ទីក្រុងហាណូយ៖ ម្នាក់ៗប្រហែលជាគិតថា «សណ្ឋាគារស្រោបមាសដំបូងបំផុតនៅក្នុងលោក» ប្រាកដជាបើកដំណើរការនៅអេមីរ៉ាតអារ៉ាប់រួម តែសណ្ឋាគារដ៏ឆ្អិនឆ្អៅនេះបែរជាស្ថិតក្នុងដែនដីវៀតណាមទៅវិញ ជាទីដែលសណ្ឋាគារប្រណីតនេះ Dolce by Wyndham Hanoi Golden Lake កម្ពស់ ២៥ ជាន់ ស្រោបមាសសុទ្ធទាំងក្នុង និងក្រៅ។
សណ្ឋាគារផ្កាយ ៥ ដែលជាសណ្ឋាគារស្រោបបន្ទះមាសដំបូង បានបើកសម្ពោធផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីសាងសង់អស់ពេល ១១ ឆ្នាំ។
មានបរិក្ខារសេរ៉ាមិកស្រោបមាស ៥ ០០០ ម៉ែត្រការ៉េ នៅបរិវេណខាងក្រៅអគារ។
ប៉ុន្ដែវាមិនត្រឹមតែមានការស្រោបមាសនៅលើជញ្ជាំងដែលជះពន្លឺចិញ្ចែងប៉ុណ្ណោះទេ ប៉ុន្ដែភ្ញៀវត្រូវបានស្វាគមន៍នៅក្នុងសាលរចនាស្រោបមាសទាំងអស់ ព្រមទាំងអាងទឹក គ្រឿងសង្ហារិម និងបរិក្ខាបន្ទប់ស្រោបមាសផងដែរ។
នៅថ្ងៃបើកសម្ពោធ ភ្ញៀវនាំគ្នាមកថតរូបនៅក្បែរអាងទឹក និងខាងក្នុងសាលទទួលភ្ញៀវ ដោយមើលឃើញបុគ្គលគ្រងឈុតប្រពៃណីពណ៌ក្រហម និងមាស។
សណ្ឋាគារនេះស្ថិតនៅក្បែរបឹងហ្គៀងវ៉ូ នៅក្នុងខណ្ឌបាឌីញ ទីក្រុងហាណូយរបស់ប្រទេសវៀតណាម។
សណ្ឋាគារមាន ៤០០ បន្ទប់ ដែលអភិវឌ្ឍដោយក្រុមហ៊ុន Hoa Bing Group នឹងប្រតិបត្ដិការក្រោមយីហោ American Wyndham Hotels។ សណ្ឋាគារ Dolce Hanoi Golden Lake មានអាងទឹកសម្រាប់ត្រាំស្រោបមាស និងពែងកាហ្វេស្រោបមាសសុទ្ធ។
សណ្ឋាគារក្នុងក្រុងហាណូយមួយនេះនៅមានអាងទឹកដ៏ធំស្រោបមាសនៅជាន់ដំបូលថែមទៀត។
ចំណែកឯខាងក្នុងបរិវេណសណ្ឋាគារ ក៏រំលេចភាពស្រស់បំព្រងជាមួយនឹងបរិក្ខារមាស ហើយសូម្បីតែចានបង្គន់ក៏ស្រោបមាសផងដែរ។
តម្លៃនៃការស្នាក់នៅក្នុង ១ រាត្រីចាប់ផ្ដើមពី ២៥០ ដុល្លារ ហើយយោងទៅតាមវេបសាយ Vietnam Insider បានបង្ហាញឲ្យដឹងថា បន្ទប់ស្នាក់តម្លៃ ១ ០០០ ដុល្លារ សម្រាប ១ យប់ពិតជាវិសេសវិសាលណាស់ចំពោះមនុស្ស ២ នាក់។
នៅមិនទាន់អស់ទេ អាផាតមិនជាច្រើនត្រូវបានដាក់ជួលនៅក្នុងសណ្ឋាគារ ជាមួយនឹងតម្លៃរាប់ពាន់ដុល្លារអាមេរិកក្នុង ១ ម៉ែត្រការ៉េ។
សរុបមក សណ្ឋាគារប្រណីតស្រោបមាសដំបូងបំផុតនៅកណ្ដាលក្រុងហាណូយរបស់វៀតណាមនេះ មិនមានតម្លៃថោកនោះទេ៕ AFP/HR