ភ្នំពេញ៖ ​តាំងពី​ជួប​វិបត្ដិសកល​​​កូវីដ​ ភ្ញៀវទេសចរ​ត្រូវបាន​រារ៉ាំង​មិន​ឱ្យ​មាន​ការធ្វើដំណើរ​ ដែល​ជា​ហេតុ​ធ្វើឱ្យ​ទឹកដីអង្គរ​នៅ​ខេត្ត​សៀមរាប​​រង​ការប៉ះពាល់​ខ្លាំង​បំផុត​ទៅ​ដល់​ប្រជាជន​ដែល​ប្រកប​របរ​លក់ដូរ​។

សភា​ពាណិជ្ជកម្ម​​បារាំងប្រចាំ​​នៅ​សៀមរាប​បាន​ព្យាយាមរិះ​​រក​វិធី​ការជួយ​ដល់​សមាជិក​របស់​ពួកគាត់​ក៏​ដូចជា​ប្រជាជនដ​ទៃ​ទៀត​ដែល​រង​​វិបិត្តិ​នេះ​ដូចគ្នា​។

លោក រ៉ូមេនណូ ព្យែ​អេនដ្រេ និង​ដៃគូ​លោក​បីនាក់​ទៀត​​បាន​រៀបចំ​ការបើកលក់​ជា​លក្ខណៈ​បណ្ដោះអាសន្ន​នៅ​ភ្នំពេញ​ដោយ​យល់​ថា​នៅ​ទីក្រុង​មិនសូវ​ជា​មាន​ផលប៉ះពាល់​ប៉ុន្មាន​និង​ទីផ្សារ​នៅតែ​សកម្ម​ទាំង​សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​​ជនបរទេស​។

ជា​ប្រធានសភា​ពាណិជ្ជកម្ម​​បារាំង​និង​ជា​ប្រធាន​ Beyond Retail Business លោក ព្យែ​អេនដ្រេ បាន​ប្រាប់​​ពី​គោលបំណង​នៃ​កម្មវិធី​នេះ​ថា​៖ «កម្មវិធី​ដែលនឹង​ដំណើរ​ការ​​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ២៩​ ដល់ទី​​ ៣១ ​ខែ​មករា​នេះ​ ជា​កម្មវិធី​តាំង​ពិព័រណ៍​អំ​ពី​ផលិតកម្ម​ និង​សិប្បកម្ម​ របស់​សិប្បករ​នៅ​សៀមរាប​ដែល​អ្នកខ្លះ​មិនទាន់​មាន​អ្នកស្គាល់​នៅ​ឡើយ​។ ​​បើសិន​ជា​កម្មវិធី​នេះ​ជោគជ័យ​ យើង​នឹង​មាន​ការចាប់ផ្ដើម​ច្រើន​ទៀត​រួមទាំង​អាច​បោះ​ទីតាំង​អចិន្រ្តៃយ៍​នៅទីនេះ​តែ​ម្ដង»​។​

នៅក្នុង​ការតាំងពិព័រណ៍​នេះ​នឹង​មាន​ការ​​លក់​​គ្រឿងតុបតែង​ ផលិតផល​សុខភាព​ ហ្វាសសិន​​ គ្រឿងអលង្ការ ចំណី​​អាហារ​ គ្រឿង​សង្ហារឹម​និង​សម្ភារ​សិប្បកម្ម​​​ផ្សេងៗ​ទៀត​។

ជាង​ ២០​ ឆ្នាំ​ ដែល​លោកព្យែ​អេនដ្រេ​បាន​ឡើង​ចុះ​បារាំង-​កម្ពុជាញឹក​ញយ ​​បាន​លើក​សរសើរ​ពី​ស្នាដៃ​របស់​សិប្បករ​ខ្មែរ​​ថា​៖ «អ្នក​ដែល​ចូលរួម​គឺ​ពួកគាត់​សុទ្ធតែ​មាន​ទឹកដៃ​ដ៏​គួរឱ្យ​កោតសរសើរ។​ អតិថិជន​ដែល​ចូលរួម​នឹង​ទទួលបាន​នូវ​ផលិតផល​​មាន​ទាំង​គុណភាព​ ​សោភ័ណ​ភាព​ ក៏​ដូចជា​ទទួល​បាន​នូវ​ចំណេះ​ដឹង​ពី​អ្នកជំនាញ​ដ៏​ប៉ិនប្រសព្វ​។ ​​ពួកគាត់​នឹង​រៀប​រាប់​​ត្រួសៗ​នូវ​វិធីធ្វើ ​និង​ហេតុអ្វី​ដែល​យើង​គួរ​តែ​ទិញ​ផលិតផល​ខ្មែរ​»​។​

លោក​​បាន​បន្ថែម​ទៀត​ថា៖​​ «សម្រាប់​ការទិញ​វត្ថុ​ទាំងអស់​នេះ​វា​នឹង​គឺជា​ការចូលរួម​គាំទ្រ​សេដ្ឋកិច្ច​ក្នុង​ស្រុក​ជា​ការថែរក្សា​តម្លៃ​នៃ​ការងារ​និង​ទេពកោសល្យ​របស់​ពួកគាត់​ ការពារ​កេរដំណែល​និង​ប្រពៃណី​នៃ​ភាព​ប៉ិនប្រសព្វ​ ការធ្វើ​ឱ្យ​លូតលាស់​ទៅលើ​ការច្នៃប្រឌិត​ និង​ជាអ្នក​​​ចូលរួម​ចំណែក​មាន​មោទនភាព​លើ​ទឹកដី​រាជាណាចក្រ​»។​

