ភ្នំពេញ៖ ថ្មីៗ​នេះ​ មហាជន​ងាក​មក​តាមដាន​ និង​​​​ភ្ញាក់​ផ្អើល​នឹង​បណ្តុំ​រូប​ថត​​ដ៏​ផ្អែម​ល្ហែម​បែប​ជា​គូ​ស្នេហ៍​យល់​ចិត្ត​យល់​ថ្លើម​គ្នា ​រវាង​តារា​សម្តែង​ស្រី​រាង​ខ្ពស់​កញ្ញា សាឡាត់ ស្រីឡាង​ និង​​បុរស​ម្នាក់​ធ្លាប់​ល្បី​ឈ្មោះ​រឿង​​​ធ្វើ​សកម្មភាព​ជួយ​សង្គម សាន ដារ៉ាវីត​ ដោយ​មជ្ឈដ្ឋាន​ក្រៅ​​ហៅ​រហស្សនាម​ថា «ក្រុម​​យុវជន​សំរាម​»​ នោះ​ ហាក់​បាន​​រំសាយ​ចំណាប់​អារម្មណ៍​រឿង​​ចចាម​អារ៉ាម​​​បង្កាត់​ភ្លើង​ស្នេហ៍​នឹង​ចាង​ហ្វាង​ផលិតកម្ម LD បាត់​ទៅ​ហើយ​ដែរ​​​។

តាម​បណ្តុំ​រូបភាព​ដើរ​លេង​​តែ ​២ នាក់​ ប្រកប​​ដោយ​​សេចក្តី​សុខ​ខ្លាំង ដែល​ភាគ​ច្រើន​បាន​​ទៅ​​​លម្ហែកាយ​នៅ​តំបន់​សមុទ្រ​នោះ តារា​ស្រី​វ័យ​ ២៥ ឆ្នាំ សាឡាត់ ​ស្រីឡាង​ក៏​បង្ហោះសារ​​​ជា​ហូរ​ហែ និង​វែង​អន្លាយ​​ថា៖ «​ចេះ​​ប្រើ​ពេល​ ទើប​ជីវិត​មាន​ន័យ។ អង្គុយ​មើល​សមុទ្រ​ ជិះ​ទូក​ ស្ទូច​ត្រី​ ស្តាប់​សំឡេង​ទឹក​ភ្លៀង វា​ជា​ក្តី​សុខ ​ដែល​មនុស្ស ​២​ នាក់​ ចេះ​ចែក​រំលែក​ឲ្យ​គ្នា។ មិន​ត្រូវ​ការ​ពេលវេលា​​ពេញ​ម៉ោង​របស់​នរណា​ម្នាក់​មក​ក្បែរ​ខ្លួន​​ទេ គេ​មាន​ពេល​រវល់​​របស់​គេ ខ្ញុំ​ក៏​ត្រូវ​​ការ​ពេលវេលា​​របស់​ខ្ញុំ តែ​អ្វី​ដែល​សំខាន់​​យើង​បាន​ចែក​ពេល​ខ្លះ​ឲ្យ​គ្នា​ ដើម្បី​ចាក់​បំពេញ​ស្នាម​​ញញឹម​ និង​ផ្តល់​ភាព​​កក់ក្តៅ​ឲ្យ​គ្នា»។​

