ភ្នំពេញ៖ ដោយ​មាន​​គោលដៅ​​ចង់​អភិរក្ស​រក្សា​នូវ​ស្នាដៃ​ និង​បង្ហាញ​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ដឹង និង​ស្គាល់​ពី​តម្លៃ​ ឬ​សារសំខាន់​នៃ​សំណង់​ចាស់ៗ​ ដែល​ជា​ផ្នែក​​របស់​ស្ថាបត្យកម្ម​ខ្មែរ​ សម័យ​​បុរាណ​​មាន​​​អាយុកាល​លើស ​១៥០ ឆ្នាំ​ឡើង​នោះ​ ក៏​មាន​ការ​រៀបចំ​សិក្ខាសាលា​អន្តរជាតិ​លើក​ទី ១ ​ស្តីអំពី​ការ​​ចង​ក្រងជា​ឯកសារ​ស្ថាបត្យកម្ម​ ដែល​មាន​ការ​ចូលរួម​​ដោយ​ស្ថាបត្យករ​ជាតិ ​និង​អន្តរជាតិ​ ​នឹង​​ធ្វើ​ឡើង​​នៅ​វត្ត​កំពង់​ត្រឡាច​លើ ​ខេត្ត​កំពង់ឆ្នាំង។

លោក ម៉ៅ វុត្ថា ​អ្នក​រៀបចំ​​​​កម្មវិធី​សិក្ខា​សាលា​អន្តរជាតិ​​ចង​​ក្រង​ឯកសារ​ស្ថាបត្យកម្ម​កម្ពុជា​ (​Vernadoc Cambodia)​ ​បាន​​ប្រាប់​​ឲ្យ​ដឹង​ថា៖ «​​សិក្ខាសាលា​អន្តរជាតិ​លើក​ដំបូង​​បង្អស់​នៅ​កម្ពុជា​នេះ​ ​ស្តីពី​ការ​ចងក្រង​ឯកសារ​ស្ថាបត្យកម្ម​ខ្មែរ​​ ​​​​មាន​​​​គោល​បំណង​ចង់​​​​​ថែរក្សា និង​ផ្តល់​តម្លៃ​ដល់​អគារ​​ស្ថាបត្យកម្ម​បេតិកភណ្ឌ​នានា​ដែល​មាន​នៅ​ក្នុង​ស្រុក​​ខ្មែរ​។​ សិក្ខាសាលា​នេះ នឹង​​ធ្វើ​​​រយៈពេល ១៥ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ថ្ងៃ​ទី ១៩ ខែ ​វិច្ឆិកា ឆ្នាំ​ ​២០១៩ ដោយ​យើង​​ចែក​ចេញ​ជា​ ២ ដំណាក់​កាល​គឺ ទី​១ ចាប់​ពី​ថ្ងៃទី ​៥ ដល់​ទី ១១ គឺ​ការ​បោះ​ជំរំ​ដើម្បី​សិក្សា​វាស់វែង​​នៅ​មូលដ្ឋាន​វត្ត​ពោធិរុក្ខារាម​ ហៅ​​វត្ត​កំពង់​ត្រឡាច​លើ នៅ​ឯ​ស្រុក​​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង ​​ហើយ​ដំណាក់កាល​ទី ២ ចាប់​ពី​ថ្ងៃទី ១៣ ដល់​ទី​ ១៨ គឺ​​ការ​​គូរ​រូប លាយពណ៌​នៅ​ឯ​ទីតាំង​​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ ការ​​​ចូលរួម​ ​គឺ​យើង​ក្រុម​ស្ថាបត្យករ​ជាតិ និង​អន្តរជាតិ​ជាង ២០ រូប​ នឹង​ជួប​ប្រជុំ​គ្នា​ ដើម្បី​ធ្វើ​ការងារ​ចង​​​​ក្រង​​​​ឯកសារ​នេះ។ ខណៈ​​​ក្រុម​ស្ថាបត្យករ​ខ្មែ​យើង​ មាន​​ចំនួន​ ១៥ រូប​ ដែល​​​ជា​និស្សិត​ទើប​បញ្ចប់​​​​ការ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម និង​ក្រុម​ស្ថាបត្យករ​មក​ពី​បរទេស ​​មាន​បទពិសោធ​ច្រើន​ ​មក​ពី​ប្រទេស​​​​ហ្វាំងឡង់ ម៉ាឡេស៊ី ថៃ និង​មក​ពី​​​​បង់ក្លាដែស​»។​​

