ព្រះវិហារ៖ ទ្រាំង​ជា​រុក្ខជាតិ​ដែល​សម្បូរ​លូតលាស់​នៅ​ទឹកដី​ខេត្តព្រះវិហារ​ និង​ប្រជាសហគមន៍​តំបន់​ការពារ​ធម្មជាតិ​ស្រុក​ឆែប បាន​ច្នៃ​វា​ចេញ​ជា​សម្ភារ​ប្រើប្រាស់​ និង​របស់​តាំង​លម្អ។ ការកែច្នៃ​នេះ​បាន​ក្លាយជា​មុខរបរ​ប្រពៃណី​មួយ​បន្ទាប់ពី​មុខរបរ​ស្នូល​គឺ​ការធ្វើ​ស្រែចម្ការ​របស់​ពួកគាត់។

ដោយ​មើលឃើញ​ពី​សក្តានុពល​របស់​ដើម​ទ្រាំង​ និង​ប្រជាជន​ក្នុងស្រុក​ឆែប​មានចំណេះ​ជំនាញ​ក្នុង​ការកែច្នៃ​ផលិតផល​ទ្រាំង​ស្រាប់ អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធ​អនុផល​ព្រៃឈើ​បានធ្វើ​ជំនួប​ពិភាក្សា​ជាមួយ​ប្រជាសហគមន៍ និង​បង្កើត​ចេញ​ជា​សហគ្រាស។

លោក​ ម៉េន សុខហេង មន្ត្រី​អភិវឌ្ឍន៍​សហគ្រាស​សហគមន៍​របស់​អង្គការ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ឆ្នាំ ២០១៨ សហគ្រាស​ចាប់ផ្ដើម​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ។ ពេលនេះ​យើង​មាន​សិប្បករ​ចំនួន ៥ ក្រុម​ដោយ ១ ក្រុម​មាន​ចាប់ពី ៥ នាក់​ទៅ ១០ នាក់​ជាង»។

ប៉ុន្តែ​ដោយសារ​កូវីដ​ផ្សារ​ត្រូវបាន​ផ្អាក​ ដូចនេះ​ផលិតផល​ទ្រាំង​មាន​តែ​ការកុម្ម៉ង់​តាម​អនឡាញ​ទេ​ ដែល​ដំណើរការបាន​សមគួរ។សហការី

លោក​បាន​បន្តថា​បច្ចុប្បន្ន​សមាជិក​មាន​វ័យ​ចាប់ពី ៣៥​ឆ្នាំ ទៅ ៧០ ឆ្នាំ ប៉ុន្តែ​ភាគច្រើន​គឺ​លើសពី ៥០ ឆ្នាំ។

លោក សុខហេង បញ្ជាក់ទៀត​ថា៖ «តាមពិត​យើង​មិន​គិតថា​ចាប់យក​ក្រុម​គោលដៅ​តែ​មនុស្ស​ចាស់​ទេ ប៉ុន្តែ​ជាក់ស្ដែង​ដោយសារ​តែ​អ៊ំ​ពូចាស់ៗ​គាត់​មាន​ជំនាញ​ស្រាប់ ហើយ​គាត់​ក៏​មិនអាច​ទៅណា​ឆ្ងាយ​ប្រកប​របរ​អ្វី​ទៀត​បាន​ ដូចនេះ​វា​ជា​មុខរបរ​បន្ថែម​ពី​ស្រែចម្ការ​ពេល​គាត់​ទំនេរ។ មួយវិញទៀត​គឺក្មេងៗ​មិនទាន់​មាន​អ្នកចេះ»។

មន្ត្រី​វ័យ ៣៣ ឆ្នាំ​រូបនេះ​បានឱ្យដឹង​ដែរ​ថា​ដំបូង​សិប្បករ​ច្នៃ​សម្ភារ​មានតែ​មួយចំនួន​តូច​ប៉ុណ្ណោះ ដូចជា​ការបិត​ចង្កឹះ និង​ត្បាញ​ចេញ​ជា​កន្ត្រក​​ ឬ​កន្ទេល​ធ្វើ​ទុក​តែ​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​តែ​ពេលនេះ​គាត់​អាចធ្វើ​ ដើម្បី​លក់​រកប្រាក់​ចំណូល​ក្រោយពី​អង្គការ​បាន​ចាប់​ដៃគូ​ជួយ​កសាង​សមត្ថភាព​ពួកគាត់។

