ក្រុងស្ទឹងត្រែងៈ ទើប​តែ​បង្កើត​មិន​បាន ១ ​ឆ្នាំ​មែន​ក្តី តែ​ផលិតផល​ច្នៃប្រឌិត​នៅឯ​សហគមន៍​បុរី​អូរសា្វយ​ក្នុង​ស្រុក​បង្កើត​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង​នោះ​កំពុង​តែ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​ចាប់​អារម្មណ៍​ជាវ​យក​មក​ប្រើ​ជា​ហូរហែ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​មាន​តម្លៃ​សមរម្យ ប្រើ​ហើយ​មិន​បារម្ភ​ពី​មាន​ជាតិ​គីមី​។

សហគមន៍​ផលិត​របស់​ប្រើប្រាស់​ពី​បំពង់​ឫស្សី​នោះ​ស្ថិត​នៅក្នុង​ភូមិ ឃុំ និង​ស្រុក​បុរីអូរស្វាយ ខេត្ត​ស្ទឹងត្រែង ដែល​បាន​បង្កើត​សិប្បកម្ម​ច្នៃប្រឌិត​របស់​ប្រើប្រាស់​នានា​រួមមាន​កែវ​ទឹក ពែង​ទឹក ប៉ាន់តែ និង​ប្រអប់​ក្រដាស​ជូត​មាត់ ជាដើម​បំពង់​ឫស្សី​ពី​ធម្មជាតិ​ពិតៗ​។

ពែង ឬ​កែវទឹក​ច្នៃ​ពី​ឫស្សី​នៅ​សហគមន៍​បុរីអូរស្វាយ​។ រូបថត ហ្វេសប៊ុក

លោក សែម ផល្លី ជា​ប្រធាន​សហគមន៍​បុរីអូរស្វាយ និង​ជា​មន្ត្រី​ទេសចរណ៍​នៅ​ស្រុក​ថ្មី​បង្ហើប​ពី​ការបង្កើត​សហគមន៍​កែច្នៃ​ឫស្សី​ឲ្យ​ទៅ​ជា​របស់​ប្រើប្រាស់​ទាំងនេះ​ថា​៖ «​យើង​ទើប​បង្កើត​ជា​សហគមន៍​ឡើង​មិន​ដល់ ១ ឆ្នាំ​នោះ​ទេ ដោយ​កាល​ដំបូង​ឡើយ​គឺ​មាន​ចំនួន ១១ គ្រួសារ តែ​ពេល​បច្ចុប្បន្ន​នៅ​សល់​តែ ២ គ្រួសារ​ប៉ុណ្ណោះ​ដែល​កំពុង​បន្ត​ការងារ​កែច្នៃ​ពី​ឫស្សី​ផលិត​ជា​របស់​ប្រើប្រាស់​មាន​ដូចជា​កែវ ពែង ប៉ាន់តែ និង​ប្រអប់​ក្រដាស​ជូតមាត់ ដើម្បី​លក់​ជូន​អតិថិជន ខណៈ​គ្រួសារ​ផ្សេង​ទៀត​កំពុង​រវល់​ធ្វើ​កិច្ចការ​ស្រែចម្ការ​»​។

ការច្នៃ​ឫស្សី​បង្កើត​ជា​កែវទឹក ពែង ប៉ាន់តែ និង​ប្រអប់​ក្រដាស​ជូតមាត់​គឺ​មួយ​ថ្ងៃ​សម្រាប់​សហគមន៍​ដែល​មាន​ចំនួន ២ ​គ្រួសារ (​មនុស្ស ៤ នាក់​) អាច​ផលិត​បាន​ចំនួន​ប្រមាណ ៥០ ទៅ ៦០ ពែង ឬ​កែវ ខណៈ​អតិថិជន​កុម្ម៉ង់​ទិញ​លើស​ពី​ចំនួន ៥០ ពែង ឬ​កែវ​ឡើង​ទៅ​សហគមន៍​នឹង​ជួយ​ចេញ​ថ្លៃ​សេវាកម្ម​ដឹកជញ្ជូន​ឲ្យ​។

ប្រអប់​ក្រដាស​ជូត​មាត់​ធ្វើ​ពី​ឫស្សី​។ រូបថត ហ្វេសប៊ុក

លោក សែម ផល្លី បន្ត​ឲ្យ​ដឹង​ពី​តម្លៃ​ថា​៖ «​កែវបំពង់​ឫស្សី​មាន​ដៃ ១ តម្លៃ ៤០០០ រៀល​សម្រាប់​តម្លៃ​លក់រាយ ខណៈ​តម្លៃ​លក់ដុំ​វិញ ១ មាន​តម្លៃ ៣៥០០ ​រៀល ប្រសិន​កុម្ម៉ង់​ទិញ​លើស​ចំនួន ៥០ ឡើង​។ ចំណែកឯ​កែវបំពង់​ឫស្សី​អត់​មាន​ដៃ​វិញ ១ តម្លៃ ៣ ០០០ រៀល​ សម្រាប់​តម្លៃ​លក់រាយ ខណៈ​តម្លៃ​លក់ដុំ​វិញ ១ មាន​តម្លៃ ២ ៥០០ ​រៀល​។ ចំពោះ​ការកុម្ម៉ង់​ជា​ឈុត​ប៉ាន់តែ ១ និង​ពែង​ចំនួន ៦ នោះ​អាច​មាន​តម្លៃ​ចន្លោះ​ពី ៤ ម៉ឺន រៀល ដល់ ៤៥ ០០០ រៀល​។ រីឯ​ប្រអប់​ក្រដាស​ជូត​មាត់​វិញ​មាន​ពីរ​ជម្រើស​គឺថា​ប្រអប់​ក្រដាស​ដែល​ផលិត​ពី​បំពង់​ឫស្សី ១ តម្លៃ ១២ ០០០ រៀល ខណៈ​ប្រអប់​ក្រដាស​ផលិត​ពី​ការត្បាញ​សាច់​ឫស្សី​វិញ​នោះ ១ តម្លៃ ១ ម៉ឺន រៀល​»​។

យ៉ាងណា​សម្រាប់​ការផលិត​ជា​កែវ ពែង ប៉ាន់តែ និង​ប្រអប់​ក្រដាស​ពី​បំពង់​ឫស្សី​នេះ​ក៏​មាន​បែបផែន និង​ចំណាយពេល​យូរក្រែល​ដែរ​ទើប​អាច​ចេញ​ជា​ផលិតផល​សម្រេច​យក​មក​ប្រើ​បាន​។

លោក សែម ផល្លី បង្ហើប​ប្រាប់​ថា​៖ «​យើង​ត្រូវ​ជ្រើស​ឫស្សី​ណា​ដែល​ត្រូវ​ខ្នាត និង​មាន​សាច់​ចាស់​ល្អ​មុន​នឹង​យក​មក​កាត់​ច្នៃ​តាម​តម្រូវការ​។ ចំពោះ​បំពង់​ឫស្សី​ដែល​កាត់​ជា​រូបរាង​ផ្សេងៗ​មាន​កែវ ពែង ឬ​ប្រអប់​ក្រដាស​នោះ ប្រើ​ពេល​ហាល​ថ្ងៃ​ចំនួន ៣ ទៅ ៤ ថ្ងៃ​ទើប​អាច​កែច្នៃ​បាន បើ​មិន​ដូច្នេះ​ទេ​នឹង​ខូច​គុណភាព ហើយ​ពេល​យក​ទៅ​ប្រើ​វិញ​ក៏​ឥត​បារម្ភ​ពី​សារជាតិ​គីមី​»៕