សៀមរាប: ពេល​ព្រះសុរិយា​បន្ទាបខ្លួន​គងភ្នំ​ឯ​ភាគ​ខាងលិច ជា​សញ្ញា​ប្រាប់​បុគ្គលិក​គ្រប់គ្រង​ផ្នែក​ឌីហ្សាញ​នៅ​សណ្ឋាគារ​ក្រុង​សៀមរាប​ឲ្យ​ត្រៀម​បិទ​កុំព្យូទ័រ រួច​ចុះ​យាត្រា​ទាញ​កង់​កញ្ចាស់​ចត​ក្នុង​បរិវេណ​សណ្ឋាគារ​ប្រណីត​សំដៅ​ជួប​នារី​ម្នាក់​ដែល​រង់ចាំ​រួម​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​ក្នុង​ភូមិ​ពាក់ស្នែង​ចម្ងាយ​ប្រមាណ ៣០ ​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប​។

ការរូតរះ​ជិះ​ម៉ូតូ​ជាង​ ១ ​ម៉ោង​ទៅ​ផ្ទះ​តូច​មួយ​ខ្នង មិនមែន​ការប្រញាប់ប្រញាល់​ទៅ​ឲ្យ​ទាន់​បាយ​ពេល​ល្ងាច​ឡើយ តែ​ជា​បំណង​ជួប​កុមារ​រាប់សិប​នាក់​អង្គុយ​រង់ចាំ​ក្នុង​បន្ទប់​យ៉ាង​រហង់​ចង់​រៀន​ភាសា​អង់គ្លេស​ឥតគិតថ្លៃ​។

ជាមួយ​ឆន្ទៈ​ចង់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​បែប​ប្រពៃណី និង​ផ្ដល់​តម្លៃ​ខ្ពស់​លើ​ការអប់រំ​ក្នុង​សហគមន៍​លោក ឡូយ សូវណ្ណ បាន​ផ្ដួចផ្ដើម​បង្កើត​ថ្នាក់រៀន​អង់គ្លស​បង្រៀន​ដល់​កុមារ​ដែល​អត់ស្គាល់​ភាសា​អង់គ្លេស​សោះ ដើម្បី​ស្វែងរក​អាជីព​ការងារ​កាន់តែ​ប្រសើរ​ក្នុង​ទីក្រុង​ទេសចរណ៍​ដ៏ធំ​មួយ​នេះ​។

ផ្ទះ​ប្រក់​ស្បូវ​ជា​កន្លែង​ស្នាក់​របស់​គ្រូបង្រៀន​ស្ម័គ្រចិត្ត​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កើត​ក្នុង​គ្រួសារ​ដែល​ឪពុកម្ដាយ​មាន​កូន ១៣ ​នាក់ (​ប្រុស ១០ ​នាក់ និង​ស្ដ្រី ៣ ​នាក់​ភាគច្រើន​ជា​កសិករ​) សូវណ្ណ មិន​ខុស​ពី​កុមារ​ដទៃ​ក្នុង​សហគមន៍​ដែល​មិន​គិត​អ្វី​លើស​ពី​ការងារ​លើ​វាលស្រែ និង​ចំណាកស្រុក​ខុស​ច្បាប់​ទៅ​កាន់​ប្រទេស​ថៃ​នោះ​ឡើយ​។

លោក ឡូយ សូវណ្ណ ដែល​មាន​ប្អូនប្រុស​បង្កើត​ម្នាក់​បាន​ធ្វើ​ជា​កម្មករ​ចំណាកស្រុក​នៅ​ថៃ​បាន​និយាយ​ថា​៖ «​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ជួប​បញ្ហា​ច្រើន​តាំងពី​ខ្ញុំ​នៅ​រៀន​រហូត​ដល់​ឥឡូវនេះ​។ ពេល​ចប់​ការសិក្សា ខ្ញុំ​ដឹង​ថា​ភាសា​អង់គ្លេស​គឺ​សំខាន់​។ ពេល​ខ្ញុំ​ទៅ​ដល់​ខេត្ដ [​ទីរួមខេត្ដ​សៀមរាប​] ខ្ញុំ​ពិបាក​រក​ការងារ​ធ្វើ ហើយ​ខ្ញុំ​អត់​ចេះ​ភាសា​អង់គ្លេស​។ អ៊ីចឹង​ពេល​ត្រឡប់​ទៅ​មក​ស្រុក​វិញ ខ្ញុំ​ក៏​ឃើញ​ក្មេងៗ​នៅ​ស្រុក​នេះ​អត់​ចេះ​អង់គ្លេស​។ បើសិន​ជា​នៅ​តែ​បែប​នេះ​ទៀត ពួកគាត់​នឹង​អត់​មាន​ការងារ​ល្អ​ធ្វើ​។ គាត់​នឹង​នៅ​តែ​បន្ដទៅ​ថៃ និង​ធ្វើស្រែ​តិចតួច​ដដែលៗ​»​។

