ភ្នំពេញៈ ទោះបីជាបានបញ្ចប់បេសកកម្មជាកញ្ញាឯកចក្កវាឡតំណាងឱ្យកម្ពុជា ក្នុងការប្រកួតនៅលើឆាកអន្តរជាតិកន្លងមកថ្មីៗ និងមិនទទួលបានលទ្ធផលជាផ្លែផ្កាណាមួយយ៉ាងណាក្តី ក៏កញ្ញា រ៉េត សារីតា នៅតែមានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់សហគមន៍នៃពលរដ្ឋខ្មែររស់នៅលើទឹកសហរដ្ឋអាមេរិក ជួយចាត់ចែងឱ្យបាននៅបន្តដំណើរកម្សាន្ត លំហែកាយរយៈពេល ១ ខែទៀតសិន ទើបវិលត្រឡប់កាន់មាតុប្រទេសខ្លួនវិញ។
នេះបើតាមការបង្ហើបពីលោក ម៉ែន និមលរ័តន៍ សមាជិកនៃក្រុមអ្នករៀបចំការប្រកួតកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២០ បានបង្ហោះសារឱ្យដឹងថា៖ «សារីតា នឹងបន្តនៅសហរដ្ឋអាមេរិករហូតដល់ចុងខែមិថុនា សម្រាប់ការចូលរួមកម្មវិធីជាមួយ បងប្អូនសហគមន៏ខ្មែរ សម្រាប់ការជួបជុំបងប្អូន និងសម្រាប់ដំណើរកម្សាន្ត!»។
គួរឱ្យកត់សម្គាល់វត្តមានកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០២០ កញ្ញា រ៉េត សារីតា បងប្អូនរួមជាតិនៃសហគមន៍ពលរដ្ឋខ្មែររស់នៅលើទឹកដីសហរដ្ឋអាមេរិកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅហ៊ឹកហ៊ាក់ បំផុតចាប់តាំងពីកញ្ញាបានឈានជើងចុះពីយន្តហោះទៅដល់ទឹកដីជាលំនៅឋានរបស់បងប្អូនខ្មែររស់នៅឯនាយសមុទ្រនោះមកម្ល៉េះ។
ដូចជាកាលពីពេលដំណើរទៅដល់ជាលើកដំបូងរបស់កញ្ញា សារីតា នៅទីក្រុងឡូសអេនជឺឡេស និងទីក្រុងជេកសុនវីល ក្នុងរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិកជាដើមនោះ គឺមានការរៀបចំជាក្បួនយានជំនិះដ៏ល្អប្រណីតខ្នាតវែងម៉ាក លីម៉ូស៊ីន មកទទួលកញ្ញា និងគារវកិច្ចប្រកប ដោយភាតរភាពនៃជាតិសាសន៍ខ្មែរដូចគ្នាតែម្តង៕