ភ្នំពេញ៖ នៅ​​​​ខែ​​មេសា ឆ្នាំ ​២០២០ ខាង​​មុខ​នេះ ក្រុម​សិល្បករ ដែល​មាន​​​​សាស្រ្តាចារ្យ​ខ្មែរ​​វិចិត្រករ​បរទេស​ និង​និស្សិត​ខ្មែរ​​​កំពុង​សិក្សា​នៅ​សាកល​​វិទ្យាល័យ​ភូមិន្ទ​​វិចិត្រ​សិល្បៈ​ នឹង​មាន​ការ​រៀបចំ​​ការ​ពិព័រណ៍​ស្នាដៃ​រួម​គ្នា​មួយ​​​ក្រោម​ចំណង​​​ជើង​ថា «ការ​ចងចាំ» ដោយ​ធ្វើ​នៅ​​​សារមន្ទីរ​ទួលស្លែង នៅ​ក្នុង​​​ខែ​មេសា ឆ្នាំ ​២០២០ ខាង​​​​មុខ​នេះ ដោយ​​មាន​ស្នាដៃ​​​សរុប​​​ប្រមាណ​ចំនួន​ ​២៤-២៥ ផ្ទាំង​ ដាក់​តាំង​​ក្នុង​រយៈពេល​​ប្រហែល​ ១-២​ ខែ​​។

លោក​សាស្រ្តាចារ្យ ច័ន្ទ វិត្ថារិន្ទ ជា​ស្ថាបនិក​​រោងជាង​ចារ ​និង​សាស្ត្រាចារ្យ​​​ផ្នែក​មុខ​ជំនាញ ​«​​ផ្តិត​រូប​ពី​ពុម្ព»​ ហើយ​ក៏​ជា​សាស្ត្រាចារ្យ​ខ្មែរ​ដំបូង បាន​ទៅ​​បង្រៀន​អំពី​ក្បាច់​ខ្មែរ​ និង​បេតិកភណ្ឌ​​សិល្បៈ​កម្ពុជា នៅ​​​ឯ​ប្រទេស​​ ​ម៉ិកស៊ិក ​នោះ​បង្ហើប​​ឲ្យ​​ដឹង​ថា៖ «គម្រោង​​នេះ​ ខ្ញុំ​បាន​សន្សំ​គិត​ទុក​​ប្រមាណ​ ២ ​ឆ្នាំ​មក​​ហើយ​។ ដូច្នេះ​​នៅ​ក្នុង​​​ខែ​មេសា ​ឆ្នាំ ២០២០ ខាង​មុខ​នេះ នឹង​​រៀបចំ​ឲ្យ​មាន​​ការ​តាំង​ពិព័រណ៍​ស្នាដៃ​រួម​គ្នា​​មួយ​​​ ដែល​ជា​ការ​​​​សហការ​គ្នា​រវាង​ ខ្ញុំបាទ ជាមួយ​នឹង​​វិចិត្រករ​ម៉ិកស៊ិក អូស្ត្រាលី និស្សិត​ខ្មែរ ​ដែល​កំពុង​តែ​​សិក្សា​នៅ​សាកល​​វិទ្យាល័យ​​ភូមិន្ទ​​វិចិត្រ​សិល្បៈ​​ផ្នែក​ ​«ផ្តិត​រូប​ពីពុម្ព» និង​មាន​ការ​ចូល​ពី​​លោក ប៊ូ ម៉េ ដែល​​​អតីត​​ជា​អ្នក​ទោស​នៅ​​សារមន្ទីរ​​​ទួល​​ស្លែង ដោយ​លោក​​មាន​​ទេពកោសល្យ​ខាង​សិល្បៈ​គំនូរ​​ដែរ​។​​​ យើង​​​គ្រោង​​​​ ​នឹង​យក​ស្នា​ដៃ​ចំនួន ​២៤-២៥ ផ្ទាំង ​​សម្រាប់​ដាក់​តាំង​​​បង្ហាញ​​​មាន​រយៈពេល​​​ប្រហែល​ ១ ខែ​ ឬ ​២​ ​ខែ ​តាម​ភាព​ជាក់​ស្តែង​​។​