ក្នុង​បន្ទប់រៀន​ដែល​ចង​ព្យួរ​រូប​ព្រីន​លើ​ជញ្ជាំង ក្ដារខៀន​ស ធ្លុះ​ប្រហោង​មួយ​ដុំ​ចំ​កណ្ដាល កុមារ​ប្រមាណ ៨០ នាក់​អង្គុយ​បញ្ជ្រៀត​គ្នា​កញ្ញា ខុន ខេន ស្ម័គ្រចិត្ដ​បង្រៀន​ភាសា​អង់គ្លេស​ជាមួយ​លោក ឡូយ សូវណ្ណ តាំងពី​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​រហូត​ដល់​ក្លាយ​ជា​និស្សិត​ឆ្នាំ​ទី​ ៣ នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​ពាណិជ្ជកម្ម​។

កញ្ញា ខេន និង​លោក សូវណ្ណ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កញ្ញា ខុន ខេន ដែល​រួម​ដំណើរ​ជាមួយ​លោក សូវណ្ណ តាំងពី​ក្រុង​សៀមរាប​បាន​និយាយ​ថា​៖ «​ខ្ញុំ​ស្ម័គ្រចិត្ដ​ជា​គ្រូបង្រៀន​តាំងពី​សាលា​នេះ​ស្ថិត​នៅ​ក្រោម​ផ្ទះ​ពលរដ្ឋ និង​សាលា​មតេ្តយ្យ​បោះបង់​ចោល​ពេល​នោះ​ខ្ញុំ​ក៏​ជា​សិស្ស​ថ្នាក់​វិទ្យាល័យ​ផង​ដែរ​»​។

មុន​ពេល​មាន​ដី និង​ទីតាំង​ផ្ទាល់​ខ្លួន និង​មាន​ឈ្មោះ​ជា​សាលា ៤៨ ​ពណ៌ ទៅ​តាម​ចំនួន​ពណ៌​កូល័រ​ដែល​ភ្ញៀវ​ប្រគល់​ឲ្យ​កុមារ​ទាំងនោះ​ចំនួន ៤៨ ពណ៌ សិស្ស​ផ្ដើម​ពី​ជិត ១០០ ​នាក់ និង​គ្រូ​ស្ម័គ្រចិត្ដ ៣ ​នាក់​នៅ​ក្រោម​ផ្ទះ​ប្រជាជន និង​សាលា​មត្តេយ្យ​សហគមន៍​ដែល​ត្រូវ​បាន​បោះបង់ចោល​រហូត​ដល់​ជាង ២០០ ​នាក់​។ ចំនួន​សិស្ស​បាន​កើនឡើង​ខ្លាំង ដោយសារ​មាន​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​មក​ទស្សនកិច្ច​ផ្ដល់​កិច្ចសន្ទនា​ជា​ភាសា​អង់គ្លេស និង​ចែក​សម្ភារ​សិក្សា​។

លោក សូវណ្ណ អាយុ ៣៤ ​ឆ្នាំ​ស្ថាបនិក​សាលា ៤៨ ​ពណ៌​បាន​និយាយ​ថា​៖ «​ធ្វើ​បែប​នេះ​ក្មេងៗ​ចេះ​តែ​ចង់​រៀន​។ ពេល​ខ្លះ​គាត់​ចង់​បាន​របស់​។ គាត់​ចេះ​តែ​មក​រៀន​បាន​ច្រើន​ហើយ​រហូត​កម្រិត ២០០ ជាង ២៥០ នាក់ ឬ ២៦០ ​នាក់​»​។

