ក្រុងសេអ៊ូល: តុលាការក្រុង​សេ​អ៊ូ​ល បានចេញ​សេចក្ដីសម្រេច​ថា ការ​សម្លាប់​ឆ្កែ​ធ្វើ​ជា​អាហារ​ជា​ទង្វើ​ខុស​ច្បាប់។ នេះ​ជា​សេចក្ដី​សម្រេច​ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​តស៊ូ​មតិ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​សត្វ។

ជា​យូរលង់​ណាស់​មកហើយ សាច់​ឆ្កែ ត្រូវបាន​ប្រជាជន​កូរ៉េ​មួយចំនួន​ចាត់​ទុកជា​អាហារ​ដ៏​ឆ្ងាញ់ ដោយ​ឆ្កែ​ប្រមាណ​មួយ​លាន​ក្បាល​ត្រូវ​បាន​សម្លាប់​យក​សាច់​បរិភោគ​ក្នុង ១ ឆ្នាំ។

ប៉ុន្តែ​ទម្លាប់​ទទួលទាន​សាច់​ឆ្កែ​នៅ​កូរ៉េខាងត្បូង​ហាក់បីដូចជា​សាប​រលាប​ប្រជាប្រិយ​ភាព នៅ​ពេល​ដែល​ពលរដ្ឋ​ក្មេងៗ​បាន​ងាក​មក​ចាប់​យក​ទស្សនៈ​ថា ឆ្កែ​ជា​សម្លាញ់​របស់​មនុស្ស ជា​ជាង​សត្វ​ចិញ្ចឹម​យក​សាច់។

ជាទូទៅ ប្រជាជន​កូរ៉េ និង​ចិន​និយម​ទទួលទាន​សាច់​ឆ្កែ​នៅ​រដូវក្ដៅ ជាមួយនឹង​ជំនឿ​ថា វា​ជា​សាច់​ពិសេស​អាច​ប៉ូវ​កម្លាំង​ថាមពល។

ការ​ស្ទាបស្ទង់​មតិ​ឆ្នាំមុន​បាន​រកឃើញថា ពលរដ្ឋ​កូរ៉េ ៧០ ភាគរយ​មិន​បរិភោគ​សាច់​ឆ្កែ​ទេ ប៉ុន្តែ​ក្នុង​នោះ​មាន​តែ ៤០ ភាគរយ ដែល​យល់​ឃើញ​ថា ប្រពៃណី​ទទួល​ទាន​សាច់​ឆ្កែ​នេះ​គួរ​តែ​ត្រូវ​បាន​លុប​បំបាត់។

ប៉ុន្តែ ការសម្រេច​របស់​តុលាការក្រុង​សេ​អ៊ូ​ល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​សត្តឃាត ១៧០០០ កន្លែង ដែល​ជំនាញ​កាប់​សាច់​ឆ្កែ។

លោក ឆូ ហ្វា​ន​រ៉ូ ជា​អ្នកតំណាង​ទី​សត្វឃាត​ទាំងនោះ បាន​ប្រាប់​ទូរទស្សន៍ YTN ថា៖ «សត្វ​ឆ្កែ​សម្រាប់​ហូប​សាច់ និង​សត្វ​ឆ្កែ​ដែល​ជា​មិត្ត​សម្លាញ់​របស់​មនុស្ស គឺ​វា​ខុស​គ្នា។ យើង​ត្រូវ​បែង​ចែក​ឲ្យ​ដាច់។ វា​ត្រូវ​បាន​បង្កាត់​ពូជ និង​ចិញ្ចឹម​ក្នុង​គោល​បំណង​ខុសៗ​គ្នា»។

លោក​តវ៉ា​ថា៖ «គោ ជ្រូក មាន់ ទា គេ​ចិញ្ចឹម​សម្រាប់​ទទួលទាន ម៉េច​ក៏​ហូប​សាច់​ឆ្កែ​មិន​បាន?»៕