តារា​សម្តែង​ស្រីស្រស់​ កញ្ញា សាឡាត់ ស្រី​ឡាង ក៏​​​​បញ្ជាក់​ពី​ជម្រើស​របស់​ខ្លួន​សម្រាប់​ក្តី​ស្នេហ៍​​នឹង​បុរសវ័យ​ក្មេង​លោក​​ សាន ដារ៉ាវីត ដែល​ជា​​​ស្ថាបនិក​​ក្រុម​យុវជន​សំរាម​ផង​ដែរ​ថា៖ «ការ​ជ្រើសរើស ​គឺ​សំខាន់​ពី​មុន​ ខ្ញុំ​បាន​ជ្រើសរើស​ប្រគល់​ស្ទើរ​គ្រប់​យ៉ាង​ដែល​​​​​ជា​​​ក្ដី​សុខ​​របស់​ខ្ញុំ​ឲ្យ​ទៅ​​​មនុស្ស​ផ្សេង​​​ក្រៅ​ពី​ខ្លួន​ឯង។ ​តែ​អ្វី​ដែល​ត្រឡប់​មក​វិញ​​គឺ​របួស​ដែល​ឈឺ​​ ទឹក​ភ្នែក​​ដែល​ស្រក់​ តែ​សម្រាប់​​​ពេល​នេះ​អ្វី​ដែល​​ខ្ញុំ​​រើស​​យក​គឺ​ក្ដី​សុខ​របស់​ខ្លួន​ឯង​ស្រឡាញ់​ខ្លួន​ឯង​ជាង​អ្នក​ដទៃ។​ បើ​សូម្បី​តែ​ខ្លួន​យើង យើង​មិន​ស្រឡាញ់​ផង ​តើ​ឲ្យ​អ្នក​​ណា​មក​​​ស្រឡាញ់​​យើង​ តែ​ពេល​នេះ ជីវិត​ពិត​ជា​មាន​​ន័យ ទោះ​ធ្វើ​ការ​ច្រើន តែ​ក៏​មាន​ក្ដី​សុខ ព្រោះ​បាន​ឃើញ​ស្នាម​ញញឹម​ពី​មនុស្ស​​ ដែល​ស្រឡាញ់​ខ្ញុំ។​​

ក្រោយ​ពី​មាន​ទំនាក់ទំនង​ស្នេហ៍​នឹង​​​បុរស​ក្មេង​​ល្បី​​ឈ្មោះ​​រឿង​​ចូលរួម​​​ធ្វើ​សកម្មភាព​ជួយ​សង្គម​សាន ដារ៉ាវីត​ ដែល​​មជ្ឈដ្ឋាន​​ខាង​​ក្រៅ​​ហៅ​រហស្សនាម​ថា «ក្រុម​​យុវជន​សំរាម​»​ មក​នោះ ​ កញ្ញា សាឡាត់ ស្រីឡាង ហាក់​​ស្ងាត់​ទីផ្សារ​​​​ថត​កុន តែ​មក​​សកម្ម​នឹង​​ការងារ​ជួយ​សង្គម​ ដូច​ជា​ការ​យក​សម្ភារ​សិក្សា​ចែក​ដល់​សិស្ស​ក្រីក្រ​នៅ​ឯ​តំបន់​ដាច់​ស្រយាល​​ដែល​​ជា​កុមារ​​​រងគ្រោះ និង​ជន​ពិការ ក្រោយ​មក​ក៏​​​ឃើញ​នាង​ប្រកាស​លក់​សៀវភៅ​​យក​​ថវិកា​ផ្គត់ផ្គង់​ដាំ​កូន​ឈើ​។​

តារា​សម្តែង​ស្រី​រាង​ស្រលូន​ខ្ពស់ ​​កញ្ញា​ សាឡាត់​ ស្រីឡាង​ ​ធ្លាប់​ល្បី​រឿង​​បែក​ធ្លាយ​ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​លោក​ លៀក​ លីដា គឺ​ជា​ម្ចាស់​ផលិតកម្ម​ LD ហើយ​ត្រូវ​បាន​​ភរិយា ​លោក​មាន​គណនី​ហ្វេស​ប៊ុក​​​ឈ្មោះ​​ «​Panhchaka June​»​​ បង្ហោះ​​សារ​​​​​​​រៀប​រាប់​ពី​ការ​ផិត​ក្បត់​របស់​ស្វាមី​ខ្លួន​ជាមួយ​នឹង​​​តារា​សម្តែង​ស្រី​រូប​នេះ​​ ដោយ​​បាន​ទម្លាយ​ថា​ មាន​ទាំង​​ការ​ទិញ​រថយន្ត​​ និង​ផ្ទះ​​​ឲ្យ​នាង​​​​​ទៀត​​​​​ផង៕​