កំពង់ស្ពឺ: អង្គុយ​ក្នុង​អគារ​សង់​ពី​កង់ឡាន ដប​ទឹក​ប្លា​ស្ទិ​ក និង​ស្បែក​ជើង​ចាស់ៗ កូន​សិស្ស រឿន ប៊ុនថន កំពុង​កត់​មេរៀន​អង់គ្លេស​នៅ​សាលា ដែល​គ្រូ​បង្រៀន​ទទួល​ថ្លៃ​សិក្សា​ជា​សំរាម​ជំនួស​ដោយ​ក្រដាស​ប្រាក់។

កុមារា​ក្រីក្រ​ដូចជា ប៊ុនថន ជា​អតីត​ក្មេង​សុំទាន អាច​រៀន​កុំព្យូទ័រ គណិតវិទ្យា ភាសា​បរទេស និង​សិក្សា​ពី​តម្លៃ​នៃ​ការ​កាត់​បន្ថយ​សំរាម​ក្នុង​ប្រទេស ដែល​ស្ទើរ​តែ​គ្មាន​នីតិវិធី​កែច្នៃ។

កុមារា​ដែល​បង់ថ្លៃ​សិក្សា​ដោយ​ប្រើ​ដប​ប្លា​ស្ទិ​ក ១ ថង់ បាន​ពោលថា៖ «ខ្ញុំ​ឈប់​ដើរ​សុំទាន។ វា​ដូចជា​ឱកាស​មួយ​ផ្សេង​ទៀត​សម្រាប់​ជីវិត​ខ្ញុំ»។

ស្ថិតក្នុង​តំបន់​ព្រៃ​ឧទ្យាន «សាលាដូង» ត្រូវបាន​កសាងឡើង​ស្ទើរតែ​ទាំងស្រុង​ពី​កាក​សំណល់ និង​ជា​គំនិត​ផ្ដួចផ្ដើម​ពី​លោក អ៊ុក វណ្ណដេ ដែល​ឆ្អែត​នឹង​វត្តមាន​សំរាម​ពេញ​តំបន់​ទេសចរណ៍ ហើយ​មាន​ក្ដី​សុបិន​មិន​ចង់​ឃើញ​សំរាម​នៅ​កម្ពុជា។

កុមារ​ប្រមាណ ៦៥ នាក់ បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​ដូង ជាទី​ដែល​ជញ្ជាំង​ថ្នាក់​រៀន​សង់​ពី​កង់​ឡាន​លាប​ពណ៌ ហើយ​ខ្លោង​ទ្វារ​រចនា​ទង់​ជាតិ​កម្ពុជា​ផ្គុំ​ពី​សម្បក​ដប​ទាំង​អស់។ សំរាម​ភាគ​ច្រើន​បាន​មក​ពី​សិស្សានុ​សិស្ស​ប្រមែ​ប្រមូល​ជា​ថ្លៃ​សិក្សា។

ចម្ងាយ​ប្រមាណ ១១៥ គីឡូម៉ែត្រ​ភាគ​ខាងលិច​ក្រុងភ្នំពេញ ស្ថាបនិក​អាយុ ៣៤ ឆ្នាំ​រូប​នោះ បាន​និយាយ​នៅ​សាលារៀន ដែល​សម្ពោធ​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​ថា៖ «ខ្ញុំ​ប្រើ​សំរាម​ដើម្បី​អប់រំ​កុមារ​ដោយ​ការ​កែច្នៃ​សំរាម​ជា​ថ្នាក់​រៀន ដូច្នេះ កុមារ​នឹង​យល់​អំពី​តម្លៃ​ការ​ប្រើ​សំរាម​ជា​ប្រយោជន៍»។

កុមារ​អានសៀវភៅ នៅ​បន្ទប់​ដែល​តុបតែង​ដោយ​កាកសំណល់​កែ​ច្នៃ​។ AFP

លោក​គ្រោង​ពង្រីក​ថ្នាក់រៀន​បន្ថែមទៀត​ក្នុង​ខេត្ដ​កសិកម្ម​ដ៏​ក្រីក្រ ដើម្បី​ទទួល​សិស្ស​ដល់ ២០០ នាក់​ជាមួយ​ថ្នាក់​មតេយ្យ​សិក្សា​ថ្មី​មួយ ដែល​រំលេច​នូវ​ជញ្ជាំង​ផលិត​ពី​ដប​ប្លាស្ទិក​ត្រៀម​បើក​ដំណើរការ​ឆ្នាំ​ក្រោយ។ លោក​មាន​សុទិដ្ឋិនិយម​ថា យុវជន​នឹង​ក្លាយជា​កម្លាំង​ទ្រទ្រង់​បរិស្ថាន។

លោក វណ្ណ​ដេ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា៖ «យើង​សង្ឃឹមថា ពួកគេ​នឹង​ក្លាយជា​សកម្មជន​ថ្មី​នៅ​កម្ពុជា ដោយ​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់ គ្រប់គ្រង និង​កែច្នៃ​សំរាម»។

តាម​ក្រសួងបរិស្ថាន​ក​ម្ពុ​ជា បាន​ឲ្យ​ដឹងថា កម្ពុជា​ផលិត​សំរាម​ប្រមាណ ៣,៦ លាន​តោន​កាល​ពី​ឆ្នាំ​មុន។

ក្រៅពី​ជួយ​បញ្ហា​បរិស្ថាន លោក វណ្ណ​ដេ មានបំណង​បញ្ចប់​ទម្លាប់​ដើរ​សុំទាន​នៅ​សាលា​របស់​លោក ហើយ​វា​មាន​ប្រសិទ្ធភាព​បណ្ដើរៗ​ហើយ។

កុមារី ស៊ុន ស្រី​ដាវ អាយុ ១០ ឆ្នាំ អតីត​ក្មេង​ដើរ​សុំទាន បាន​និយាយថា៖ «គ្រូបង្រៀន​ភាសា​អង់គ្លេស​របស់​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ដើរ​សុំទាន ឬ​លេង​ល្បែង​នោះ​ទេ។ ពេល​នេះ​ខ្ញុំ​រីករាយ​ណាស់។ ពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចង់​ក្លាយជា​វេជ្ជបណ្ឌិត​ម្នាក់»៕

សិស្ស​ចូលរួម​ប្រមូលសំរាម ដែល​ត្រូវ​បាន​ប្រើជា​ប្រយោជន៍​ឡើងវិញ​។ AFP