
ម៉ាស់ធ្វើពីក្រណាត់សរសៃឈូកទន់ល្មើយ និងមិនប៉ះពាល់សុខភាព។ រូបថត សហការី
សៀមរាប៖ ជារុក្ខជាតិត្រូវបានប្រទះឃើញក្នុងបឹង ឬចោលតាមគំនរសំរាម ដើមឈូកត្រូវបានអ្នកច្នៃម៉ូដជនជាតិបារាំងប្រើប្រាស់ផលិតម៉ាស់ពាក់ដ៏ទន់ល្មើយ ដើម្បីបំពេញតម្រូវការអតិថិជនក្នុង និងក្រៅស្រុក ដែលនិយមវាយណភណ្ឌពីធម្មជាតិ។
ក្នុងបំណងអភិរក្សសិប្បកម្មបុរាណបន្សល់ទុកពីដូនតា និងផ្តល់ឱកាសការងារដល់ស្រី្តខ្មែរនៅតាមតំបន់ជនបទលោក Awen Delaval ជាអ្នកច្នៃម៉ូដជនជាតិបារាំង ដែលគិតគូរពីបរិស្ថានបានចំណាយពេលជាច្រើនសិក្សាស្រាវជ្រាវបច្ចេកទេសរបស់បុព្វបុរសក្នុងការផលិតក្រណាត់ចេញពីសរសៃឈូក។
ក្រោយពីបានស្វែងយល់ពីសិប្បកម្មតម្បាញពីសរសៃឈូក លោកក៏បានរៀបចំកន្លែងពិសោធន៍មួយក្នុងខេត្តសៀមរាប នៅក្នុងឆ្នាំ ២០០៩។
ស្ថាបនិក និងជាអ្នកឌីហ្សាញរូបនេះក៏លើកឡើងបន្ថែមថា៖ «ផ្កាឈូក ជានិមិត្តសញ្ញានៃភាពថ្លៃថ្នូរ ភាពស្រស់ស្អាត និងភាពបរិសុទ្ធ។ ដូច្នេះហើយ «សមធម៌» កំណត់ផ្កាឈូកជាអត្តសញ្ញាណរបស់ក្រុមហ៊ុនដែលតំណាងឲ្យភាពល្អឥតខ្ចោះ»។
«សមធម៌» មានជំនឿទៅលើនិមិត្តសញ្ញានៃភាពរឹងមាំរបស់សរសៃឈូក ជាការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីជួយស្ត្រីរងគ្រោះមកពីភូមិតូចៗក្នុងតំបន់ជនបទឲ្យរឹងមាំអាចរកប្រាក់ចំណូលចិញ្ចឹមខ្លួនឯង និងក្រុមគ្រួសារបាន។
ជោគជ័យក្នុងការផលិតក្រណាត់សរសៃឈូកនេះ គឺក្នុងឆ្នាំ ២០១៦ បន្ទាប់ពីលោកបានសាកល្បងធ្វើតេស្តការផលិតសរសៃឈូកនេះនៅមន្ទីរពិសោធន៍ដ៏ល្បីល្បាញរបស់បារាំងមានឈ្មោះថា French Institute Of Textile and Garment។

ដើមឈូក ៤ ម៉ឺនដើម អាចទាញសរសៃបានប្រហែល ៣ ពាន់ម៉ែត្រ និងផលិតក្រណាត់បាន ១ ម៉ែត្រ។ រូបថត សហការី
ដើម្បីបានប្រភពដែលអាចផ្គត់ផ្គង់ដើមឈូកល្អ លោកបានជ្រើសរើសយកបឹងកំពីងពួយនៅខេត្តបាត់ដំបង ធ្វើជាទីយកវត្ថុធាតុដើម «ដើមឈូក»។
អ្នកច្នៃម៉ូដជនជាតិបារាំងរូបនេះបានពន្យល់ថា ការផលិតក្រណាត់ចេញពីសរសៃឈូក ពិតជាចំណាយកម្លាំង និងការអត់ធ្មត់ខ្លាំង។ កម្លាំងក្នុងសិប្បកម្ម ភាគច្រើនជាមនុស្សស្រី ដែលធ្វើការយ៉ាងផ្ចិតផ្ចង់បំផុត ដើម្បីផលិតសរសៃឈូកឲ្យបានស្អាតល្អ។
រៀងរាល់ល្ងាច មនុស្សម្នាក់ត្រូវប្រើពេល ៤ ម៉ោង ដើម្បីប្រមូលដើមឈូកឲ្យបាន ១០០ គីឡូក្រាម។ ព្រឹកបន្ទាប់ មនុស្សម្នាក់ទៀត ត្រូវសម្អាតដើមឈូក ១០០ គីឡូក្រាម ជាមួយច្រាសដែក ហើយម្នាក់ទៀតកាត់ដើមឈូក ពុះវា ដកហូតទាញយកសរសៃនៅលើតុប្រវែង ១ ម៉ែត្រ ដើម្បីបង្កើតជាបន្ទះសរសៃឈូកដ៏ស្អាត ប្រវែង ២០ គុណនឹង ១០០ សង់ទីម៉ែត្រ។
បុគ្គលិកម្នាក់ត្រូវចំណាយពេល ១ ម៉ោង ដើម្បីរៀបបន្ទះសរសៃ ១ បន្ទះ ស្មើនឹងប្រាក់ចំណូល ២ ០០០ រៀល។ ដូច្នេះប្រសិនបើពួកគេមានសមាជិកគ្រួសារមកជួយ ពួកគេអាចរកប្រាក់ចំណូលបានប្រមាណ ២០ ដុល្លារ។