លោក​ថា​ទី ១ អង្គការ​បាន​បង្កើត​ក្រុម​ឱ្យមាន​ការទទួលស្គាល់​ពី​អាជ្ញាធរ។ ទី២ បង្កើត​រចនាសម្ព័ន្ធ​ឱ្យមាន​សមាជិក​ និង​មាន​គណៈកម្មការ។ អង្គការ​ថែមទាំង​បាន​បង្រៀន​ពី​បច្ចេកទេស​កែច្នៃ​ផលិតផល​ចេញពី​ទ្រាំង​ដោយ​ផ្ដល់​ជា​វគ្គ​បណ្ដុះបណ្ដាល​បង្រៀន​ការទុក​ឯកសារ​បញ្ជីស្នាមភាព​ជា​សហគ្រិន និង​ការដឹកនាំ រួមទាំង​ការគ្រប់គ្រង​លុយ​របស់​ក្រុម​ពួកគាត់។

សម និង​ស្លាបព្រា​អាច​ប្រើ​បានយូរ​អង្វែង ហើយ​កាន់តែ​ប្រើ​កាន់តែ​រលើបរលោង។សហការី

មកដល់​ពេលនេះ​ប្រជាជន​បាន​យល់ដឹង​ច្រើនណាស់​ទាំង​ការផលិត​ជា​សម្ភារប្លែកៗ និង​ទៅលើ​បច្ចេកទេស​ក្នុង​ការកាត់​ធនធាន​ទ្រាំង​ក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ភូមិ​របស់គាត់​មិនឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ ឬ​និរន្តរភាព​របស់​ទ្រាំង។

លោក សុខហេង ឱ្យដឹងថា៖ «ទ្រាំង​មាន ៣ ប្រភេទ​តែ​ទ្រាំង​ដែល​យក​មកប្រើ​ប្រាស់​គឺមាន​តែ​ទ្រាំង​ស្នែងក្របី និង​ទ្រាំង​ឈាមមាន់ ហើយ​ក្នុង ១​ ដើម​គាត់​កាត់​តែ​ធាង​ណា​ដែល​គ្រប់​អាយុ​ដូចជា ៣០ ឆ្នាំ​ប៉ុណ្ណោះ។ វា​មិន​បង្ក​គ្រោះភ័យ​អ្វី​ទេ»។

មន្ត្រី​អភិវឌ្ឍន៍​សហគ្រាស​សហគមន៍​រូបនេះ​រៀបរាប់ថា៖ «សម្ភារ​ប្រើប្រាស់​មាន ចង្កឹះ វែក​បាយ វែកឆា វែកកូរ ស្លាបព្រា​សម ឈើច្រត់​ និង​ដាវ​ដែលជា​របស់​តាំង​លម្អ។ វា​មានតម្លៃ​ចន្លោះ​ពី ៣០០០ រៀល ដល់ ១៥០០០ រៀល»។

សម និង​ស្លាបព្រា​អាច​ប្រើ​បានយូរ​អង្វែង ហើយ​កាន់តែ​ប្រើ​កាន់តែ​រលើបរលោង។សហការី

កន្លងមក​អតិថិជន​មាន​អ្នកភូមិ​ហាង​លក់​បាយ​កន្លែង​លក់​គ្រឿងសង្ហារិម ហើយ​ក្រៅពីនេះ​ខាង​អង្គការ​បាន​ភ្ជាប់​សិប្បករ​ទៅ​ផ្សារ​ចុង​សប្ដាហ៍​របស់​មន្ទីរ​កសិកម្ម​បើក ២ ថ្ងៃ​គឺ​សុក្រ ​និង​សៅរ៍។

