ខេត្តស្វាយរៀង៖ ផ្ទុះនូវការគាំទ្រជាវយ៉ាងគំហុកពីភ្ញៀវក្រៅប្រទេស ទើបតែមាននៅក្នុងរយៈកាល ២ ឆ្នាំចុងក្រោយនេះតែប៉ុណ្ណោះ សហគមន៍សិប្បកម្មមួយមានឈ្មោះថា «Kadeaux Khmer» ដែលផ្តួចផ្តើមគំនិត ដោយបុរសជាអាណិកជនខ្មែរ-បារាំងម្នាក់តាំងពីឆ្នាំ ២០១១ មក ខណៈដំបូងឡើយមិនសម្បូរអ្នកជាវ ឬចាប់អារម្មណ៍ទៅលើគ្រឿងសិប្បកម្មរបស់បងប្អូនខ្មែរ ស្ថិតនៅក្នុងភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នេះឡើយ។
លោក ពៅ វណ្ណៈ ជាជនពិការជើងស្តាំ ដោយសារតែជំងឺស្វិតដៃជើងពីកំណើត វ័យ ៤៧ ឆ្នាំ ជាអនុប្រធានសហគមន៍ ដែលបានប្រកបការងារសិប្បកម្មផលិតវត្ថុអនុស្សាវរីយ៍ និងគ្រឿងប្រើប្រាស់នានា ដែលច្នៃពីស្មៅចចូត ត្នោត និងឫស្សីនោះ បានឲ្យដឹងថា៖ «បច្ចុប្បន្នសហគមន៍«Kadeaux Khmer» មានសមាជិក ១៥ គ្រួសារ (ស្មើ ១៥ នាក់) ក្នុងចង្វាក់ផលិតកម្មផលិតគ្រឿង ឬវត្ថុអនុស្សាវរីយ៍នានា សម្រាប់ភ្ញៀវតាមការកុម្ម៉ង់ ហើយសមាជិកទាំងនោះ គឺជាស្រ្តីមេម៉ាយ និងស្រ្តីចាស់ៗ ព្រមទាំងជនពិការ។
ក្រុមសិប្បកម្មស្ត្រី និងជាជន-ពិការ ដែលមានទីតាំងនៅ ភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានច្នៃចេញជារបស់ប្រើប្រាស់នេះមានដូចជា មួក កាបូប កាតាប ស្មុគធំ កន្ទេល កន្រ្តកយួរ ឬជាប្រអប់ផ្សេងៗ ដែលធ្វើដោយដៃផ្ទាល់ ខណៈវត្ថុធាតុដើមមាន ៣ ប្រភេទ គឺស្មៅចចូត ត្នោត និងដើមឫស្សីថ្ង។
ដោយឡែកសម្រាប់គ្រឿង ឬវត្ថុអនុស្សាវរីយ៍ ច្នៃដោយដៃនៅសហគមន៍ឈ្មោះ «Kadeaux Khmer» ស្ថិតនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នោះវិញ គឺអាចកុម្ម៉ង់បានតាមតម្រូវការ ខ្នាត និងតាមចំណូលចិត្តនៃជម្រើសវត្ថុធាតុដើមទាំង ៣ បាន ខណៈផលិតផលសិប្បកម្មទាំងនេះកំពុងតែទទួលបានការចាប់អារម្មណ៍គាំទ្រពីភ្ញៀវនៅក្រៅប្រទេស មានដូចជាប្រទេស បារាំង អាល្លឺម៉ង់ ជប៉ុន ម៉ាឡេស៊ី ហ្វីលីពីន និងអូស្រ្តាលី ជាដើម។
លោក ពៅ វណ្ណៈ ដែលជាជនពិការជើងស្តាំ និងមានជំនាញត្បាញ និងចាក់គ្រឿងសិប្បកម្ម ដែលបានរៀនចេះតពីជីដូនមកក្នុងចំណោមសមាជិកទាំង ១៥ រូប ដែលមានស្រ្តី ១៤ រូបនោះ បានឲ្យដឹងពីតម្លៃនៃផលិតផលសិប្បកម្មផលិតដោយដៃសហគមន៍លោកថា៖ «ចំពោះគ្រឿងច្នៃពីចចូតអាចមានតម្លៃចន្លោះពី ១ ដុល្លារ ដល់ ២០ ដុល្លារ ខណៈគ្រឿងច្នៃពីធាងត្នោតវិញមានចន្លោះពី ២ ដុល្លារ ដល់ ៥ ដុល្លារ ហើយគ្រឿងច្នៃពីឫស្សីថ្ងនៅសហគមន៍យើងនោះ មានតម្លៃចន្លោះពី ៨០០ រៀល ទៅដល់ ៥ ដុល្លារ»។
ទន្ទឹមនឹងការទទួលបានការចាប់អារម្មណ៍គាំទ្រជាវពីភ្ញៀវនៅក្រៅប្រទេសយ៉ាងគគ្រឹកគគ្រេង នារយៈពេល ២ ឆ្នាំចុងក្រោយនេះ រហូតអស់ពីស្តុកនៃការផលិតទុកកន្លងមកនោះក្តី ក៏សហគមន៍សិប្បកម្មរបស់លោក ពៅ វណ្ណៈ នៅជួបបញ្ហាធំមួយ ដែលអាចរាំងស្ទះដល់ចង្វាក់ផលិតកម្មសិប្បកម្មនេះ គឺបញ្ហាមិនទាន់មានបណ្តាញចរន្តអគ្គិសនីរបស់រដ្ឋទៅដល់ទេ ដោយបច្ចុប្បន្ន ប្រើដៃសុទ្ធសាធក្នុងចង្វាក់សិប្បកម្ម ជាហេតុនាំមានការចំណាយពេលយូរចំពោះការច្នៃប្រឌិត ដែលត្រូវការគ្រឿងពីវត្ថុរឹងមានដូចជាធាងត្នោត និងឫស្សីជាដើម។
លោក ពៅ វណ្ណៈ លើកឡើងថា៖ «យើងធ្លាប់ស្នើឲ្យតភ្លើងដែរ តែគេតបថា សហគមន៍យើងមានតិចគ្រួសារ»៕