ក្រុង​សៀមរាប៖ ដោយ​មាន​គោលដៅ​​សំខាន់​បំផុត​​ចង់​ថែរក្សា និង​ផ្សព្វផ្សាយ​​នូវ​សិល្បៈ​​វប្បធម៌​ ដែល​ជា​កេរមរតក​​ដ៏​យូរ​លង់​​​​ខ្មែរ​ពី​បរមបុរាណ​មក​​ ប្រកាន់​ខ្ជាប់​នូវ​ក្បួន​ខ្នាត​​បុរាណ​ កុំ​ឲ្យ​បាត់បង់​ និង​ចង់​លើក​​ស្ទួយ​​ឲ្យ​ក្លាយ​​ទៅ​​ជា​សម្បត្តិ​​បេតិកភណ្ឌ​នៃ​វប្បធម៌​ជាតិ​​នោះ ទើប​ក្រុម​អាចារ្យ​ចេះ​សាក់​យ័ន្ត​ខ្មែរ​ បាន​​បង្កើត​ជា​សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត​ឡើង​នៅ​ឆ្នាំ​ ​២០១៤​។

បើ​តាម​​លោក សាយ ទេវិន្ទ (SAY TEVINT) ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត ​​(Federation Khmer Sakyant) បង្ហើប​​ថា៖ «​តាម​​ពិត​ទៅ​ ​ការ​​ផ្តួច​ផ្តើម​ និង​ស្នើ​សុំ​​រៀបចំ​​សហសព័ន្ធ​ខ្មែរ​សាក់យ័ន្ត​នេះ​ មាន​តាំង​ពី​ឆ្នាំ ​២០១២-២០១៣ មក តែ​សំណើ​​បរាជ័យ​ដោយសារ​​គេ​មិន​អនុញ្ញាត​។​ លុះ​ឆ្នាំ ​២០១៤​ ទើប​យើង​សម្រេច​ចិត្ត​ប្រមែ​​ប្រមូល​ក្រុម​គ្រូ​​សាក់​យ័ន្ត​ខ្មែរ​នៅ​​ទី​នានា​ក្នុង​ខេត្ត​សៀមរាប ចាប់​ផ្តើម​​ធ្វើ​កិច្ច​ការ​ផ្សព្វផ្សាយ​នេះ​មក​។ បច្ចុប្បន្ន​នេះ សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត​មាន​​​​​ជាង ១០ អាស្រម (សមាជិក/សាខា​​) ​ដោយ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ ៤ អាស្រម និង​ខេត្ត​សៀមរាប មាន​ ៧-៨ អាស្រម​ ដែល​​​កំពុង​តែ​បាន​បន្ត​​​ជំនាញ​សាក់​យ័ន្ត​ខ្មែរ​បែប​បុរាណ​មួយ​នេះ​ ទោះបី​ជា​បាន​ជួប​នូវ​ភាព​ខក​បំណង​ មិន​សូវ​ទទួល​​បាន​ការ​ឲ្យ​តម្លៃ​ក្នុង​សង្គម​យ៉ាង​ណា​ក្តី»​។ ​

គ្រូ​អាចារ្យ​ធ្វើ​ពិធី​ប្រសិទ្ធី​ នៅ​មុន​ពេលត្រូវ​ចាក់​​សាក់​យ័ន្តខ្មែរ​បុរាណ​។ រូបថត FKS​

