ក្រុងហាណូយ: កសិករ​ស្រែអំបិល​នៅ​ឧបទ្វីប ហុន ខុយ បាន​ក្រោក​ពី​ដំណេក​មុន​ថ្ងៃ​រះ​តាម​ទម្លាប់​កិច្ចការ​ជាច្រើន​ជំនាន់​នូវ​ការប្រមូលផល​អំបិល​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម ដោយ​រំពឹង​ថា​នឹង​ទទួលផល​ច្រើន​ជាង​កន្លងមក​។

មនុស្ស​ជាច្រើន​នៅក្នុង​ទីក្រុង​ដ៏ស្ងប់ស្ងាត់​នៃ​ខេត្ដ​ខាញហាវ​បាន​ប្រកបរបរ​ធ្វើស្រែ​អំបិល​ដើម្បី​ចិញ្ចឹមជីវិត​ជា​គោលដៅ​ពេញនិយម​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​ដែល​កសិករ​ពាក់មួក​ប្រពៃណី​ប្រមូល​ពំនូក​គ្រីស្ដាល់​ប្រៃ​ដាក់​ក្នុង​កញ្ជើ​ឫស្សី​ឆ្លុះ​រូបភាព​ផ្ទៃ​ទឹក និង​រំលេច​នូវ​ព្រះសុរិយា​ជា​ផ្ទៃ​ក្រោយ​។

ពួកគេ​រែក​អំបិល​ដើរ​យ៉ាង​ប្រុងប្រយ័ត្ន​លើ​ភ្លឺស្រែ​ដែល​ទប់ទឹក​សមុទ្រ​ដើម្បី​ផលិត​ជា​អំបិល​។ ង្វៀង ថាញ់ឡៃ ក្នុង​សម្បុរស្បែក​ពណ៌​ទង់ដែង​ចាស់​ដោយសារ​ឥទ្ធិពល​កម្ដៅថ្ងៃ​គួប​នឹង​អំបិល​អស់​រយៈពេល​ជិត ៤ ទសវត្សរ៍​បាន​ត្អូញ​ថា​៖ «​ការងារ​នេះ​មិន​ស្រួល​បន្តិច​សោះ យើង​ត្រូវ​ប្រឹង​សម្បើម​ណាស់​ក្រោម​កម្ដៅ ហើយ​អំឡុង​រដូវរងា យើង​ត្រូវ​សម្រាក​»​។

ទេសភាព​ស្រែអំបិល​នៅ​ប្រទេស​វៀតណាម​មើល​ពី​លើ​អាកាស​។ រូបថត AFP

បុរស​អាយុ ៦០ ឆ្នាំ​បាន​លក់​អំបិល​ដល់​អ្នក​ជំនួញ​ក្នុង​ស្រុក​ដែល​កែច្នៃ​ជាច្រើន​ដំណាក់កាល​រហូត​ដល់​ដាក់​ទទួល​ភ្ញៀវ​លើ​តុ ឬ​តាម​បណ្ដា​រោងចក្រ​នានា​ទូទាំង​ប្រទេស​វៀតណាម​សម្រាប់​ប្រើ​ប្រឡាក់ត្រី​ប្រហុក​ជា​អាហារ​បម្រុង​ដ៏ពេញនិយម​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ទឹកត្រី ឬ​ធ្វើ​ទឹក​សូដា​ជាដើម​។

ជាទូទៅ​លោក​អាច​រកចំណូល​បាន​ប្រមាណ ៣៦០ ដុល្លារ​ក្នុង​ ១ ​ខែ​អំឡុងពេល​រដូវ​ប្រមូល​ផល​ចាប់ពី​ខែ​មករា​ដល់​ខែ​មិថុនា​ដោយ​កម្រៃ​នេះ​ច្រើន​ជាង​ទ្វេដង​ពី​កម្មករ​លើ​ស្រែអំបិល​ដទៃ​ទៀត​ទទួល​បាន​។

បើ​យោង​តាម​ទិន្នន័យ​ផ្លូវការ​ចុងក្រោយ​បំផុត​បាន​បង្ហាញ​ថា វៀតណាម​ផលិត​អំបិល​ប្រមាណ ១ ​លាន​តោន​ក្នុង​ឆ្នាំ​ ២០១៥ តែ​វៀតណាម​ក៏​ត្រូវ​នាំចូល ៥០ ​ម៉ឺន​តោន​ទៀត​ដែល​ភាគច្រើន​មកពី​ចិន និង​ឥណ្ឌា​។

ប៉ុន្ដែ​តម្រូវការ​ដ៏ច្រើន​សន្ធឹក​នេះ​មិន​បាន​ជួយ​ជំរុញ​ជីវភាព​កសិករ​ស្រែអំបិល​វៀតណាម​ស្ទុះ​ងើប​ខ្លាំង​នោះ​ទេ​។ ក្នុង​ទីក្រុង​ទេសចរណ៍ ហុនខុយ ដែល​ភ្ញៀវ​នាំគ្នា​មក​ទស្សនា​សមុទ្រ​ស្រែអំបិល កសិករ​នៅ​តែ​រងគ្រោះ​ព្រោះ​បម្រែបម្រួល​អាកាសធាតុ​។

ការប្រែប្រួល​អាកាសធាតុ​បាន​រំខាន​ដល់​ឧស្សាហកម្ម​អំបិល​ដែល​ពឹង​អាស្រ័យ​ចម្បង​លើ​កម្ដៅថ្ងៃ​ស្ងួត​ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​។

ង្វៀង ឃ្វាងអាញ ដែល​ចុះ​ស្រែអំបិល​ជាង ២ ​ទសវត្សរ៍​បាន​និយាយ​ថា​៖ «​បើ​អាកាសធាតុ​ល្អ យើង​អាច​ប្រមូល​ផល​អំបិល​រហូត​ដល់ ៦ ​ខែ​។ បើ​វា​មាន​ភ្លៀង​ច្រើន យើង​ច្បាស់​ជា​ដាច់បាយ​ហើយ​»៕ HR