យោងតាម Awen ដើមឈូក ៤ ម៉ឺនដើម អាចទាញសរសៃបានប្រហែល ៣ ពាន់ម៉ែត្រ ដែលអាចផលិតបានក្រណាត់ត្រឹមតែ ១ ម៉ែត្រប៉ុណ្ណោះ។
លោក Awen លើកឡើងថា៖ «ស្រ្តីម្នាក់អាចផលិតសរសៃឈូកបាន ៤០ ទៅ ៨០ ក្រាម ក្នុង ១ ថ្ងៃ ដើម្បីផលិតម៉ាស់ពី ៤០ ទៅ ៨០ ម៉ាស់។ រីឯអ្នកដេរម្នាក់ អាចដេរម៉ាស់បានប្រហែល ៤០ ម៉ាស់ ក្នុង ១ ថ្ងៃ»។
ក្រណាត់ត្បាញពីសរសៃដើមឈូកមានភាពទន់ល្មើយ មិនប៉ះពាល់ដល់សុខភាពអ្នកពាក់ ងាយស្រួលក្នុងការដកដង្ហើម មិនបង្កប្រតិកម្មស្បែក និងមិនប៉ះពាល់ដល់សុខភាពអ្នកពាក់។
ដើម្បីផលិតម៉ាស់សរសៃឈូក លោក Awen ត្រូវសិក្សា និងស្តាប់តាមការណែនាំរបស់ Afnor Standards នៅបារាំង និងមជ្ឈមណ្ឌលជំងឺទូទៅក្នុងសហរដ្ឋអាមេរិកក្នុងការផលិតក្រឡា និងដេរក្រណាត់នេះឲ្យទៅជាម៉ាស់សម្រាប់ពាក់មុខ។

ក្រោយពីដើមឈូកត្រូវបានសម្អាតរួច បុគ្គលិក សមធម៌ កាច់ទាញយកសរសៃឈូកនៅលើតុរាងទ្រវែង។ រូបថត ភ្នំពេញ ប៉ុស្ដិ៍
ផ្តើមពីការផលិត ៥០ ម៉ាស់ ដល់ ២០០ ម៉ាស់ ក្នុង ១ ថ្ងៃ លោកបានបន្តថា៖ «សមធម៌ ផលិតម៉ាស់សរសៃឈូក ៣ ស្រទាប់។ ១ ស្រទាប់ ជាសរសៃឈូកសុទ្ធ និង ២ ស្រទាប់ទៀតជាកប្បាសសរីរាង្គមានគុណភាពខ្ពស់។ តម្លៃម៉ាស់សរសៃឈូក ១ នៅទីផ្សារមានចាប់ពី ៧ ទៅ ១២ ដុល្លារ»។
សមធម៌ បានរៀបចំការដាក់តាំងបង្ហាញម៉ាស់សរសៃឈូកដំបូងបង្អស់របស់ខ្លួន ដែលឲ្យមនុស្សគ្រប់គ្នាស្ញប់ស្ញែងនឹងគំនិតច្នៃប្រឌិតថ្មី ហើយការបញ្ជាទិញម៉ាស់រឹតតែកើនឡើង រហូតដល់លោក Awen ប្រឈមនឹងកង្វះខាតការផ្គត់ផ្គង់លក់នៅលើទីផ្សារ។
លោកបានលើកឡើងថា៖ «យើងត្រូវតែបង្កើនការផលិតដល់ ២៥ ០០០ ម៉ាស់ ក្នុង ១ សប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនធំនៅបារាំង និងសហរដ្ឋអាមេរិក។ រីឯអ្នកលក់ដុំជាច្រើននាក់ មកពីប្រទេសផ្សេងគ្នាក៏បានទាក់ទងមកយើង។ បើយើងអាចផ្គត់ផ្គង់ និងបំពេញតម្រូវការអតិថិជននៅប្រទេសទាំង ២ នេះបាន យើងនឹងបង្ហាញវត្តមានផលិតផលរបស់យើងនៅអង់គ្លេស និងអេស្ប៉ាញ»។
យ៉ាងណា លោក Awen បញ្ជាក់ថា ផលិតផលរបស់លោកមិនទាន់មានវិញ្ញាបនបត្រទទួលស្គាល់នៅឡើយទេ ដែលនេះជាបញ្ហាប្រឈមមួយក្នុងការពង្រីកទីផ្សារឲ្យកាន់តែទូលាយ។ លោកក៏ត្រូវពង្រីកសមត្ថភាពផលិតម៉ាស់ឲ្យបានច្រើនជាងមុនផងដែរ។
លោកបញ្ជាក់ថា៖ «យើងក៏បានសហការជាមួយសមាគមវាយនភណ្ឌកម្ពុជា។ ក្រៅពីដើម្បីបង្កើនសមត្ថភាពផលិតពី ២០០ ម៉ាស់ ក្នុង ១ ថ្ងៃ ទៅជា ៣ ០០០ ម៉ាស់ យើងត្រូវការកម្លាំងក៏ដូចជាវត្ថុធាតុដើមបន្ថែម»។
អតិថិជនអាចរកជាវម៉ាស់សរសៃឈូកនៅក្រុងភ្នំពេញ តាមទូរស័ព្ទលេខ ០១២ ៤៦៥ ៦៨៦ សៀមរាប ០១៧ ៥៧២ ០៧១ ប្រទេសបារាំង ពី Lotus Paradis Brand សហរដ្ឋអាមេរិក ពី Zelia Trace Brand និងអូស្ត្រាលី ពី Neue Brand៕