ប្រធាន​សហព័ន្ធ​ខ្មែរ​សាក់​យ័ន្ត​បន្ត​​​ថា៖ «តាំង​ពី​​​​​បង្កើត​សហព័ន្ធ​នៅ​​ឆ្នាំ ​២០១៤ មក សិល្បៈ​សាក់​​យ័ន្ត​ខ្មែរ​បុរាណ​មួយ​នេះ ក៏​ចាប់​ផ្តើម​មាន​​​ការ​ពេញ​និយម​បណ្តើរៗ​ ជា​ពិសេស​នោះ ​មាន​ការ​គាំទ្រ​ និង​ឲ្យ​តម្លៃ​ខ្លាំង​ពី​ជន​បរទេស​ ខណៈ​ខ្មែរ​យើង​មាន​ចំនួន​តិច​ជាង​។ ចំពោះ​សិល្បៈ​​នេះ មាន​​ការ​យល់​​ឃើញ​ខុស​គ្នា​រវាង​ជន​បរទេស និង​ពលរដ្ឋ​ខ្មែរ​។ បរទេស​គេ​ឲ្យ​តម្លៃ និង​​ជឿ​ថា វា​ជា​​ទម្រង់​សិល្បៈ​បុរាណ​ពិតៗ​ និង​ជា​និមិត្ត​រូប​មួយ ​នាំ​ឲ្យ​ពួក​គេ​មាន​​ក្តី​សុខ សន្តិភាព​ផ្លូវ​អារម្មណ៍​។ ចំណែក​ឯ​​​​​ខ្មែរ​យើង​វិញ​យល់​ថា ជា​អបិយ​ជំនឿ​​​ ហើយ​គេ​ជឿ​ថា អាច​ជួយ​​​ឲ្យ​ពួក​គាត់​ទទួល​បាន​សេចក្តី​សុខ​ចៀស​ផុត​គ្រោះ​ចង្រៃ​ និង​មាន​​​លាភ​មាន​ជ័យ​ក្នុង​របរ​រកស៊ី​ទៀត​ផង​។​ ជា​មធ្យម​ នៅ​​អាស្រម​នានា​នៅ​ក្នុង​ខេត្ត​សៀមរាប​អាច​មាន​​​អ្នក​​​​សាក់​យ័ន្ត​ទាំង​បរទេស និង​ខ្មែរ​​ ​ចំនួន​ប្រមាណ ៣០ នាក់ នៅ​ក្នុង ​១ ​ខែ​»។

ដោយ​ឡែក​ការ​សាក់​យ័ន្ត​ខ្មែរ​នេះ ​ក៏​ទាមទារ​ឲ្យ​អ្នក​ចង់​សាក់​ ត្រូវ​តែ​ធ្វើ​​តាម​​ក្បួន​​​​ទំនៀម​​ទម្លាប់​​​ពី​បរម​បុរាណ​​មក​​​ ដោយ​តម្រូវ​ឲ្យ​ទិញ​​ផ្លែ​ឈើ​ ៧ មុខ ផ្កា​ឈូក ១០ ទង បង់​​ប្រាក់​ ១ ម៉ឺន រៀល​ជា​ ​ទ្រនាប់​គ្រូ ខណៈ​​​​សោហ៊ុយ​​ជូន​អាចារ្យ​​សាក់​ថែម​នោះ គឺ​អាស្រ័យ​​​លើ​​​ទឹក​​ចិត្ត​អ្នក​មក​​​សាក់​។​ ហើយ​ការ​សាក់​យ័ន្ត​ខ្មែរ​បុរាណ​នេះ អាច​ចំណាយ​ពេល​តិច​បំផុត ៣០ ទៅ ៤០ នាទី សម្រាប់​សាក់​អក្សរ ឬ​រូប​យ័ន្ត​តូចៗ ខណៈ​សាក់​យ័ន្ត​ធំ​បំផុត នឹង​ត្រូវ​ចំណាយ​ពេល ៨ ម៉ោង​។ ការ​សាក់​នេះ​ក៏​ត្រូវ​ការ​ ភាព​អត់​ធ្មត់ និង​ភាព​ស៊ូទ្រាំ ​ពី​អ្នក​ចង់​សាក់​ដែរ ដោយសារ​ត្រូវ​រង​ការ​ឈឺ​ចាប់​ត្រង់​​សាច់​​​ត្រូវ​សាក់ ព្រោះ​ត្រូវ​ប្រើ​​ដែក​ចាក់​សាច់​ និង​មាន​ត្រណម​នៃ​ទីតាំង​សាក់​យ័ន្ត​ផង​ដែរ​​។

