The Phnom Penh Post Search

Search form

សាច់​ញាតិ​ស្លាប់​ យំ​មិន​ចេញ កុំ​បារម្ភ ហ្គាណា មាន​​អ្នក​ឯកទេស​យំ​សោក​បោក​ខ្លួន​ជំនួស​

Content image - Phnom Penh Post

សាច់​ញាតិ​ស្លាប់​ យំ​មិន​ចេញ កុំ​បារម្ភ ហ្គាណា មាន​​អ្នក​ឯកទេស​យំ​សោក​បោក​ខ្លួន​ជំនួស​

ក្រុង​អាក្រា : មនុស្ស​ជា​ច្រើន​ពិបាក​សម្រក់​ទឹក​ភ្នែក ពេល​អ្នក​​ជា​ទី​ស្រឡាញ់​លា​ចាក​លោក​។ ​តែ​ការ​ស្រែក​ទ្រហោរ​យំ និង​ទួញ​សោក​កាន់​ទុក្ខ​គឺជា​​ផ្នែក​ធំ​មួយ​នៃ​ពិធី​បុណ្យ​សព​ក្នុង​ប្រទេស​ហ្គាណា នៃ​តំបន់​អា​ហ្រ្វិក​។

ដូច្នេះ វា​មិន​មាន​ចម្លែក​ទេ ដែល​ពលរដ្ឋ​ហ្គាណា​ មួយ​ចំនួន​ហ៊ាន​ចំណាយ​ប្រាក់​​ជួល​អ្នក​ជំនាញ​យំ មក​សម្រក់​ទឹក​ភ្នែក​​ជំនួស​ខ្លួន​នោះ​។

អ្នកស្រី អាមី ដុកលី អ្នក​ដឹក​នាំ​ម្នាក់​នៃក្រុម​អ្នក​ជំនាញ​យំ​នៅ​ហ្គាណា​។ ក្នុង​បទ​សម្ភាស​ជាមួយ​ BBC Africa អ្នកស្រី​និយាយ​ថា អ្នក​ខ្លះ​យំ​មិន​ចេញ​នៅ​ចំពោះ​មុខ​បុណ្យ​សព​សាច់​ញាតិ​។ ដូច្នេះ ពួកគេ​ពឹង​លើ​អ្នកស្រី និង​ក្រុម​ការងារ​ឲ្យ​យំ​សោក​បោក​ខ្លួន​ជំនួស​។

​អ្នកស្រី និង​ស្ដ្រី​ផ្សេង​ទៀត ដែល​សុទ្ធតែ​ម៉េម៉ាយ​ដោយសារ​ប្ដី​ស្លាប់ បាន​សម្រេច​ចិត្ដ​ចង​ក្រង​ជា​ក្រុម​ដើម្បី​ជួយ​អ្នក​ដទៃ​ជូន​ដំណើរ​សាច់​ញាតិ​ទៅកាន់​សុគិតភព​។ ប៉ុន្ដែ​ការ​យំ​ស្រែក​ចំពោះ​អ្នក​អត់​ស្គាល់​គ្នា​សោះ មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​ឡើយ​។ ដូច្នេះ អ្នក​ឯកទេស​យំ​ គិត​ថ្លៃ​ស្មើរ​នឹង​ការ​ចំណាយ​បុណ្យ​សព​ឯណោះ​។

ជំនាញយំ​ជា​ផ្នែក​តូច​មួយ​នៃ​ពិធី​បុណ្យ​សព​ដ៏​ខ្ជះ​ខ្ជាយ​ក្នុង​សង្គម​ហ្គាណា​។ អ្នក​ខ្លះ​នៅ​ក្នុង​តំបន់​អា​ហ្វ្រិក​នេះ ហ៊ាន​ចំណាយ​ប្រាក់​ស្នើរ​នឹង​ពិធី​មង្គល​ការ​។

Content image - Phnom Penh Post

ក្រុម​ហ៊ុន​រៀបចំ​គម្រោង​បុណ្យ​សព​មួយ​បាន​ប្រាប់ CNN ថា ពិធី​បុណ្យ​សព​ជា​មធ្យម​ចំណាយ​ពី​​ចន្លោះ​ ១៥​០០០ ទៅ ២ ម៉ឺន​ដុល្លារ​ និង​គួរ​តែ​មាន​អ្នក​ស៊ី​ឈ្នួល​យំ​ច្រើន​នាក់​ថែម​ទៀត​។

​ព្រឹត្ដិការណ៍​សង្គម​ធំ​ៗ​ត្រូវបាន​សរសេរ​លើ​ផ្ទាំង​ប៉ាណូ​យក្ស​ ដែល​ប្រកាស​ពី​ការ​រៀបចំ​គម្រោង​បុណ្យ​សព​ និង​ជួន​កាល​ថែមទាំង​ការ​ចនា​មឈូស​ទៅ​តាម​សិល្បៈ​ប្លែក​ៗ​ ជាមួយ​ក្រុម​រាំ​ថែម​ទៀត​។

យោងតាម ម៉ាដាម អាវ៉ូ យ៉ាដុនកូ ជា​អ្នក​ដឹក​នាំ​សមាគមន៍​ក្រុម​អ្នក​យំ​ក្នុង​បុណ្យ​សព​កូម៉ាស៊ី ជា​ក្រុម​ស៊ីឈ្នួល​យំ​មួយ​ទៀត បាន​ឲ្យ​ដឹង​ថា អ្នក​ឯក​ទេស​យំ អាច​ជួយ​ក្រុម​គ្រួសារ​សព​រៃ​អង្គាស​ប្រាក់​ពី​អ្នក​ចូលរួម​បុណ្យ​។

គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រុម​អ្នក​ស៊ីឈ្នួល​យំ​ជំនាញ​ខ្លះ​ៗ​ ត្រូវ​​គិត​លុយ​តាម​ស្ទីល​នៃ​ការ​យំ ដែល​អតិថិជន​ត្រូវ​ការ​។ ការ​យំ​មាន​ស្ទីល​ប្លែក​ៗ ដូចជា យំ​ខ្ទប់​មុខ ស្រែក​ជំទាល​យំ​អស់​ពី​កម្លាំង​កាយ យំ​ប្រកាច់​រនៀល​ដី យំ​ដើរ​តាម​ពេញ​បរិវេណ​ផ្នូរ​សព យំ​ចេញ​ពី​ចិត្ដ យំ​ធម្មតា យំ​ផង​ក្អួត​ផង និង​យំ​ខ្ចាយ​ទឹក​ភ្នែក​សំពោង​៕ HR

ប្រភព odditycentral.com

អត្ថបទគួរចាប់អារម្មណ៍