ផលិតផល​សហគមន៍​មាន​ទាំង​សម្ភារ​កែច្នៃ ទិន្នផល​បន្លែ​ត្រី​សាច់ផ្សេងៗ ប៉ុន្តែ​ដោយសារ​កូវីដ​ផ្សារ​ត្រូវបាន​ផ្អាក​ ដូចនេះ​ផលិតផល​ទ្រាំង​មានតែ​ការកុម្ម៉ង់​តាម​អនឡាញ​ទេ​ដែល​ដំណើរការ​បាន​សមគួរ។

លោក​បាន​រៀបរាប់​ពី​គុណប្រយោជន៍​សម្រាប់​អ្នក​ដែល​ជ្រើសរើស​ប្រើប្រាស់​សម្ភារ​ទ្រាំង​ដូច្នេះ​ថា៖ «យើង​បាន​ផលិតផល ដែល​ទាំង​ជា​ធម្មជាតិ​ និង​សរីរាង្គ។ វា​ជា​ផលិតផល​កម្រ ហើយ​ប្រើ​បាន​យូរ​អង្វែង កាន់តែ​ប្រើ​វា​កាន់តែ​រលើបរលោង ចំពោះ​វែក​វិញ​មិន​ក្តៅ​ ឬ​រលាយ​ដូច​វែកជ័រ​ និង​វែក​ដែក​ទេ»។

លោក​បាន​លើក​គុណប្រយោជន៍​ទៀតថា៖ «យើង​ក៏​នឹង​បាន​ជួយ​លើកកម្ពស់​កម្រិត​ជីវភាព​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល និង​រក្សា​មុខរបរ​ប្រពៃណី​ពី​បុរាណ។ ហើយ​ក៏​បានរួម​ចំណែក​ការពារ​ធនធាន​ព្រៃឈើ​មិនមែន​ត្រឹមតែ​ទ្រាំង​ទេ ពីព្រោះ​តាម​គោលការណ៍​អង្គការ ៥% នៃ​ប្រាក់ចំណេញ​ប្រចាំឆ្នាំ​របស់​សិប្បករ​នឹង​ជូនទៅ​សហគមន៍​ព្រៃឈើ​ដែល​គាំទ្រ​ក្រុម​ល្បាត​ព្រៃ»។

ក្រៅពី​ការផលិត​ដើម្បី​ប្រាក់ចំណូល​ប្រជាជន​យល់ដឹង​ពី​ការប្រើប្រាស់​ធនធាន​ដើម​ទ្រាំង​ប្រកប​ដោយ​និរន្តរភាព។សហការី

ប៉ុន្តែ​លោក សុខហេង ប្រាប់ថា​បច្ចុប្បន្ន​សហគ្រាស​ក៏​មាន​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​ដែរ គឺ​អ្នក​ផលិត​ភាគច្រើន​ចាស់ៗ អង្គការ​មាន​ការព្រួយបារម្ភ​ខ្លាច​មិនមាន​អ្នក​បន្តវេន​មុខរបរ​ប្រពៃណី​នេះ​ដោយ​ទ្រាំង​ក៏​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ក្នុង​ស្រុក​ឆែប​ផងដែរ។

ចំណុច​បន្ទាប់​គឺ​ការផលិត​ដោយ​ដៃ​របស់​ពួកគាត់​ទាំងស្រុង​ក៏​ជា​កត្តា​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​យឺតយ៉ាវ។ មួយទៀត​នោះ​គឺ​ការកាប់​រាន​ដី​ឈូសឆាយ​អនាធិបតេយ្យ​មួយចំនួន​ដែល​បំផ្លិចបំផ្លាញ​ទាំង​ព្រៃឈើ និង​ធនធាន​ទ្រាំង។

លោក សុខហេង បាន​ប្រាប់ថា៖ «ដូច្នេះ​ហើយ​បាន​យើង​ព្យាយាម​ផ្សព្វផ្សាយ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូលរួម​ ព្រោះ​ចាស់ៗ​គាត់​កម្លាំង​រាង​ខ្សោយ ភ្នែក​គាត់​ក៏​មើល​មិនសូវ​ច្បាស់ ផលិត​ទៅ​មិនសូវ​លឿន​រហ័ស»។

