ភ្នំពេញៈ តារាសម្តែង​ស្រី​រាង​ខ្ពស់​ស្រឡះ​កញ្ញា សាឡាត់ ស្រីឡាង ហាក់​ស្ងាត់​ទីផ្សារ​ថតកុន ក្រោយពី​ផ្ទុះ​រឿង​អាស្រូវ​ស្នេហា​ល្បី​មាន​ទំនាក់ទំនង​នឹង​ម្ចាស់​ផលិតកម្ម LD Picture តែ​នាង​បែរ​មក​សកម្ម​ការងារ​ជួយ​សង្គម​ដូចជា​ការយក​សម្ភារ​សិក្សា​ចែក​ដល់​សិស្ស​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល​ដែល​ជា​កុមារ​រងគ្រោះ និង​ជនពិការ ខណៈ​ថ្មីៗ​ឃើញ​នាង​ប្រកាស​លក់​សៀវភៅ​យក​ថវិកា​ផ្គត់ផ្គង់​ដាំ​កូនឈើ​ទៀត​។

តារាស្រី​សម្បុរ​ស្រអែម​វ័យ​ ២៤ ​ឆ្នាំ​ កញ្ញា សាឡាត់ ស្រីឡាង ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា​៖ «​ការងារ​ជួយ​សង្គម​នេះ ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ចូលរួម​ជាមួយ​បង តាន់ គឹមសួរ ដែល​ជា​មេក្រុម​មាន​ឈ្មោះ​ថា «​អ្នកប្រយុទ្ធ​បៃតង​» គឺ​យើង​បាន​ជួយ​ស្ត្រី និង​កុមារ​រងគ្រោះ​ពី​អំពី​ហិង្សា​នានា និង​ជនពិការ​មិន​មាន​ការងារ​ធ្វើ​»​។

តារាសម្តែង​ស្រី​ដែល​ចាប់ផ្តើម​មាន​ការគាំទ្រ​តាំងពី​សម្តែង​កុន​ខ្នាត​ធំ​ដំបូង​រឿង «​ខ្មោច​អាសង្ហា​» និង​កុនភាគ​ជាច្រើន​ដូចជា​រឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយឆា​» រឿង​ «​ទីបញ្ចប់​នៃ​ស្នេហ៍​» ជាដើម​នោះ​ហាក់​ដូចជា​ស្ងប់ស្ងាត់​ទីផ្សារ​ថតកុន​វិញ ខណៈ​មហាជន​គិត​ថា​ប្រហែល​មកពី​មាន​រឿង​អាស្រូវ​ស្នេហា​ត្រីកោណ ជាមួយ​ម្ចាស់​ផលិតកម្ម LD Picture នោះ​ហើយ​។ ប៉ុន្តែ​តារា​ស្រី​រូប​នេះ​បាន​អះអាង​ថា​៖ «​ព្រោះ​ជាប់​រវល់​ធ្វើ​កិច្ចការ​សង្គម ទើប​មិន​មាន​ពេលវេលា​សម្រាប់​ការងារ​សិល្បៈ​»​។

តារាស្រី​មាន​ថ្ពាល់ខួច ញញឹម​ស្រស់ រាងខ្ពស់ កញ្ញា ស្រីឡាង បន្ថែម​ពី​ការដាំ​កូនឈើ​ទៀត​ថា​៖ «​ក្រុម​អ្នក​ប្រយុទ្ធ​បៃតង​របស់​យើង​កំពុង​តែ​មាន​គម្រោង​ដាំ​កូនឈើ​ចំនួន ១០ ​ម៉ឺន​ដើម​នៅ​ទីតាំង​ចំនួន ១០ ​ខេត្ត​ដោយ​មួយ​ខេត្ត​ត្រូវ​ដាំ ១ ​ម៉ឺន​ដើម​។ ប៉ុន្តែ​គោលដៅ​ដែល​ពួក​ខ្ញុំ​ត្រូវ​ដាំ​ដំបូង​គេ​នោះ​គឺ​នៅឯ​ភ្នំ​ឱរ៉ាល់​នឹង​ដាំ​នៅ​ថ្ងៃ​ទី​ ៣ ខែ ​សីហា​ ឆ្នាំ​នេះ​ ហើយ​ក៏​មាន​ក្រុម​តារា​សិល្បៈ​ជាច្រើន​រូប​ចូលរួម​ផងដែរ​។ ចំណែកឯ​ដី​ដាំ​គឺ​សុំ​បាន​ការអនុញ្ញាត​ពី​ក្រសួង​ហើយ តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ថា​ក្រសួង​ណា​ទេ​បង គឹមសួរ ទើប​គាត់​ដឹង​ច្បាស់​»​។

ចំពោះ​ថវិកា​ចំណាយ​លើ​ការដាំ​កូនឈើ​ទាំង​នេះ កញ្ញា សាឡាត់ ស្រីឡាង ក៏​បាន​បញ្ជាក់​ទៀត​ថា​៖ «​បាន​ជំនួយ​ពី​សប្បុរសជន​មួយ​ចំនួន និង​បាន​ពី​ការលក់​សៀវភៅ​ដែល​បាន​ការឧបត្ថម្ភ​ពី​បងស្រី ម៉ីសន សុធារី និង​បង ធីតា នៅ​ខាង​ទូរទស្សន៍​ភីអិនអិន​ចំនួន ២០០ ក្បាល ​ដែល​ ១ ​ក្បាល​ តម្លៃ ២ ៥០០៛ ដែល​ក្នុង​នោះ​មាន​សៀវភៅ​ចំណងជើង​ថា «​ពេលវេលា​» រឿង «​ថ្ងៃ​មុន​ស្អប់​ថ្ងៃ​នេះ​ស្រឡាញ់​» ​និង​រឿង «​អាគម​បរព្រៃ » ប៉ុន្តែ ខាង​យើង​ក៏​នៅ​ខ្វះ​ថវិកា​ច្រើន​ណាស់​សម្រាប់​ការមើល​ថែរក្សា​កូនឈើ​រហូត​ដល់ ៥ ឆ្នាំ​។ អ៊ីចឹង​ហើយ​យើង​ព្យាយាម​រក​ជំនួយ​បន្ថែម​»​។

តារាស្រី​ស្រាប់តែ​មាន​ទំនោរ​ងាក​មក​ធ្វើ​ការងារ​ជួយ​សង្គម​រូប​នេះ ក៏​បញ្ជាក់​ពី​ការងារ​សិល្បៈ​ដែរ​ថា​៖ «​ការងារ​សិល្បៈ​គឺ​ខ្ញុំ​ជាប់​រវល់​ខ្លាំង​ថត​ស្ប៉ត​ពាណិជ្ជកម្ម តែ​ក៏​ត្រូវ​មើល​ដែរ​ថា​ព្រោះ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ជួយ​សង្គម​ទេ​។ តាមពិត​ទៅ​ការងារ​ទាំង ២ នេះ​ស្រឡាញ់​ដូចគ្នា ប៉ុន្តែ​ចង់​ជួយ​ប្រជាជន​យើង​ច្រើនជាង​។ ឯ​ការថត MV វិញ​នៅ​ទទួល​ធម្មតា ខណៈ​កុន​ថ្មី​ខ្ញុំ​ក៏​កំពុង​តែ​ចរចា​នឹង​ផលិតកម្ម មិន​ដឹង​ថា​បាន​ឬ​អត់​ទេ​»៕