សិប្បករ​ដែល​ចូលរួម​ទាំងឡាយ​ពួកគាត់​នឹង​ទទួល​បាន​ទីផ្សារ​បើក​លក់​មួយ​ដោយ​មិន​ចាំបាច់​​ចេ​ញ​មុខ​ដោយ​ខ្លួនឯង។ ​ពួកគាត់​អាច​ទទួល​បាន​ផលប្រយោជន៍​នៅក្នុង​ការស្វែង​រក​អតិថិជន​និង​ទំនាក់ទំនង​ក៏​ដូចជា​បង្ហាញ​នូវ​អ្វី​ដែល​គាត់​មាន​។​

សម្រាប់​ក្ដី​រំពឹង​ទុក​ដែល​លោក​មាន​ចំពោះ​ការតាំងពិព័រណ៍​នៅ​រាជធានា​​ភ្នំពេញ​ជា​លើក​ដំបូង​ លោក​សង្ឃឹម​ថា​វា​គឺជា​ចំណុចចាប់ផ្ដើម​ ឬ​ជា​​បង្អួច​នៃ​ភាពជោគជ័យ​សម្រាប់​ផលិតផលខ្មែរ​និង​អាចជា​ជំហាន​ភ្ជាប់ពី​ផលិតផល​របស់​សៀមរាប​ទៅតាម​ខេត្តក្រុង​នានា​។

កម្មវិធី​ដែល​លោក​ទើបតែ​បាន​រៀបចំ​ឡើង​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​នៅ​ទីក្រុង​តៃប៉ិ​។ វា​គឺ​មាន​ទាំង​ជា​ការលក់​អនឡាញ ​និង​ដាក់​លក់​តាម​តូប​។

ដោយ​បាន​រៀបចំ​ឡើង​ជា​តូប​ផលិតកម្ម​ខ្មែរ​សម្រាប់​អតិថិជន​នៅ​តៃវ៉ាន់​ផ្ទាល់​ ដែល​មាន​ការដាក់តាំង​វត្ថុ​ជាង​ ១០​ និង​ដាក់​លក់​អនឡាញ​តាម​វេបសាយ​សម្រាប់​ជនបរទេស​ពី​បណ្ដាល​ប្រទេស​ផ្សេងៗ​ជា​ការបង្ហាញ​ពី​អ្វី​ដែល​ខ្មែរ​មាន​ ហើយ​វា​ទទួលបាន​លទ្ធផល​យ៉ាងល្អ​ពី​សំណាក់​អតិថិជន​នៅ​តៃវ៉ាន់​និង​អ្នកទិញ​តាមអនឡាញ​។

ជាចុងក្រោយ​លោក ព្យែ​អេនដ្រេ​ បាន​ផ្ដាំផ្ញើរ​ទៅ​អតិថិជន​ថា​៖ «ខ្ញុំ​សូម​ឱ្យ​អតិថិជន​បាន​មក​ចូលរួម​ការតាំង​ពិព័រណ៍​ ក៏​ដូចជា​គាំទ្រ​ទិញ​វត្ថុ​​មួយចំនួន​សម្រាប់​ជា​ការគាំទ្រ​ត្រឡប់​ទៅវិញ​ ពីព្រោះ​វា​ជា​​​មោទនភាព​ពិត​នៃ​ការបង្កើត​សម្ភារ​អស់​នេះ​ឡើង»​។​

លោក​បន្ដថា​៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ប្រជាជនខ្មែរ​ចូលរូម​ ច្រើន​ក៏​ដូចជា​ចង់​អរគុណ​ទៅ​ដល់​អ្នក​ឧបត្ថម្ភ​មកពី​ Cellcard និង​ Wing ដែល​សកម្ម​ក្នុង​ការចូលរួម​ជាមួយ​ពួកយើង​ទៅលើ​បណ្តាញ​សង្គម​ក្នុង​សប្ដាហ៍​នេះ​ ក៏​ដូចជា​ជនបរទេស​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ​»។

ពិព័រណ៍ផលិតផល​ក្នុង​ខេត្ដសៀមរាប ​ចាប់​បើក​ពីថ្ងៃ​ទី​ ២៩​ វេលា​ម៉ោង​ ១ រសៀល ​ដល់​ម៉ោង​ ៥​ ល្ងាច​សម្រាប់​​អ្នក​ពាក់ព័ន្ធ​ទាក់ទង​នឹង​វិស័យ​នេះ។​

ចំណែក​ឯ​ចាប់​ពី​ថ្ងៃទី​ ៣០​ ដល់ ​៣១​​ នឹង​បើក​ជា​សាធារណៈ​​ដោយ​សេរីចាប់​ពី​​​ម៉ោង ​១០ ​ព្រឹក​រហូត​ដល់​ម៉ោង​ ៦​ ល្ងាច​។

សម្រាប់ព័ត៌មាន​បន្ថែមសុំ​​​ចូល​ទៅកាន់ហ្វេសប៊ុក​​ @MadeinSiemReapFair៕