ក្រុង​ហ្សាការតា៖ ស្វា​អ៊ូរ៉ង់​ ១០​ ក្បាល ​ត្រូវបាន​លើក​ពន្យួរ​លើ​អាកាស​​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​ជម្រក​ធម្មជាតិ​នៃ​ដែន​កោះ​បូណេអូ ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​យុទ្ធនាការ​ដោះ​លែង​ស្វា​ធំ​ទៅកាន់​ព្រៃ​ជា​លើក​ដំបូង​​ក្នុង​​រយៈ​ពេល​មួយ​ឆ្នាំ​ដោយសារ​វិបត្ដិ​កូវីដ​ ១៩​។

សត្វ​ទាំង​នោះ​ត្រូវ​បាន​ដឹក​តាម​អាកាស​ឆ្លង​កាត់​ព្រៃ​ព្រឹក្សា​កាល​ពី​ដើម​ខែ​ ដើម្បី​បញ្ជៀស​ការ​ធ្វើ​ដំណើរ​ដ៏​វែង​ឆ្ងាយ​តាម​ផ្លូវ​គោក​ និង​ឆ្លង​សមុទ្រ​ ដែល​អាច​បង្ក​ហានិភ័យឱ្យ​ពួកវា​ឆ្លង​វីរុស​។

​ស្វាអ៊ូរ៉ង់​ មាន​ហ្សែន​ឌីអិនអេ​មនុស្ស ៩៧​ ភាគរយ​ ដែល​ក្រុម​អ្នក​អភិរក្ស​បាន​ព្រមាន​ពីលទ្ធភាព​អាច​ឆ្លង​វីរុស​ខ្ពស់​។ វិបត្ដិ​កូវីដ​សកល បាន​បង្ក​ក្ដី​កង្វល់​ដល់​ក្រុម​អ្នក​អភិវឌ្ឍ​ក្នុង​ការ​បំលាស់​ទី​ពួក​វា​។

​ស្វាអ៊ូរ៉ង់​ មាន​ហ្សែន​ឌីអិនអេ​មនុស្ស ៩៧​ភាគរយ​ ដែល​ក្រុម​អ្នក​អភិរក្ស​បាន​ព្រមាន​ពីលទ្ធភាព​អាច​ឆ្លង​វីរុស​ខ្ពស់​។ AFP

លោក ចាម៉ាទីន ស៊ីហ៊ីត នាយក​ប្រតិបត្ដិ​អង្គការ​មូលនិធិ​នៃការ​រស់​រាន​របស់​ស្វា​អ៊ូរ៉ង់នៅ​កោះ​បូណេអូ​ (BOSF) បាន​និយាយថា​៖ «ពេញ​មួយ​ឆ្នាំយើង​មិន​អាច​ធ្វើ​ពិធី​ដោះ​លែង​សត្វ​ទាំង​នេះ​ឡើយ​ ដោយសារ​វិបត្ដិ​កូវីដ​សកល​។ យើង​បាន​អនុវត្ដ​គោល​ការណ៍​សុវត្ថិភាព​តឹង​រ៉ឹង​ និង​ដាក់​ចេញ​នូវ​ផែនការ​កាត់​បន្ថយ​ហានិភ័យ​នៃ​លទ្ធភាព​ឆ្លង​វីរុស​។ ការ​ប្រើ​ប្រាស់​ឧទ្ធម្ភាគ​ចក្រ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រីករាលដាល​ជំងឺ​ឆ្លង​»។

សត្វ​រោម​ក្រញ៉ាញ់​ត្រូវបាន​បាញ់​ថ្នាំ​សណ្ដំ​មុន​ពេល​ធ្វើ​ការ​ហោះហើរ​ និង​ដាក់​ឱ្យ​នៅ​ក្នុងទ្រុង​រុំ​សំណាញ់​។ យ៉ាង​ហោច​ណាស់ ស្វា​មុខ​ព្រះចន្ទ​នេះ​មួយ​ក្បាល​បាន​ប្រឹង​បុក​ទ្រុង​ដែក​ ពេល​វា​ព្យាយាម​គេច​ពី​ស្ថានភាព​តែង​តោល​លើ​អាកាស​។

វិបត្ដិ​កូវីដ​សកល បាន​បង្ក​ក្ដី​កង្វល់​ដល់​ក្រុម​អ្នក​អភិវឌ្ឍ​ក្នុង​ការ​បំលាស់​ទី​ពួក​វា​។ AFP

សត្វ​ស្វា​អ៊ូរ៉ង់ ធ្វើដំណើរ​តាម​ទូក​រយៈ​ពេល​ខ្លី​ ក្រោយ​ជិត​ដល់​គោល​ដៅមុន​ពេល​ប្រលែង​ក្នុង​តំបន់​ព្រៃ​ការពារ​បាទីកាបភាគ​កណ្ដាល​កាលីម៉ាន់តាន់ ជា​ផ្នែក​មួយ​នៃ​ដែន​កោះ​បូណេអូ​របស់​ឥណ្ឌូនេស៊ី​។

សត្វ​ស្វា​ជា​ច្រើន​ក្បាល​ក៏​ត្រូវបាន​ប្រលែង​ចូល​ព្រៃ​ផ្សេង​ទៀត​នៅ​ភាគ​ខាង​កើត​កាលីម៉ាន់តាន់​ផង​ដែរ​។ ការ​បរ​បាញ់​ និង​ការ​បាត់​បង់​ជម្រក​ធម្មជាតិ ​បាន​រំខាន​ដល់​ចំនួន​សត្វ​ស្វា​អ៊ូរ៉ង់​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ មុន​ពេល​វិបត្ដិ​កូរ៉ូណា​វាយ​លុក​ ដែល​កាន់តែ​ជំរុញ​ឱ្យ​អម្បូរ​សត្វ​នេះ​ខិត​ទៅ​ជិត​ការ​វិនាស​សាប​សូន្យ។

វីវីវីសាន់ទី ជា​ពេទ្យ​សត្វ​មកពី BOSF បាន​ឱ្យ​ដឹងថា​៖ «​បើ​សត្វ​ស្វា​អ៊ូរ៉ង់​មួយ​ក្បាល​បង្ហាញ​អាការ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ វា​អាច​ឆ្លង​ជំងឺ​កូវីដ​។ លើស​ពី​នេះបើ​បុគ្គលិក​ណា​ម្នាក់​តេស្ដ​វិជ្ជមាន យើង​នឹង​ធ្វើ​ការ​តាមដាន​លើ​សត្វ​ស្វា​អ៊ូរ៉ង់​ពី​លទ្ធភាព​ឆ្លង​ផង​ដែរ​»៕ AFP/HR

ស្វា​អ៊ូរ៉ង់​ ១០​ក្បាល​ត្រូវបាន​លើក​ពន្យួរ​លើ​អាកាស​​តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​ជម្រក​ធម្មជាតិ​នៃ​ដែន​កោះ​បូណេអូ ប្រទេស​ឥណ្ឌូនេស៊ី។ AFP