លោក​​សាស្រ្តាចារ្យ ច័ន្ទ វិត្ថារិន្ទ បាន​បន្ត​ថា៖ «ក្រៅ​ពី​នេះ​ ខ្ញុំ​ក៏​មាន​គម្រោង​ធ្វើ​សៀវភៅ ​​លើ​មុខ​ជំនាញ​នេះ គឺ​ជា​ការ​​​ប្រមូល​​ផ្តុំ​ស្នាដៃ​របស់​និស្សិត​គ្រប់​ជំនាន់​​ ដើម្បី​ចង​ក្រង​ទុក​ជា​ឯកសារ​សម្រាប់​​អ្នក​ជំនាន់​ក្រោយ ដែល​​​នេះ​ក៏​ជា​​​​សមិទ្ធផល​មួយ​របស់​និស្សិត​បាន​បញ្ចប់​ការ​សិក្សា​វគ្គ​ «​​ផ្តិត​រូប​ពី​ពុម្ព»​ ​​​ផង​​ដែរ​។ ​

សកម្មភាព​ក្រុម​និស្សិតភូមិន្ទ​វិចិត្រ​សិល្បៈ ​នៅ​ឯ​រោងជាងចារ​​។ រូបថត Char RUFA

ដោយសារ​តែ​​​មើល​ឃើញ​​​ការ​វិវឌ្ឍ​​នៃ​​មុខ​ជំនាញ​សិល្បៈ​ផ្នែក ​«ផ្តិត​រូប​ពី​ពុម្ព» តាំង​ពី​ឆ្នាំ ​២០១១ មក​នោះ ក្រុម​​​​​សាស្រ្តាចារ្យ និង​គណៈ​គ្រប់គ្រង​នៃ​​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ក៏​មាន​គម្រោង​បង្កើត​​មុខ​វិជ្ជា​​ថ្មី​មួយ​នេះ​ សម្រាប់​ការ​សិក្សា​ថ្នាក់​ជំនាញ​ដូចជា​​មុខ​ជំនាញ​នៃ​​មហាវិទ្យាល័យ​​នានា​ នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ផង​ដែរ នា​ពេល​អនាគត​ឆាប់​នេះ។

សាស្រ្តាចារ្យ​​មុខ​ជំនាញ ​«​​ផ្តិត​រូប​ពី​ពុម្ព»​ និង​ជា​ស្ថាបនិក​រោង​ជាង​​ចារ រូប​នេះ​ ក៏​​​ឲ្យ​ដឹង​ពី​ការ​បញ្ជ្រាប​នូវ​មុខ​ជំនាញ​​ថ្មី​​នេះ​ នៅ​រោងជាង​ចារ ​តាំង​ពី​ឆ្នាំ ​២០១១ មក​​នោះ​ដែរ​ថា៖ «​កាល​ពី​ដំបូង​​យើង​បាន​ បញ្ចូល​ឲ្យ​និស្សិត​មក​​រៀន​​ជា​បណ្តើរៗ​រហូត​​មក​។តែ​នា​​រយៈពេល​​​ប៉ុន្មាន​ ៣-៤ ឆ្នាំ ​ចុង​​​ក្រោយ​នេះ យើង​​បាន​​តម្រូវ​ឲ្យ​តែ​​និស្សិត​ឆ្នាំ​ទី២ ផ្នែក​​ឌីហ្សាញ និង​និស្សិត​ឆ្នាំ​​ទី ​៤ ផ្នែក​​វិចិត្រកម្ម និង​ផ្នែក​ចម្លាក់​ ក៏​ត្រូវ​បាន​សាកល​​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​តម្រូវ​ឲ្យ​​​​រៀន​​ជំនាញ «​ផ្តិត​​រូប​​ពី​ពុម្ព»​ នេះ​ រយៈពេល​ ១​ ឆ្នាំ។

ខណៈ​​មុខ​​វិជ្ជា​នេះ ទើប​តែ​មាន​​​​នៅ​ត្រឹម​ឆ្នាំ​ ២០១១ ​ ដោយ​រោង​​ជាង​​ចារ គឺ​​​ជា​​ផ្នែក​មួយ​នៃ​ទី​​កន្លែង​​ សម្រាប់​និស្សិត​​ចូល​មក​​សិក្សា​ស្វែង​ពី​ជំនាញ​ថ្មី​​នេះ ទៅ​​តាម​ឆ្នាំ​នីមួយៗ​រហូត​មក​។ ចំពោះ​ម៉ោង​សិក្សា​វិញ​គឺ​មាន​ត្រឹមតែ​​ ២ ​ម៉ោង​ប៉ុណ្ណោះ ក្នុង​មួយ​​សប្តាហ៍​​ ហើយ​ទៅ​ថ្ងៃ​អនាគត និស្សិត​ដែល​ចង់​​រៀន​ជំនាញ​នេះ​នឹង​មាន​ម៉ោង​សិក្សា​ច្រើន​ដូច​ជំនាញ​​ឯកទេស​ដទៃ​ទៀត​​ជា​មិន​ខាន​ឡើយ»៕​