ភ្នំពេញៈ ការសម្តែង​ទម្រង់​សិល្បៈ​បុរាណ​រយៈពេល ១ ម៉ោង​មាន​​ ៣ ​ផ្ទាំង​ទស្សនីយភាព​ចាប់ពី​ម៉ោង ៦ និង ៣០ ​នាទី​ល្ងាច​ដល់ ៧ និង ៣០ ​នាទី​យប់ នៅ​រោងល្ខោន​បណ្ណាល័យ​ជាតិ​ដោយ​ក្រុម​សមគម​សិល្បករ​គោកធ្លក​ចូល​ទស្សនា​ដោយ​សេរី ដើម្បី​ចូលរួម​រក្សា​មរតក​ដូនតា​ឲ្យ​មាន​ភាព​គង់វង្ស និង​ក៏​ចង់​សិក្សា​ដែរ​ថា តើ​នឹង​មាន​ពលរដ្ឋ​ខ្មែរ​ប៉ុន្មាន​នឹង​ចូលរួម​គាំទ្រ​លើ​វិស័យ​សិល្បៈ​បុរាណ​ប្រភេទ​នេះ​?

ទម្រង់​សិល្បៈ​បុរាណ​ដែល​មាន​ការសម្តែង​លោ្ខន​ស្បែក​តូច ស្បែក​ធំ និង​ល្ខោន​យីកេ ផងដែរ​នឹង​ត្រូវ​បាន​ក្រុម​សិល្បករ​សិល្បករការិនី​ខ្មែរ​មាន​ប្រមាណ ២២ រូប​នៃ​ក្រុម​សមាគម​សិល្បករ​គោកធ្លក​ដែល​កកើត​ជា​ផ្លូវការ​នៅ​ឆ្នាំ​ ២០០៨ ​បាន​រួមចិត្ត​រួម​គំនិត​គ្នា​ក្នុង​ការសហការ​សម្តែង​នៅ​លើ​ឆាក​សិល្បៈ​ក្នុង​បណ្ណាល័យ​ជាតិ​នៅ​ថ្ងៃទី​ ១០ ខែ​មីនា ឆ្នាំ​ ២០១៩ ចុង​សប្តាហ៍​នេះ​ដើម្បី​ចូលរួម​រក្សា​នូវ​សិល្បៈ​ជា​កេរដំណែល​ដូនតា​មួយ​នេះ បើ​ទោះបី​ជា​ត្រូវ​សម្តែង​ដូរបាយ​ក៏ដោយ​។

ចម្លាក់​ស្បែក​សម្រាប់​យក​ទៅ​សម្តែង​ល្ខោនស្បែក​។ រូបថត សហការី

នេះ​បើ​តាម​ការ​បង្ហើប​ពី​លោក ភឿង កុម្ភៈ បុរស​វ័យ ៤៣ ​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង​ជា​ប្រធាន​សមាគម​សិល្បករ​គោកធ្លក​បាន​បង្ហើប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹងថា​៖ «​តាមពិត​ទៅ​កាលពី​ឆ្នាំ​មុន (២០១៨) ក្រុម​សមាគម​សិល្បករ​គោកធ្លក​ក៏​ធ្លាប់​បាន​សម្តែង​នៅឯ​បរិវេណ​បណ្ណាល័យ​ជាតិ​ម្តង​ហើយ តែ​ការសម្តែង​នោះ​នៅ​ពុំទាន់​មាន​ឆាក ឬ​រោងល្ខោន​សមរម្យ​នៅ​ឡើយ ហើយ​ឆ្នាំ​នេះ​ក្រោយពី​មាន​ការសម្របសម្រួល​ជួយ​ពី​សំណាក់​លោកជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មក​ក្រុម​សមាគម​សិល្បករ​គោកធ្លក​ក៏​មាន​ការរៀបចំ​ផែនការ​សម្តែង​ប្រចាំ​ឆ្នាំ​តែ​ម្តង បើ​ទោះបី​ជា​ត្រូវ​ចំណាយ​នូវ​ប្រាក់​ផ្ទាល់​ខ្លួន​មិន​មាន​អ្នកចូលរួម​ជួយ​ឧបត្ថម្ភ ឬ​មិន​មាន​ស្គាល់​បណ្តាញ​នៃ​ក្រុមហ៊ុន​ស្ពនស័រ​ក៏ដោយ​»​។

លោ ភឿង កុម្ភៈ ដែល​មាន​នាមត្រកូល​ដូចជា​លោកជំទាវ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តែ​មិន​មាន​ជាប់សាច់​ឈាម​គ្នា​នោះ​បាន​បន្ត​៖ «​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​មីនា ឆ្នាំ​ ២០១៩ តទៅ​នឹង​មាន​ការសម្តែង​ចំនួន ៣ ​ថ្ងៃ​ក្នុង​ ១ ​សប្តាហ៍​គឺ​ថ្ងៃ​ចន្ទ ពុធ និង​សុក្រ​ពេលវេលា​ដដែល​គឺ​ចាប់ពី​ម៉ោង​ ៦ និង ៣០ នាទី​ល្ងាច​ដល់​ ៧ និង ៣០ ​នាទី​យប់​ដោយ​សម្តែង​ស្បែក​តូច ២០ ​នាទី ស្បែក​ធំ ២០ ​នាទី និង​យីកេ​ ២០ ​នាទី​។ ខណៈ​ចូល​ទស្សនា​ដោយ​សេរី តែ​ក៏​ត្រូវ​ប្រាប់​ពី​វត្តមាន​ជា​មុន​ដែរ ព្រោះ​យើង​ខ្លាច​អត់​មាន​​កៅអី​គ្រប់គ្រាន់​សម្រាប់​ឲ្យ​អ្នក​ទស្សនា​អង្គុយ ខណៈ​យើង​មាន​កៅអី​ត្រឹម​តែ​ជាង​ ១០០ ​កៅអី​នោះ​។ យើង​ក៏​មាន​គម្រោង​សម្តែង​ចំនួន​ ១០ រឿង​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ផង​ដែរ​ដោយ​យើង​នឹង​សម្តែង​ដូចជា រឿង​រាមកេរ្តិ៍ រឿង​ទិព្វ​សូដាចន្ទ រឿង​សព្វសិទ្ធិ រឿង​ព្រះចន្ទ​គោរព​បែប​ទម្រង់​យីកេ និង​ការសម្តែង​ល្ខោនស្បែក​មាន​ដូចជា​រឿង​អាប៉ក់- អាប៉ែន រឿង​គង់ហ៊ាន និង​រឿង​ធនញ្ជ័យ ជាដើម​»​។

ទម្រង់​សិល្បៈ​បុរាណ​ដែល​មាន​ពី​ដូនតា​នេះ​ត្រូវ​បាន​ប្រធាន​សមាគម​សិល្បករ​គោកធ្លក​តែងតែ​លះបង់​ប្រាក់​ផ្ទាល់​ខ្លួន​ដើម្បី​បន្ត​ការរៀបចំ​ឲ្យ​មាន​ការសម្តែង​ទម្រង់​សិល្បៈ​ល្ខោនស្បែក​តូច ស្បែក​ធំ និង​ល្ខោន​យីកេ យូរមក​ហើយ​ដោយ​ ១ ​ខែ​លោក​ត្រូវ​ចំណាយ​ប្រាក់ខែ​ផ្ទាល់​ខ្លួន​ចន្លោះ ពី ៣០០-៤០០ ដុល្លារ​៕