ភ្នំពេញ: មួយរយៈពេលចុងក្រោយបន្ទាប់ពីកើតមានរឿងស៊យផ្ទួនៗគ្នាបន្ដបន្ទាប់មក គេស្រាប់តែឃើញអតីតពិធីការិនី ទូរទស្សន៍ស៊ីធីអិន កញ្ញា សាសា បានបើកយុទ្ធនាការធ្វើអំពើមនុស្សធម៌មួយ ដោយបាននាំយកនូវគ្រឿងបរិភោគនានា ទៅចែកដល់ប្រជាជនខ្មែរក្រីក្រ ដែលកំពុងតែស្នាក់នៅឯមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៥ កន្លងមកនេះ។
បើតាមរូបថតប៉ុន្មានសន្លឹកដែលបង្ហោះក្នុងគេហទំព័រហ្វេសប៊ុករបស់កញ្ញា ឯក សុជាតា ហៅសាសា មុខម្ហូបទាំងនោះរួមមានដូចជា ត្រីងៀត ពងទាប្រៃ ឆាត្រកួនកាពិ សម្លូម្ជូរត្រកួនឆ្អឹងជំនីរជ្រូក ដោយឃើញសកម្មភាពរបស់នាង និងក្រុមមិត្តភក្តិកំពុងតែដុតដៃដុតជើងយ៉ាងសកម្ម និងមើលទៅទំនងឈ្ងុយឆ្ងាញ់ណាស់ព្រោះនៅស្រស់ៗ និងចម្អិនភ្លាមៗ ហើយក្រៅពីនេះមានភេសជ្ជៈ និងទឹកសុទ្ធ។
បើតាមសារសម្តីក្នុងទំព័រហ្វេសប៊ុករបស់នាងឈ្មោះ Ek Socheata ឲ្យដឹងថា៖ «បងអើយ ខ្ញុំបានតែភ្លក្សទេ អត់បានញ៉ាំដែរ ព្រោះអស់គ្មានសល់ទេ សូម្បីតែលោកគ្រូពេទ្យក៏គាត់ជួយញ៉ាំដែរព្រោះឈ្ងុយពេក ចុងក្រោយគឺពួកខ្ញុំញ៉ាំបាយក្តាំងជាមួយនឹងអំបិលម្ទេស»។
កាលពីដើមខែតុលានេះនៅក្នុងគណនីនៃហ្វេសប៊ុកកញ្ញា សាសា មានបង្ហោះបង្ហាញពីឯកសាររត់ការចេញទៅក្រៅប្រទេស ខណៈមកដល់ពេលនេះ [ចុងខែតុលា] គេឃើញតម្រុយថាប្រទេសបារាំងគឺជាគោលដៅនៃការហោះហើរចេញទៅក្រៅប្រទេសរបស់នាង។
ភ្ជាប់នឹងរូបថតនោះនាងបានសរសេរថា៖ «ខ្ញុំត្រៀមទទួលទិដ្ឋាការទៅក្រៅប្រទេស ចុះមិត្តភក្ដិឯងវិញ?»។
កាលពីយប់ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៥ វេលាម៉ោងជាង ១ រំលងអ្រធាត្រ កញ្ញា សាសា ត្រូវបានរងគ្រោះដោយវាយតប់យ៉ាងដំណំពីសំណាក់ឧកញ៉ា សុខ ប៊ុន។
នាថ្ងៃទី ៣ ខែសីហា ភ្នំពេញប៉ុស្តិ៍ បានធ្វើការ ទាក់ទងជាមួយមន្ត្រីប៉ូលិសចរាចរណ៍ពីដំណើររឿងនៃគ្រោះថ្នាក់ដែលបានកើតនៅត្រង់ចំណុចក្បែរមន្ទីរពេទ្យវិសាលសុខស្ថិតនៅក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ នៅក្រុងបាត់ដំបង រវាងរថយន្ដដ៏ទំនើបមួយគ្រឿងម៉ាក Porsche ដែលមានគេអះអាងថា គឺជារថយន្ដរបស់កញ្ញាសាសា អតីតពិធីការិនីទូរទស្សន៍ស៊ីធីអិន ប៉ះជាមួយនឹងម៉ូតូសណ្ដោងរ៉ឺម៉កដឹកទឹកកក កាលពីវេលាម៉ោង ១១ និង ៥០ នាទីយប់នាថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៥។
គួររំឭកផងដែរថា កាលពីខែឧសភាកន្លងមក កញ្ញា សាសា ក៏ធ្លាប់ត្រូវបានព័ត៌មានចុះផ្សាយថា នាងបានបើករថយន្ដ Porsche ពណ៌សទៅបុកជនបរទេសបាក់ដៃនារាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៥ នៅម្ដុំបឹងត្របែក។
កាលនោះនាងបានបង្ហោះវីដេអូមួយដែលមានការបកស្រាយថា រូបនាងបានញ៉ាំគ្រឿងស្រវឹងតិចតួចមែន ក៏ប៉ុន្តែតាមការពិតគឺរូបនាងទេ ដែលជាជនរងគ្រោះ ដោយសាររថ យន្តនាងត្រូវម៉ូតូរបស់បុរសជាជនបរទេស ស្រវឹងនោះមកបុកប៉ះចំពីចំហៀង៕