សិង្ហបុរី៖ នៅ​កន្លែង​បិត​ស្រា​មួយ​ក្នុង​ប្រទេស ​សិង្ហបុរី ក្លិន​ស្រល់​ដ៏​ឈ្ងុយឈ្ងប់​ រុក្ខជាតិ និង​ផ្កា​ជះ​ក្លិន​ពិដោរ​ នៅ​ពេល​ដែល​ក្រុម​និស្សិត​កិន​គ្រាប់​ប៊ឺរី រួច​ក្រឡុក​វា​ជាមួយ​គ្រឿង​ផ្សំ​ផ្សេងៗ​តាម​តម្រូវ​ការ​ដើម្បី​ផលិត​ជា​ស្រា​ជីន​តាម​បែប​ផែន​រសជាតិ​អាស៊ី​។

ឪទិន​​ចំហុយ​ស្ពាន់​ដ៏​ភ្លