ភ្នំពេញៈ នាពេលថ្មីៗនេះ គ្រាន់តែសារមួយឃ្លារបស់តារាស្រី ដែលឧស្សាហ៍ឃើញផ្លាស់ប្តូរអាជីពច្រើនជាងគេស្រីស្រស់ តេង លក្ខិណា បង្ហោះតាមបណ្តាញសង្គមក៏បានទាក់ទាញនូវចំណាប់អារម្មណ៍មហាជនខ្លាំងសាជាថ្មី។
អតីតពិធីការិនីទូរទស្សន៍ CTN និង MyTV ដែលក្រោយពីដូរអាជីពទៅជាតារាចម្រៀងស្រីផលិតកម្ម M និងចុងក្រោយបញ្ចប់អាជីពសិល្បៈទៅជាអ្នកជំនួញ កញ្ញា តេង លក្ខិណា បង្ហោះសារតាមអ៊ីនស្តាក្រាមថា៖ «បើសិនជាដៃយើងទាំង ២ ចាប់ដៃគ្នាណែនគ្រប់គ្រាន់ហើយ យ៉ាងណាដៃទី ៣ ក៏ចូលមកមិនបានដែរ!»។
សារនោះក៏ប្រែក្លាយទៅជាប្រធានបទនៃការជជែកគ្នារបស់មហាជនបន្ថែមទៀត ទៅលើ អតីតតារាចម្រៀង និងពិធីការិនីរូបស្រស់ សាច់សខ្ចី ដែលធ្លាប់ល្បីថា មានក្រុមកន្លង់ជាឧកញ៉ា និងអ្នកមានទ្រព្យស្តុកតាមសុំស្នេហ៍មកទល់នឹងពេលនេះក៏នៅមិនដឹងច្បាស់ថា ម្ចាស់ស្នេហ៍នាងនោះគឺជាអ្នកណាផង បែរជាឥឡូវនេះ កញ្ញា តេង លក្ខិណា ស្រាប់តែលេចចេញសារថា ទំនងជាបញ្ហានៃក្តីស្នេហ៍នាងកំពុងតែមានអ្នកទី ៣ ជ្រៀតជ្រៀកទៀតនោះ។
ចម្ងល់មហាជនមិនត្រូវបានអតីតពិធីការិនីកម្មវិធី A1 របស់ទូរទស្សន៍ CTN កញ្ញា តេង លក្ខិណា បំភ្លឺឲ្យដឹងច្បាស់នោះឡើយ ខណៈភ្នំពេញប៉ុស្តិ៍ក៏មិនទទួលបានការបកស្រាយពីនាងដែរដោយសារប្រព័ន្ធទូរស័ព្ទទាក់ទងទៅនាងច្រើនដងតែគ្មានអ្នកលើកឡើយ។
នាពេលកន្លងមកមានបុរសដែលគេដឹងថាគឺមានឋានៈជាឧកញ៉ាចង់ចែចូវ តេង លក្ខិណា ម្នាក់នោះជាអ្នកមាននៅផ្នែកអចលនទ្រព្យក្នុងប្រទេសកម្ពុជា ហើយលោកមានផ្ទះវីឡាជាច្រើនកន្លែងនៅភ្នំពេញ ដោយពេលទៅណាមកណាលោកតែងមានក្រុមអង្គរក្សឆ្វេចឆ្វាច ជាមួយនឹងភាពហ៊ឺហាជិះរថយន្តទំនើបម៉ាក Lexus 570។ តែអ្នកនៅក្នុងសិល្បៈបានបង្ហើបឲ្យដឹងថា បើកញ្ញា តេង លក្ខិណា ហ៊ានតែទន់ចិត្តមករកលោកនោះ នាងនឹងប្រែក្លាយជាសេដ្ឋិនីវ័យក្មេងម្នាក់ មានជោគជតារាសីល្អមិនចាញ់ អ្នកនាងស្រីតូច ចំណាន អ្នកនាង ឱក បូរី ឬ អ្នកនាង ពេជ្រ ច័ន្ទបូមី ផងដែរ។
កាលដែលកញ្ញា តេង លក្ខិណា ទៅប្រកបអាជីពសិល្បៈថ្មីជាតារាចម្រៀងទ្រនំផលិតកម្ម M ក៏មានសភាពស្ងាត់ឈឹងដូចជាចោរលួចសេះផងដែរ ក្រោយពីនាងបានប្តូរអាជីពជាពិធីការិនីនៅទ្រនំនៃទូរទស្សន៍ និងជាចុងក្រោយនាងក៏បានសម្រេចចិត្តលាឈប់ពីអាជីពសិល្បៈទាំង ២ ជំនាញខាងលើ ទៅចាប់អាជីពថ្មីមួយទៀតគឺជាអ្នកជំនួញវិញ។
តែតាមក្រុមតារារួមទ្រនំ M ក៏ធ្លាប់បានបង្ហើបថា៖ «ព្រោះតែក្រុមគ្រួសារ លក្ខិណា ភាគច្រើនជាអ្នកជំនួញស្រាប់ ហើយគាត់ក៏ចង់ឈប់ពីអាជីពសិល្បៈ ដើម្បីបញ្ចប់នូវរឿងរ៉ាវបែបជារឿងអាស្រូវទាំងអស់នោះផងដែរ»៕