ក្រុងឡុងប៊ិចៈ តាមរយៈ​បណ្តុំ​រូបភាព​យ៉ាងច្រើន​តាម​បណ្តាញ​សង្គម មិន​មែន​មាន​តែ​បងប្អូន​ខ្មែរ​ក្នុង​ស្រុក​នោះ​ទេ ដែល​មាន​ភាព​សកម្ម​ប្រឹង​ប្រែង​រក្សា​វប្បធម៌​ខ្មែរ ជា​កេរ​មរតក​ពី​ដូនតា សូម្បី​តែ​បងប្អូន​ខ្មែរ​រស់​នៅ​ឯនាយ​សមុទ្រ​ដែល​នៅ​តំបន់​នៃ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាមេរិក ក៏​បាន​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​លើក​ទី ១០ ក្នុង​ឆ្នាំ ២០១៨ នេះ ក្រោម​ប្រធាន​បទ​ថា «កម្មវិធី​បុណ្យ​វប្បធម៌​ខ្មែរ ឬ Cambodia Town Culture Festival» កាល​ចុង​សប្តាហ៍​កន្លង​មក។

បើតាម​សេចក្តី​ជូន​ដំណឹង​ត្រួសៗ​នៃ​គេហទំព័រ​របស់ Cambodia Town Culture Festival ឲ្យ​ដឹង​ថា កម្មវិធី​បុណ្យ​វប្បធម៌​ខ្មែរ​នេះ ប្រារព្ធ​ធ្វើ​ប្រចាំ​ឆ្នាំ និង​បាន​រៀបចំ​ឡើង​ដោយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ សហរដ្ឋ​អាមេរិក ជា​ពិសេស តំបន់​នៃ​ក្រុង​ឡុងប៊ិច ដែល​ចូលរួម​យ៉ាង​ផុសផុល​ពី​សំណាក់​បងប្អូន​ខ្មែរ​ទាំង​បម្រើ​ការងារ​រក​ស៊ី និង​ធ្វើ​ការ​នៅ​អង្គការ NGO។

គេ​បានឃើញ​បងប្អូន​ខ្មែរ​គ្រប់​ស្រទាប់​វ័យ​តែម្តង បាន​ចូលរួម​យ៉ាង​សស្រោក​សស្រាំ ដើម្បី​បុព្វហេតុ​បង្ហាញ​ពី​កម្រង ឬ​ទម្រង់​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បន្សល់​ពី​ដូនតា​ដើម្បី​ចែក​ជូន​ដល់​ជន​បរទេស​ឲ្យ​បាន​ស្គាល់ និង​ស្វែង​យល់​ពី​ខ្មែរ។

ជាទូទៅ​នោះគេ​ឃើញ​មាន​បង្ហាញ​នូវ​ទម្រង់​សិល្បៈ​ខ្មែរ​មានដូចជា ការសម្តែង​របាំ​បុរាណ ការ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​ខ្មែរ ការ​លេង​ល្បែង​ប្រជាប្រិយ ការ​បង្ហាញ​ពី​សិល្បៈ​គំនូរ ការ​បង្ហាញ​សិល្បៈ​ល្ខោន​ស្រមោល ឬ​ល្ខោន​ស្បែក ការ​បង្ហាញ​ឧបករណ៍​តន្ត្រី និង​ភ្លេងខ្មែរ សិល្បៈ​សិប្បកម្ម​តម្បាញ បង្ហាញ​នូវ​សម្លៀក​បំពាក់​រៀប​អាពាហ៍​ពិពាហ៍ និង​បង្ហាញ​មុខ​ម្ហូប​ខ្មែរ ជាដើម។

ឈុតសម្លៀកបំពាក់ក្រុមរាជវង្សានុវង្សខ្មែរ​បុរាណ​។ Cambodia Town​

អ្វី​កាន់តែ​ពិសេស​ទៀត​នោះ គឺ​ទើបតែ​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​តែប៉ុណ្ណោះ កម្មវិធី​បាន​បញ្ចូល​ក្បាច់​រាំវង់​ទៅ​ក្នុង​មាតិកា​ពិសេស​នៃ​កម្មវិធី ក្នុង​រូប​ភាព​ជា​ការ​ប្រកួត​ប្រជែង​រាំ​តែ​ម្តង សម្រាប់​ក្បាច់​រាំ​ប្រពៃណី​ខ្មែរ​មួយ​នេះ ខណៈ​នៅ​ឆ្នាំ ២០១៨ នេះ​ដែរ គេ​ក៏​ឃើញ​មាន​ការ​សម្តែង​នូវ​ឈុត​សម្លៀក​បំពាក់​សម័យ​បុរាណ​នៃ​រជ្ជកាល​ស្តេច​សូរ្យ​វរ្ម័នទី ២ និង​ឈុត​សម្លៀក​បំពាក់​នៃ​ក្រុម​រាជ​វង្សា​នុវង្ស​ក្សត្រ​ក្នុង​សម័យ​នោះ​ផង​ដែរ ដោយ​បាន​ធ្វើ​នៅ​ឯ​បណ្ណាល័យ Mark Twain Library ដើម្បី​ចូលរួម​លើក​ស្ទួយ​លើ​វិស័យ​អំណាន។

កម្មវិធី​បុណ្យ​វប្បធម៌​ខ្មែរ​លើក​ទី ១០ ឆ្នាំ ២០១៨ នេះ ក៏មាន​ការ​សាទរ​ពី​ខាង​តំណាងរាស្ត្រ​អាមេរិក​ប្រចាំ​រដ្ឋ California លោក Alan Lowenthal តំណាង​ស្រុក Los Angeles នៅ​តំបន់​ទី ៤ លោកស្រី Janice Hanh អភិបាល​ក្រុង​ឡុងប៊ិច លោក Robert Garcia ចៅ​សង្កាត់​ទី ៤ លោក Daryl Supernaw និង ចៅ​សង្កាត់​ទី ៦ លោក Dee Andrews ។

ចៅសង្កាត់​ទី ៦ លោក Dee Andrews ក៏​បង្ហាញ​ចំណាប់អារម្មណ៍​ខ្លួនឯង​ដែរ​ថា៖ «កម្មវិធី​បុណ្យ​វប្បធម៌​ខ្មែរ​លើក​ទី ១០ នេះ ជា​វិធី​មួយ​សម្រាប់​ការ​ជួប​ជុំគ្នា​នៃ​សហគមន៍​ខ្មែរ នៅ​ក្រុង​ឡុងប៊ិច និង​អាច​បង្ហាញ​ពី​ទម្រង់​សិល្បៈ​វប្បធម៌​ពួកគេ​ផង​ដែរ»៕