មន្ត្រី​អភិវឌ្ឍន៍​សហគ្រាស​សហគមន៍​បាន​បន្តទៀតថា៖ «យើង​គិតថា​ប្រសិនបើ​មាន​ថវិកា ឬ​ជំនួយ​ពី​អង្គការ​ណា​បន្ថែម​ទាក់ទង​នឹង​ឧបករណ៍​ជា​ផលិតផល​ពាក់កណ្ដាល​សម្រេច​ក៏បាន​ ដើម្បី​ជួយ​សម្រាល​ការងារ​គាត់​ និង​បំពេញ​តម្រូវការ​ទីផ្សារ​ឱ្យបាន​ទាន់»។

អង្គការ​ចង់​ពង្រឹង​សមត្ថភាព​គាត់​ទាក់ទង​នឹង​ចំណេះដឹង​ទីផ្សារ​ជាពិសេស​ភាពជា​សហគ្រិន។សហការី

លោក​ក៏បាន​ផ្សារភ្ជាប់​ទៅនឹង​គម្រោង​អនាគត​របស់​អង្គការ​ចំពោះ​សិប្បករ​ថា អង្គការ​ចង់​ពង្រីក​ផលិតកម្ម​ចង់​ពង្រឹង​សមត្ថភាព​គាត់​ទាក់ទង​នឹង​ចំណេះដឹង​ទីផ្សារ​ជាពិសេស​ភាពជា​សហគ្រិន​ ដើម្បី​ឱ្យ​គាត់​ចេះ​រកស៊ី ចេះ​សហការ​គ្នា​ដើម្បី​ធ្វើ​ជំនួញ​ឱ្យ​ជោគជ័យ។

លោក សុខហេង បាន​ប្រាប់ថា៖ «យើង​មិន​រំពឹងថា​អង្គការ​នឹង​នៅ​ជាមួយ​គាត់​យូរ​ទេ។ យើង​ចង់ឃើញ​បើ​យើង​បញ្ចប់​គម្រោង​សហគមន៍​អាច​ក្រោកឈរ​ដោយ​ខ្លួនឯង​បាន នៅតែ​អាច​ដំណើរការ​ និង​រកប្រាក់​ចំណូល​ជួយ​សមាជិក​គ្រប់គ្នា​បាន»។

លោក​ក៏​អំពាវនាវ​ដែរ​ថា៖ «ចុងក្រោយ​ខ្ញុំ​ក៏​ចង់ឱ្យ​បងប្អូន​ខ្មែរ​យើង​គួរ​យកចិត្ត​ទុកដាក់​លើ​ធនធាន​ទ្រាំង​ ព្រោះ​វា​ជា​ធនធាន​កម្រ និង​មាន​ប្រយោជន៍​ច្រើនណាស់​ទាំង​ធាង ស្លឹក​និង​ខ្លឹម​របស់​វា​សុទ្ធតែ​អាច​ច្នៃ​ចេញ​ជា​សម្ភារ​បាន​ទាំងអស់»។

ក្រុម​កែច្នៃ​ផលិតផល​ពី​ដើម​ទ្រាំង​ស្រុក​ឆែប​អាច​ទំនាក់ទំនង​បាន​តាម​ទំព័រ​ហ្វេសប៊ុក @TraingProcessing៕

ចង្កឹះ​ធ្វើ​ពី​រុក្ខជាតិ​ទ្រាំង​អាច​ប្រើប្រាស់​បានយូរ​អង្វែង។សហការី

សមាជិក​មាន​វ័យ​ចាប់ពី ៣៥ ឆ្នាំ​ទៅ ៧០ ឆ្នាំ ប៉ុន្តែ​ភាគច្រើន​គឺ​លើស​ពី ៥០ ឆ្នាំ។សហការី

អ្នក​ផលិត​វ័យ​ចំណាស់​ប្រើប្រាស់​ពលកម្ម​ដោយ​ដៃ​ទាំងស្រុង​សម្រាប់​ការកែច្នៃ។សហការី