ភ្នំពេញៈ ក្រោយពី​ធ្វើឲ្យ​ផ្អើល​ពិភព​សិល្បៈ​តាមរយៈ​ការច្នៃ​ម៉ូដ​សារុង​ខ្មែរ​ធ្វើ​ជា​រ៉ូប​រាត្រី​ឈុត​ស៊ីវិល័យ​រហូត​ដល់​សម្ភារ​ប្រើប្រាស់​តុបតែង​លម្អ​ផ្ទះ​នោះ តារាចម្រៀង​ចាយរាង អ្នកនាង ទូច ស្រីល័ក្ខណ៍ បាន​ធ្វើឲ្យ​សមិទ្ធផល​របស់​ខ្លួន​ល្បី​ឆ្លង​ទ្វីប​ដោយ​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​បងប្អូន​ខ្មែរ​ឯ​នាយសមុទ្រ​រហូត​ដល់​ជនបរទេស​។

តារាស្រី​មាន​ចរិត​រួសរាយ​រាក់ទាក់​មិន​ឆ្មើងឆ្មៃ​អ្នកនាង​ ទូច ស្រីល័ក្ខណ៍ ឈរ​ជើង​នៅ​លើ​វិថី​សិល្បៈ​ដោយ​មិន​ពឹង​ផ្អែកលើ​ផលិតកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖ «​ផ្តើម​ចេញ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​ខ្ញុំ​ដូចជា យាយ​ខ្ញុំ និង​ម៉ាក់​ខ្ញុំ​គាត់​ចូលចិត្ត​ស្លៀក​សារុង​ដែល​ស៊ក​នៅ​ចង្កេះ ជួនកាល​គាត់​យក​មក​ចោមពុង​ងូតទឹក វា​មាន​តាំងពី​យូរណាស់​មក​ហើយ ខ្ញុំ​ផ្ទាល់​ក៏​មិន​បាន​ដឹង​ពី​ប្រភព​របស់​សារុង​កើត​ចេញ​ពី​ណា​ដូចគ្នា គ្រាន់តែ​ដឹង​ថា​វា​ជា​របស់​ដែល​ដូនតា​ខ្មែរ​យើង​គាត់​ប្រើ ហើយ​សារុង​ក៏​ជា​ផ្នែក​មួយ​នៃ​សិល្បៈ​ដូចគ្នា ទើប​ខ្ញុំ​គិត​ថា​សារុង​អាច​យក​មក​កាត់​ជាមួយ​ហូល​ផាមួង​ច្នៃ​ចេញ​ជា​ម៉ូដ​ផ្សេងៗ ដែល​អាច​ពាក់​ចូល​ក្នុង​កម្មវិធី​ធំៗ​បាន​មិនមែន​សម្រាប់​ស្លៀក​តែ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ដោយ​មិនចាំបាច់​ប៉ាក់ ឬ​មួយ​ឌិន​អ្វី​នោះ​ទេ ព្រោះ​វា​មាន​ផ្កា​ស្រស់ស្អាត​ស្រាប់ ហើយ​យើង​មិន​ពិបាក​នោះទេ​»​។

អ្នកនាង​បាន​ឲ្យ​ដឹង​ដែរ​ថា សារុង​ខ្មែរ​មាន​លក្ខណៈ​ខុស​ពី​សារុង​សាសន៍​ដទៃ ដោយ​ភាគច្រើន​មាន​ពណ៌​លឿង ក្រហម ខៀវ ផ្កា​កុលាប​។ ក្រណាត់​រាងស្តើង​បន្តិច​ព្រមទាំង​មាន​ផ្កា​រាង​តូច មិន​រីក​ធំ​ទេ​។ អ្នកនាង​បាន​ជាវ​មកពី​ផ្សារ​អូរឫស្សី យក​មក​អ៊ុត​កាវរឹង​រួច​ដេរ​ជា​ខោអាវ រ៉ូបប៉ោង ឈុត​រាត្រី​សមោសរ និង​របស់​ប្រើប្រាស់​ដូចជា​ស្រោមខ្នើយ ស្រោមពូក បូ​ចង​សក់​រួម​ទាំង​របស់​ផ្សេងៗ​ជាច្រើន​ទៀត​។

សម្រាប់​តម្លៃ​រ៉ូប​ចាប់ពី ៨០ ដុល្លារ​ទៅ ១០០ ដុល្លារ​។ សម្លៀកបំពាក់​ធម្មតា​ចាប់ពី​ ៤០ ទៅ ៥០ ​ដុល្លារ​។ របស់​ប្រើប្រាស់​នៅក្នុង​ផ្ទះ​ដូចជា​ស្រោមខ្នើយ​តម្លៃ​ចាប់ពី ៣ ​ដុល្លារ​។

ភាគច្រើន​ភ្ញៀវ​និយម​ចូលចិត្ត​សម្លៀកបំពាក់​ធ្វើការ និង​ទៅ​សមុទ្រ​ជាងគេ ហើយ​អតិថិជន​មិន​មាន​តែ​ក្នុង​ប្រទេស​ដែរ​គឺ​មាន​ទីផ្សារ​ពី​បងប្អូន​ខ្មែរ​ជា​អាណិកជន​ខ្មែរ​អាមេរិក បារាំង និង​អូស្ត្រាលី​បាន​កុម្ម៉ង់​ស្ទើរតែ​រចនា​ឲ្យ​មិនទាន់​ដូចគ្នា​។ សូម្បី​តែ​បរទេស​ក៏​មាន​ការចាប់​អារម្មណ៍​នឹង​ឈុត​សារុង​របស់​អ្នកនាង​ដែរ​។

នៅ​ថ្ងៃ​ខាង​មុខ​នេះ​តារា​ស្រី​ពហុ​ជំនាញ​រូបនេះ​ចង់​បើកហាង​តូច​មួយ និង​មាន​ទីតាំង​ច្បាស់លាស់​សម្រាប់​តាំង​លក់​នៅក្នុង​ទីផ្សារ​ដើម្បី​ឲ្យ​ជនបរទេស​បាន​ស្គាល់​សារុង​ខ្មែរ​។

អ្នកនាង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ខ្ញុំ​បាន​យក​សារុង​មក​ច្នៃ​មុនគេ អ៊ីចឹង​ហើយ​ខ្ញុំ​ត្រូវតែ​រក្សា​អ្វី​ដែល​គេ​ហៅថា ប្រ៊េន (Brand) របស់​ខ្លួនឯង​អាច​ថា​ថ្ងៃក្រោយ​គេ​លែង​ហៅ​ខ្ញុំ​ថា​ស្រីល័ក្ខណ៍ ហើយ​ប្តូរ​មក​ហៅថា កញ្ញា​សារុង​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ ទោះបី ៥០ ទៅ ៦០ ​ឆ្នាំ​ទៀត​ក៏​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើ​ដែរ​»៕