ភ្នំពេញ: មិនខុសពីគូស្នេហ៍តារាល្បីៗដទៃទៀតឡើយ ដែលតែងតែបង្ហាញភាពស្អិតល្មួតជាមួយគ្នានៅថ្ងៃបុណ្យទិវានៃក្ដីស្រឡាញ់ (Vanlentine''s day) នោះ ដើម្បីបញ្ជាក់ពីចំណងស្នេហ៍ពួកគេរឹងមាំ។
ដូចគ្នានេះ គូស្នេហ៍តារាសម្តែងល្បី និងបុរសអាណិកជនអាមេរិក ក្រោយពិធីអាពាហ៍ពិពាហ៍ ពួកគេទទួលបានចំណងដៃស្នេហ៍កូនស្រីមួយគ្រាប់ដ៏គួរឲ្យស្រឡាញ់ អ្នកនាង សារ៉ាយ សក្ខណា និងលោក កែវ ប៊ុនមេត្រី ថ្ងៃទី ១៤ ខែកម្ភៈ បានបង្អួតរូបភាពយ៉ាងផ្អែមល្ហែម ដែលធ្វើឲ្យតារាជាច្រើនច្រណែន និងប្ដីប្រពន្ធនេះទៀតផង។
ការបង្ហាញសុភមង្គលឲ្យមហាជនឃើញបែបនេះ បន្ទាប់ពីគូស្នេហ៍ ១ គូនេះ បានដំណើរការហាងកែសម្រស់ឈ្មោះហ្ស៊ីណូ ដោយរលូន និងឈានទៅបើកហាងកាហ្វេហ្ស៊ីណូ បន្ថែមទៀត ដែលរឹតតែបង្ហាញឲ្យឃើញច្បាស់ថា តារារូបនេះប្រាកដជាមានគម្រោងមករស់នៅស្រុកខ្មែរវិញ នាពេលខាងមុខ បន្ទាប់ពីរៀបការប្តីភ្លាមៗក៏ហោះទៅរួមរស់លើទឹកដីអាមេរិកបានតែជាង ៣ ឆ្នាំ ក៏ដឹកដៃគ្នាមកសម្រុកការងាររកលុយនៅប្រទេសកំណើតវិញនេះ។
ទោះយ៉ាងណា អ្នកនាង សារ៉ាយ សក្ខណា ដែលមិនបកស្រាយចិត្តពីដំណើរវិលមកសម្រុកការងាររកប្រាក់ចំណូលនៅស្រុកខ្មែរទាំងដឹកដៃប្តីដែលមានជំនាញវិជ្ជាជីវៈមេធាវីមកជាមួយនោះ សក្ខណាបានត្រឹមតែពាក្យបកស្រាយខ្លីថា៖ «ចំពោះរឿងហោះទៅរស់នៅអាមេរិកវិញ បានលុប ចោលមួយអន្លើសិនហើយ ព្រោះថាពេលនេះចង់បន្ដការថតសម្ដែងកុនសាជាថ្មីឡើងវិញ»។
ក្នុងនោះដែរ តារាស្រីកូនមួយមានប្តីងារជាមេធាវី សិក្សានៅប្រទេសមហាអំណាច ក៏អះអាងផងដែរថា៖ «ពេលនេះនៅស្រុកខ្មែរ ខ្ញុំរវល់ការងារច្រើន ទាំងការបើកហាងកែសម្ផស្សនិងហាងកាហ្វេ រួមទាំងការងារសិល្បៈក៏ចូលច្រើនដូចពេលមុនខ្ញុំរៀបការចេញទៅរស់នៅអាមេរិកអ៊ីចឹងដែរ»។
រួមរស់ក្នុងចំណងជីវិតអាពាហ៍ពិពាហ៍ជាង ៥ឆ្នាំ សារ៉ាយ សក្ខណា ដែលមានកូនស្រីមួយហើយ នាងក៏បានបង្ហើបដែរថា៖ «មុននេះពួកខ្ញុំមានគ្រោងយកកូនប្រុសម្នាក់ទៀតថែម តែគម្រោងនេះក៏បានលុប សិនដែរ ព្រោះថានាងអាណិតប្តីដែរ បើមានកូនពេលនេះគាត់ត្រូវមើលហាងម្នាក់ឯង ហើយចំណូលក៏អាចនឹងថយចុះមួយរយៈដែរ»។
តែយ៉ាងណា អ្នកនាង សារ៉ាយ សក្ខណា ដែលពោលអាណិតប្តីខ្លាចហត់នឿយម្នាក់ឯង គ្រាអ្នកនាងរក្សាតំណក់ឈាមទី ២ នោះ តារាសម្ដែងសម្បុរស្រអែមស្រស់រូបនេះ ក៏បានបញ្ជាក់ឲ្យដឹងអំពីមហិច្ឆតារកអ្នកស្នងមរតក និង ស្នងត្រកូល មិនឲ្យនៅត្រឹមកម្រិតកូន ២ គ្រាប់នោះទេ។
សក្ខណា ក៏បានប្រាប់ពីផែនការបន្ថែមសមាជិកគ្រួសារផងដែរថា៖ «ពេលនេះខ្ញុំចង់ឲ្យកូនស្រីច្បងរបស់ខ្ញុំ ធំជាងនេះបន្តិចទៀតសិន ទើបបានរៀបគម្រោងយកកូនថែម ១ ទៀត»។
តារាស្រីរូបនេះបន្តថា៖ «ហើយការមានកូន ២ នាក់ ក៏មិនទាន់គ្រប់គ្រាន់ដែរព្រោះខ្ញុំ និងស្វាមីបានគិតគ្នារួចហើយ គឺយើងចង់បានកូន ៣ នាក់ក្នុងគ្រួសារ»៕