ក្រុម​គ្រូ​អាចារ្យ​សាក់​យ័ន្ត ជាសមាជិក​សហ​ព័ន្ធខ្មែរ​សាក់យ័ន្ត (FKS)​​។ រូបថត FKS

លោក សាយ ទេវិន្ទ បង្ហើប​ថា៖ «​មាន​ភ្ញៀវ​ខ្លះ​យំ​សោក ខ្លះ​រហូត​ដល់​សន្លប់​ក៏​មាន​ដែរ​ ពេល​មក​សាក់​។ តែ​នៅ​តែ​មក​​​ព្រោះ​​ជា​ក្តី​ស្រឡាញ់​ និង​ចង់​មាន​នូវ​ស្នាម​សាក់​យ័ន្ត​របស់​ខ្មែរ​​យើង​។ ​ចំពោះ​ទីតាំង​នៃ​រាង​កាយ​អ្នក​​សាក់​ទៀត​សោត មិន​អាច​ធ្វើ​ការ​កុម្ម៉ង់​តាម​ចំណង់​ចិត្ត​ខ្លួន​បាន​ឡើយ​ ហើយ​សាក់​រូប​អនុស្សាវរីយ៍​នានា​មាន​ដូចជា​ផ្កា​កុលាប មនុស្ស​ជា​គូស្នេហ៍ ឬ​អក្សរ​ជា​​សារ​ជូនពរ​នានា ក៏​យើង​មិន​សាក់​ជូន​ដែរ គឺ​យើង​ទទួល​សាក់​តែ​យ័ន្រ្ត​​ខ្មែរ ​២ ​ប្រភេទ​ប៉ុណ្ណោះ​ គឺ​យ័ន្រ្ត​អក្សរ និង​​​យ័ន្ត​រូប​​​តាម​ក្បួន​បុរាណ​ខ្មែរ​»។​​

លោក សាយ ទេវិន្ទ វ័យ ​៣២ ឆ្នាំ បាន​បង្ហើប​ពី​ប្រវត្តិ​នៃ​សិល្បៈ​សាក់​យ័ន្ត​ខ្មែរ​បែប​បុរាណ​នេះ​​ថា «​ទោះ​បី​ជា​​មាន​ក្រុម​អ្នក​​ប្រាជ្ញ​ខ្មែរ​យើង​មួយ​ចំនួន​ បាន​សរសេរ​ពី​ប្រវត្តិ​នៃ​សិល្បៈ​វប្បធម៌​សាក់​យ័ន្ត​ខ្មែរ​នេះ​​ច្រើន​យ៉ាង​ណា​ក្តី តែ​បើ​តាម​សំណេរ​ស្រាវជ្រាវ​របស់​លោក​បណ្ឌិត មីសែល ត្រាណេ ដែល​ជា​អ្នក​បុរាណ​​វិទូ​ខ្មែរ​នោះ លោក​បាន​កំណត់​ច្បាស់​នូវ​ប្រវត្តិ​នៃ​សិល្បៈ​សាក់​យ័ន្ត​នេះ ​គឺ​លោក​អះអាង​ថា មាន​​អាយុកាល​ប្រមាណ​ ២ ៥០០ ឆ្នាំ មុន​​គ្រិស្ត​សករាជ​ឯណោះ។ អាស្រ័យ​ហេតុ​នេះ ខាង​សហព័ន្ធ​យើង​ក៏​បាន​ប្រើប្រាស់​សំណេរ​ប្រវត្តិ​នេះ​ ជា​ឯកសារ​មួយ​ជាក់លាក់​ពី​ប្រវត្តិ​តែ​ម្តង ខណៈ​យើង​ក៏​ចាំ​មើល​ដែរ​ថា ប្រសិន​បើ​មាន​អ្នក​ប្រាជ្ញ​ខ្មែរ​ផ្សេងៗ​​ទៀត​​ លោក​បាន​សរសេរ​ពី​រឿង​នេះ ​បាន​ច្បាស់​លាស់​យ៉ាង​ណា»៕