សិស្សានុសិស្ស​ចេញ​ពី​រៀន​អង់គ្លេស​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យ៉ាង​ណា​ចំនួន​សិស្ស​ក៏​ប្រែប្រួល​តាម​រដូវកាល​ដោយ​លោក​ទទួលស្គាល់​ថា​៖ «​ពេល​ដែល​ឪពុកម្ដាយ​ពួកគាត់​ទំនេរ​ពី​ស្រែចម្ការ​គឺ​ពេញ​រក​កន្លែង​ដាក់​អត់​បាន​ទេ​។ ប៉ុន្ដែ​ពេល​ដល់​រដូវ​ច្រូតកាត់ គាត់​នាំ​កូន​គាត់​ទៅ​អស់​។ ថ្នាក់រៀន​ក៏​ស្ងាត់​ដែរ​ដោយ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​»​។

ម៉ាក ឡុក អាយុ ១៦ ​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​ ១០ នៃ​វិទ្យាល័យ​ហ៊ុនសែន អង្គរធំ​ដែល​បាន​ស្ម័គ្រចិត្ដ​បង្រៀន​ភាសា​អង់គ្លេស​នៅ ៤៨ ​ពណ៌ ២ ​ឆ្នាំ និង​បាន​សិក្សា​ភាសា​អង់គ្លេស​ពី​សាលារដ្ឋ​តែ ២ ​ម៉ោង​ក្នុង​ ១ ​សប្ដាហ៍​បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​ឲ្យ​មាន​គេ​អភិវឌ្ឍ​សហគមន៍​ដោយសារ​មនុស្ស​ភាគច្រើន​អត់​ចង់​រៀន​។ ពួកគេ​មិន​មក​រៀន​ទៀងទាត់​នោះ​ទេ​»​។

មួយរយៈ​ចុងក្រោយ​នេះ​ឪពុកម្ដាយ​មាន​ការពេញចិត្ដ​ខ្លះ​ដែរ​ដោយសារ​សិស្ស​ខ្លះ​គាត់​ក្លាហាន​ហ៊ាន​សន្ទនា និង​ស្និទ្ធស្នាល​ជាមួយ​ភ្ញៀវ​បរទេស​។ ពី​មុន​គាត់​ឃើញ​ភ្ញៀវ​គាត់​អាច​ខ្លាច មិន​ហ៊ាន​ទៅ​ជិត​។

កុមារ​យក​ចិត្ត​ទុកដាក់​កត់ត្រា​ភាសា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក​បាន​ប្រាប់​ថា​៖ «​ឪពុកម្ដាយ​ខ្លះ​មាន​មោទនភាព​ដែល​កូន​គាត់​ហ៊ាន និង​ចេះ​និយាយ​ភាសា​អង់គ្លេស​។ បើសិន​ជា​យើង​មាន​ជា​ថ្នាក់​ភាសា​អង់គ្លេស ទោះ​យើង​បាន​បង្រៀន​តិចតួច​ក៏ដោយ ក៏​វា​ជា​ចំណែក​មួយ​ដែល​ជំរុញ​ពួកគាត់​ឲ្យ​មាន​ចិត្ដ​ក្លាហាន​ស្វែងរក​ការងារ​នៅ​ខេត្ដ ឬ​បន្ដ​ការសិក្សា​ដែល​មាន​ឱកាស​អាច​រក​ការងារ​ធ្វើ​បាន​។

បច្ចុប្បន្ន​សាលា ៤៨ ​ពណ៌ ជួប​បញ្ហា​ខ្វះ​គ្រូ​ស្ម័គ្រចិត្ត​បើ​ទោះបី​មាន​ផ្ទះ​សម្រាប់​ពួកគេ​ស្នាក់ កង្វះ​ថវិកា​ជួយ​ឧបត្ថម្ភ​ដល់​គ្រូ និង​ទិញ​បរិក្ខារ​ផ្សេងៗ​ព្រម​ទាំង​ខ្វះ​បន្ទប់រៀន​ផង​ដែរ​ដែល​ពេល​ខ្លះ​ចំនួន​សិស្ស​បាន​កើនឡើង​ជិត ៣០០ ​នាក់​ឯណោះ​។

លោកអ្នក​ចង់​ឧបត្ថម្ភ​សាលា​ភាសា​អង់គ្លេស ៤៨ ​ពណ៌​អាច​ទាក់ទង​ផ្ទាល់​ជាមួយ​ស្ថាបនិក​លោក ឡូយ សូវណ្ណ តាមរយៈ​លេខ​ទូរស័ព្ទ ០៦៦ ៨១០ ៥៥៥៕

វីដេអូ៖