ភ្នំពេញៈ ដោយសារតែចង់ស្វែងរកបេក្ខជនមានទេពកោសល្យ និងមានជំនាញសិល្បៈផ្នែកចម្អិនម្ហូបអាហារសេវាកម្មនោះ សមាគមមេចុងភៅកម្ពុជា សហការជាមួយនឹងសមាគមភោជនីយដ្ឋានកម្ពុជាបានរៀបចំការប្រកួតជ្រើសរើសចុងភៅឆ្នើមវ័យក្មេងជាលើកដំបូងប្រចាំឆ្នាំ ២០១៩ (Young Chef Talent Competitions Service 2019) ខណៈការប្រកួតនឹងធ្វើនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។
ថ្លែងឲ្យដឹងពីការប្រកួតនាឱកាសបើកសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៩ នៅស្នាក់ការភោជនីយដ្ឋានខេមា ដែលស្ថិតនៅជាន់ទី ៥ នៃអគារ Fred Bank លើដងមហាវិថីព្រះនរោត្តមលោក រីឆាត ហ្គីឡេត (Richard Gillet) ជាប្រធានសមាគមមេចុងភៅកម្ពុជា (Disciples Escoffier Cambodia) បានឲ្យដឹងពីលក្ខខណ្ឌនៃការប្រកួត និងកាលបរិច្ឆេទនៃការប្រកួតដល់បេក្ខជនដែលមានបំណងចង់ចូលរួមផងដែរ។
លោក រីឆាត ហ្គីឡេត បានបង្ហើបថា៖ «នេះគឺជាការប្រកួតជ្រើសរើសអ្នកមានទេពកោសល្យវ័យក្មេងថ្នាក់ជាតិ ផ្នែកសិល្បៈបម្រើសេវាកម្មអាហារតាមតុ ដែលជាការសហការគ្នារវាងសមាគមមេចុងភៅកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា ដើម្បីចម្រាញ់រកចុងភៅឆ្នើមវ័យក្មេងរបស់កម្ពុជាចំនួន ៣ រូប។ តែសម្រាប់បេក្ខជនដែលជាម្ចាស់ជយលាភីលេខ ១ នោះនឹងត្រូវបានបញ្ជូនឲ្យទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិមួយផងដែរ នៅឯទីក្រុងហុងកុងនៃប្រទេសចិននៅអំឡុងខែវិច្ឆិកាចុងឆ្នាំ ២០១៩ នេះតែម្តង»។
ព្រោះតែនេះគឺជាការរៀបចំលើកដំបូង ហើយចង់ផ្សព្វផ្សាយក៏ដូចជាចង់បើកឱកាសទូលាយសម្រាប់ក្រុមបេក្ខជន ជាពិសេសអ្នកមានចំណូលចិត្ត និងជំនាញចម្អិនម្ហូបអាហារទើបខាងសមាគមមេចុងភៅកម្ពុជាដែលបានសហការជាមួយនឹងសមាគមភោជនីយដ្ឋានកម្ពុជារៀបចំពិធីសន្និសីទសារព័ត៌មានថ្ងៃនេះឡើង ដើម្បីចែករំលែកដល់បេក្ខជនដែលមានវត្តមានចូលរួមឲ្យបានជ្រាបពីលក្ខខណ្ឌនៃការប្រកួតខ្លះៗជាមុន។
លោក រីឆាត ហ្គីឡេត បានបញ្ជាក់ថា៖ «ការប្រកួតគឺថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះយើងនឹងមានក្រុមគណៈកម្មការចុងភៅដែលសុទ្ធតែជាមេចុងភៅអញ្ជើញមកពីភោជនីយដ្ឋាន និងសណ្ឋាគារល្បីក្នុងប្រទេសកម្ពុជាមកធ្វើជាអ្នកផ្តល់ការវាយតម្លៃ ឬផ្តល់ពិន្ទុសម្រាប់បេក្ខជនយើង។ ហើយយើងក៏មានលក្ខខណ្ឌចំនួន ៨ យ៉ាងសម្រាប់ការកាត់សេចក្តីលើថ្វីដៃរបស់បេក្ខជនប្រឡងនេះដែរតាមវិជ្ជាជីវៈរបស់ខ្លួន»។
ទោះបីដំណើរការលើកដំបូងមែនក្តី បើតាមស្តាប់ពីឆន្ទៈ និងស្មារតីនៃសមាគមទាំង ២ គឺទំនងជានឹងត្រូវមានការរៀបចំប្រកួតជ្រើសរើសចុងភៅឆ្នើមវ័យក្មេងនេះមានលក្ខណៈប្រចាំ ហើយជាលទ្ធផលចុងក្រោយគឺត្រូវចម្រាញ់យកបេក្ខជន ៣ រូបចុងក្រោយ ខណៈសម្រាប់ប្រាក់រង្វាន់សម្រាប់ជយលាភីនីមួយៗនោះគឺនៅមិនទាន់ដឹងនៅឡើយទេគឺរង់ចាំដល់ថ្ងៃប្រកួតទើបអាចដឹងបាន។
អ្នកស្រី ហាក់ លីណា ដែលជាប្រធានសមាគមភោជនីយដ្ឋានកម្ពុជា (Cambodia Restaurant Association) បង្ហើបប្រាប់នាពេលធ្វើសន្និសីទសារព័ត៌មានដែរថា៖ «ជាការពិតការរៀបចំប្រកួតជ្រើសរើសចុងភៅឆ្នើមវ័យក្មេងនេះ យើងនឹងត្រូវធ្វើឲ្យមានការប្រកួតជាលក្ខណៈប្រចាំឆ្នាំតែម្តង។ ចំណែកឯរឿងប្រាក់រង្វាន់នោះ យើងក៏នៅមិនទាន់ជម្រាបជូនបាននៅឡើយទេនាពេលនេះគឺរង់ចាំដល់ប្រកួតខែក្រោយ។ ម្យ៉ាងវិញទៀតសម្រាប់បេក្ខជនជាម្ចាស់ជយលាភីលេខ ១ នឹងមានឱកាសបានទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិនៅហុងកុងចុងឆ្នាំនេះ»។
សម្រាប់ការប្រកួតជ្រើសរើសចុងភៅឆ្នើមវ័យក្មេងលើកដំបូងប្រចាំឆ្នាំ ២០១៩ នេះប្រសិនបេក្ខជនចាប់អារម្មណ៍អាចទំនាក់ទំនងតាមសារអេឡិចត្រូនិក E-mail:info@cambodiarestaurantassociation.com.kh ឬតាមប្រព័ន្ធទូរស័ព្ទ 076 222 8886 ដើម្បីសាកសួរនាំពីលក្ខខណ្ឌនៃការចូលរួមប្រកួតចាប់ពីពេលផ្សាយដំណឹងនេះតទៅ៕