ក្រុងប៉ារីស៖ សារមន្ទីរ Louvre ក្នុងក្រុងប៉ារីសបានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញអាវក្រោះលម្អមាស និងប្រាក់សម័យ Renaissance ជិត ៤០ ឆ្នាំក្រោយពីត្រូវបានចោរលួច។
អ្នកជំនាញវត្ថុបុរាណទម្រង់ទាហាន បានផ្ដល់តម្រុយដល់ប៉ូលិសក្រោយត្រូវបានខលមកជួយផ្ដល់ដំបូន្មានទាក់ទងនឹងបញ្ហាមរតកក្នុងក្រុង Bordeaux កាលពីខែមករា និងមានការសង្ស័យលើការប្រមូលទុករបស់ក្រុមគ្រួសារនូវមួក និងអាវក្រោះប្រណីត។
ក្រោយមក ប៉ូលិសបានរកឃើញវត្ថុបុរាណទាំងនោះពីទិន្នន័យនៃស្នាដៃសិល្បៈដែលត្រូវបានលួច ដោយត្រូវបានយកចេញពីសារមន្ទីរ Louvre កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៨៣ ជាអ្វីដែលនៅតែជាអាថ៌កំបាំង។
រដ្ឋអាជ្ញារក្រុង Bordeaux កំពុងធ្វើការស៊ើបអង្កេតថា តើវាធ្លាក់ទៅដល់ដៃក្រុមគ្រួសារដោយរបៀបណា។ អាវក្រោះ និងមួកត្រូវបានជឿថា ផលិតក្នុងក្រុងមីលែន ចន្លោះឆ្នាំ ១៥៦០ និង ១៥៨០។ ពួកវាត្រូវបានបរិច្ចាគឱ្យសារមន្ទីរ Louvre ក្នុងឆ្នាំ ១៩២២ ដោយក្រុមគ្រួសារ Rothschild។
លោក ហ្វីលីព ម៉ាល់ហ្គោរ៉េស ប្រធានស្នាដៃសិល្បៈកេរតំណែលសារមន្ទីរ Louvre បាននិយាយថា៖ «ខ្ញុំប្រាកដក្នុងចិត្ដថា យើងនឹងបានឃើញវាម្ដងទៀត ពីព្រោះវាជាវត្ថុបុរាណដ៏វិសេស។ ប៉ុន្ដែខ្ញុំមិនដឹកគិតថា វាដំណើរការយ៉ាងរលូន ដែលវាបែរជាស្ថិតនៅក្នុងប្រទេសបារាំង និងនៅជាឈុតតែម្ដង»។
លោកបានឱ្យដឹងថា៖ «វាជាអាវុធដ៏មានកិត្យានុភាព ផលិតពីស្នាដៃជំនាញបំផុត ដែលមិនខុសពីអ្នកឯកទេសផលិតរថយន្ដប្រណីតនាពេលបច្ចុប្បន្ន។ ក្នុងសតវត្សរ៍ទី១៦ អាវុធបានក្លាយជាវត្ថុសិល្បៈប្រណីតៗបំផុត។ អាវក្រោះបានក្លាយជាគ្រឿងលម្អ ដែលលែងត្រូវបានប្រើ»។
មានវត្ថុសិល្បៈ ១០ ម៉ឺនប្រភេទនៅលើបញ្ជិទិន្នន័យត្រូវបានលួចសកលរបស់បារាំង ដោយគ្រាន់តែឆ្នាំមុន វត្ថុចំនួន ៩០០ ត្រូវបានបញ្ចូល។
យោងតាម Jean-Luc Martinez អគ្គនាយកសារមន្ទីរ Louvre អំពើចោរកម្មចុងក្រោយបំផុតដែលលួចចេញពីសារមន្ទីរទទួលភ្ញៀវច្រើនបំផុតក្នុងលោក គឺនៅក្នុងឆ្នាំ ១៩៩៨ ជាគំនូររបស់វិចិត្រករបារាំង Jean-Baptiste Camille Corot សតវត្សរ៍ទី១៩។
លោក Martinez និយាយថា៖ «យើងនៅតែបន្ដស្វែងរកវា»៕ AFP/HR