គំនូរ​នៅ​ឯ​ជញ្ជាំងព្រះវិហារ​វត្ត «វត្តពោធិរុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ»​ មានអាយុកាលជិត​២០០ឆ្នាំ​។ រូបថត Vernadoc Cambodia​

លោក​​បន្ត​ថា៖ «លទ្ធផល​ទទួល​បាន​នឹង​ធ្វើ​ឲ្យ​សហគមន៍​យល់​កាន់​តែ​ច្បាស់​អំពី​​គុណ​​តម្លៃ​របស់​អគារ​ ​ហើយ​​​​ចូលរួម​​ថែរក្សា ​អភិរក្ស ​បណ្តា​អគារ​​ទាំង​​​នោះ។ ​វត្ត​កំពង់​ត្រឡាច​លើ ត្រូវ​បាន​គេ​​ជ្រើសរើស​​​ជា​ជំរំ​មូលដ្ឋាន ​សម្រាប់​សិក្ខាសាលា​របស់​​យើង​នៅ​កម្ពុជា​ព្រោះ​ថា​វត្ត​នេះ​ គឺ​ជា​វត្ត​ដ៏​ចំណាស់​ជាង​គេ​មួយ​នៅ​ក្នុង​ចំណោម​វត្ត​ទាំង​ឡាយ​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​។ ម៉្យាង​​​​វត្ត​នេះ ​ក៏​ត្រូវ​​បញ្ចូល​ជា​សម្បត្តិ​​បេតិកភណ្ឌ​វប្បធម៌​របស់​ជាតិ​ ដោយ​​​មាន​ស្នាដៃ​គំនូរ​បុរាណ​ក្នុង​ព្រះវិហារ​​ដូច​ជា​​មាន​​អាយុ​កាល​ជិត ២០០ ឆ្នាំ​​ និង​​មាន​ប្រវត្តិ​​​​​ទាក់ទង​នឹង​ប្រវត្តិសាស្រ្ត​សម័យ​លង្វែក​​។

ក្រោយ​ពី​ចប់​គម្រោង​ដំបូង​នេះ​ ក្រុម​​អ្នក​រៀបចំ​​កម្មវិធី​សិក្ខាសាលា​អន្តរជាតិ​​ចង​ក្រង​ឯកសារ​​ស្ថាបត្យកម្ម​ខ្មែរ ក៏​​មាន​គោលដៅ​បន្ត​ធ្វើ​ការងារ​នៅ​ទីតាំង​​ផ្សេងៗ​ទៀត​ដែរ។

លោក ម៉ៅ វុត្ថា បង្ហើប​ថា៖ «​ជា​គោលដៅ​បន្ទាប់​ ប្រសិន​បើ​ការងារ​ដំបូង​នេះ​ ​បាន​ដំណើរការ​ល្អ​នោះ យើង​ក៏​គ្រោង​ធ្វើ​នៅ​តាម​ខេត្ត​ចំនួន ​៣ ទៀត​ដែរ ​គឺ​ខេត្ត​បាត់ដំបង ក្រចេះ និង​ខេត្ត​កំពត ដោយសារ​តែ​ខេត្ត​ទាំង​នេះ​ ហាក់​សម្បូរ​ទៅ​ដោយ​សំណង់​អគារ និង​ផ្ទះ​​បុរាណ ដែល​អាច​មាន​អាយុ​កាល​​ច្រើន​​​គឺ​លើស​ពី ​១៥០ ឆ្នាំ​»៕