ក្រុង​ប៊ុយការ៉េស៖ ពេល​កូន​ប្រុស​អ្នកស្រី ម៉ារៀ ឡាកាទូស ​បើក​ទ្វារ​កសិដ្ឋាន​​ វា​ហួស​ពេល​​​ទៅ​ហើយ​។ ស្ដ្រី​​វ័យ ៨៦ ឆ្នាំ បាន​និយាយ​ទាំង​ខ្សឹកខ្សួល​​អួល​ដើម​ក​ថា​៖ «​ខ្លា​ឃ្មុំ​ជា​មច្ចុរាជ​ដ៏​គ្រោះ​ថ្នាក់​មួយ​ចំពោះ​ជ្រូក​»។

ក្រោយ​ពី​បាត់បង់​សេះ ​១ ​ក្បាល​ទៀត ​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក អ្នកស្រី ​​​បាន​ឯកភាព​ជាមួយ​អ្នក​ជិត​ខាង​នៅ​ក្នុង​ភូមិ​គូស្មា ​​ភាគ​ខាង​ជើង​រូម៉ានី​ ដែល​​ថា ការ​ប្រមាញ់​ខ្លា​ឃ្មុំ​អភិរក្ស ​គឺ​ជា​ជម្រើស​តែ ១ ​គត់​។

អ្នកស្រី​បន្ដ​ថា ខ្លា​ឃ្មុំ​បាន​គេច​ខ្លួន​បាត់​ដោយ​ការ​ហែក​ជញ្ជាំង​ក្ដារ​ ដែល​មិន​អាច​រារាំង​ក្រញាំ​ដ៏​មុត​ស្រួច​របស់​វា​ឡើយ​ ហើយ​វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នកស្រី​លួស​ព្រលឹង​។

ស្ដ្រី​រូប​នេះ បាន​រស់​នៅ​ជាមួយ​កូន​ប្រុស កូន​ប្រសារ​ស្រី ដែល​អ្នក​ទាំង ២ ​ខំ​ប្រឹងប្រែង​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ និង​កូន​ ៧ នាក់​​របស់​ពួក​គេ​ក្នុង​ផ្ទះ​តែ​មួយ​ ដែល​ការពារ​​ដោយ​របង​ឈើ​។ ជ្រូក​​ជា​ធនធាន​ចំណូល​ដ៏​សំខាន់​​។

រូម៉ានី មាន​ខ្លា​ឃ្មុំ​សម្បុរ​ត្នោត​ច្រើន​បំផុត​​នៅអឺរ៉ុប​ ដែល​តែងតែ​បង្ហាញ​ខ្លួន​ញឹក​ញយ​ក្នុង​ភូមិ​ គូស្មា ដែល​មាន​ប្រជាជន​ ៦០០ នាក់​ លើ​​​ផ្លូវ​ធ្វើ​ដំណើរ ៨ ម៉ោង ​ពី​ទីក្រុង​ប៊ុយការ៉េស​។

នៅ​តំបន់​ផ្សេងៗ​ទៀត​នៃ​ប្រទេស មនុស្ស​ក៏​ត្រូវ​រង​ការ​វាយ​ប្រហារ​ពី​សត្វ​ខ្លា​ឃ្មុំ​ផង​ដែរ​។ គ្រាន់​តែ​ខែ​តុលា​កន្លង​ទៅ ខ្លា​ឃ្មុំ​​ ១ ​ក្បាល ​​សម្លាប់​មនុស្ស​អាយុ ៤៧ ឆ្នាំ​ម្នាក់ ​ដែល​កំពុង​ជីក​ផ្សិត​ ហើយ​មនុស្ស​អាយុ ៦១ ឆ្នាំ​ម្នាក់​ទៀត​បាន​ស្លាប់ ​​អំឡុង​ពេល​ស្ទូច​ត្រី​។

យោង​តាម​ទិន្នន័យ​រដ្ឋាភិបាល​បាន​បង្ហាញ​ថា មនុស្ស ៣២ នាក់ ​ត្រូវ​បាន​ប្រហារ​ ដោយ​ ២ នាក់​បាន​ស្លាប់ ក្នុង​ឆ្នាំ ​២០១៧ និង​ឆ្នាំ ​២០១៨។ អាជ្ញាធរ​បាន​ស្នើ​ថា សហគមន៍​គួរ​តែ​ដំឡើង​របង​លួស​អគ្គិសនី​ និង​ប្រើ​ឆ្កែ​ប្រមាញ់ ​ដើម្បី​បណ្ដេញ​ខ្លា​ឃ្មុំ​។

ប៉ុន្ដែ​​មាន​ក្ដី​សង្ឃឹម​តិច​តួច ដូចជា ​ក្រុង​ Baile Tusnad វិធាន​ការ​នានា​មិន​ត្រូវ​បាន​អនុវត្ដ​​​ឡើយ​៕ AFP