ក្រុង​ហ្សាការតា៖​ ប្រចៀវ កណ្ដុរ និង​ពស់ នៅ​តែ​បន្ដ​លក់​នៅ​ទីផ្សារ​ឥណ្ឌូនេស៊ី​មួយ​ដែល​ល្បី​ខាង​លក់​សត្វ​ព្រៃ​ ទោះបី​ជា​រដ្ឋាភិបាល​ស្នើ​​ឲ្យ​ភោជនីយដ្ឋាន​ដក​ចេញ​ពី​តារាង​មុខ​ម្ហូប​ដោយ​បារម្ភ​ពី​ទំនាក់​ទំនង​សាច់​សត្វ ព្រៃ​ជាមួយ​វីរុស​កូរ៉ូណា ឬ​កូវីដ ១៩​។

តូប​លក់​សាច់​សត្វ​ដ៏​កខ្វក់​បាន​ដាក់​លក់​សត្វ​ចម្រុះ​ រួម​ទាំង​ពស់ កណ្ដុរ​ដោត​ចង្កាក់ និង​សាច់​ឆ្កែ​អាំង ដែល​ត្រូវ​បាន​រោល​​ឆ្អើរ​រោម​ ជា​ទិដ្ឋភាព​ដែល​ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​ចាត់​ទុក​ជា​ «​ដំណើរ​ឆ្ពោះ​ទៅ​កាន់​នរក​»។

អ្នក​លក់​ប្រចៀវ​ឈ្មោះ ស្ដេនលី ធីមប៊ូឡេង បាន​និយាយ​ថា លោក​នៅ​តែ​បន្ដ​អាជីព​ជា​អ្នក​លក់​សាច់​សត្វ​ដែល​មាន​តម្លៃ ៦ ម៉ឺន​រូព្យា (១៥ ០០០ រៀល​) ក្នុង ​១ គីឡូក្រាម ​ដល់​អតិថិជន​ក្នុង​តំបន់ ដែល​សាច់​ប្រចៀវ ​គឺ​ជា​អាហារ​ដ៏​ពិសេស​សម្រាប់​ពួក​គេ​។

បុរស​វ័យ ៤៥ ឆ្នាំ​រូប​នេះ បាន​ប្រាប់ ថា​៖ «​ខ្ញុំ​លក់​សាច់​សត្វ​ទាំង​នេះ​​ចន្លោះ​ ៤០ ទៅ ៦០ គីឡូក្រាម​ក្នុង ១ ​ថ្ងៃ​»។

សត្វ​ពស់ និង​សាច់សត្វ​ព្រៃ នៅ​ក្នុងផ្សារ​មួយ​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​​។ រូបថត AFP

ម្ចាស់​ភោជនីយដ្ឋាន Lince Reng-kuan ដែល​លក់​សាច់​ប្រចៀវ​ រួម​ទាំង ក្បាល​ និង​ស្លាប​ស្ងោរ​ស៊ុប​ជាមួយ​ខ្ទិះ​ដូង​ និង​គ្រឿង​ហឹរ បាន​និយាយ​ថា រូបមន្ដ​អាថ៌​កំបាំង​គឺ​ត្រូវ​ចេះ​រៀបចំ​។

អ្នកស្រី​និយាយ​ថា​៖ «​បើ​យើង​មិន​ចម្អិន​ប្រចៀវ​ឲ្យ​បាន​ឆ្អិន​ល្អ​ទេ ច្បាស់​ណាស់​វា​ប៉ះពាល់​ដល់​សុខភាព​។ យើង​ចម្អិន​វា​ឲ្យ​ឆ្អិន​សព្វ​ អ៊ីចឹង​អតិថិជន​នឹង​មិន​ថម​ថយ​ឡើយ​»។

ទោះបី​មាន​ការ​អំពាវនាវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​ទីភ្នាក់ងារ​សុខភាព​ឲ្យ​ដក​សាច់​ប្រចៀវ និង​សត្វ​ព្រៃ​ដទៃ​ទៀត​ចេញ​ពី​តារាង​មុខ​ម្ហូប​យ៉ាង​ណា​ក៏​ដោយ ក៏​រូដឌី ឡេងគុង ប្រធាន​ពាណិជ្ជកម្ម និង​ភ្នាក់​ងារ​ឧស្សាហកម្ម​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​ក៏​ជំរុញ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​ទទួល​ទាន​សាច់​សត្វ​ដែល​អាច​សង្ស័យ​ផ្ទុក​នូវ​វីរុស​គ្រោះ​ថ្នាក់​ផង​ដែរ​»។

ក្នុង​ទីក្រុង​ហ្សាការតា អាជីវករ​លក់​ពស់​ពន្លាត់​ស្បែក និង​ឈាម​ពស់​វែក ហាក់​មិន​ពិបាក​ស្វែង​រក​អតិថិជន​ឡើយ​។ អាជីវករ​ម្នាក់​បាន​និយាយ​ថា៖ «​វា​ជួយ​សុខភាព​អស់​លោក​ណាស់​។ វា​អាច​ព្យាបាល​ និង​ទប់​ទល់​នឹង​ជំងឺ​គ្រប់​ប្រភេទ​»៕ AFP/HR