វើបាន​ច្រើន តែ​យើង​អាច​កាត់​បន្ថយ​មួយ​ចំនួន​តូច។ អ្វី​ដែល​សំខាន់ យើង​ជួយ​អប់រំ​បុគ្គលិក​ឲ្យ​យល់​ដូចគ្នា ដើម្បី​ឲ្យ​គាត់​ត្រឡប់​ទៅផ្ទះ​វិញ គាត់​បន្ដ​ប្រាប់​មិត្ដភក្ដិ និង​ក្រុម​គ្រួសារ»។

គោលការណ៍​គ្មាន​ប្លា​ស្ទិ​កនៅ​ទីឋាន​បណ្ដុំ​មនុស្សម្នា​មកពី​គ្រប់​ច្រកល្ហក​នៃ​ពិភពលោក លោក វែង​ឆាយ សារភាព​ថា Memoire Palace ត្រូវ​ចំណាយ​ខ្ពស់​ជាង​ការ​ប្រើ​ប្លាស្ទិក ប៉ុន្ដែ​លោក​មិន​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បន្ទោស​ចាស់​ជំនាន់​នេះ ហើយ​លោក​ក៏​ចង់​ឲ្យ​ភូមិ​ស្រុក​មាន​បរិស្ថាន​ស្អាត។

លោក​បាន​ប្រាប់ថា៖ «២០ ឆ្នាំ ក្រោយ យើង​មិន​ចង់​ឲ្យ​កូនចៅ​យើង​សួរថា រឿងរ៉ាវ​កើត​ឡើង​នេះ​ដោយ​សារ​តែ​ជំនាន់​ប៉ាឯង ឬ​តា​ឯង​នោះ​ទេ។ ហេតុអ្វី​អ្នក​ទាំង​អស់​គ្នា​មិន​ធ្វើ? ហើយ​ហេតុ​អ្វី​ក៏​ចាំ​ដល់​ចៅៗ​ជា​អ្នក​ធ្វើ​បែប​នេះ? យើង​មិន​ចង់​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ស្ដី​បន្ទោស​យើង​នោះ​ទេ»។

ភ្លៀវ​ដែល​ចូលរួម​ក្នុងឱកាស​បើកសម្ពោធ​ពិព័រណ៍​បរិស្ថាន​នេះ បាន​ភ្លក្ស​អាហារ​សម្រន់ ដែល​ត្រូវ​បាន​ច្នៃ​ជា​រូប​រាង​វត្ថុ​ប្លាស្ទិក​ផ្សេងៗ​ផង​ដែរ។

ពិព័រណ៍ Water Shed ស្ថិតនៅ​សណ្ឋាគារ Memoire Palace Resort & Spa ស្ថិត​លើ​វិថី​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ នឹង​បន្ត​ដាក់​តាំង​រហូត​ដល់​ខែ​វិច្ឆិកា៕

វីដេអូ៖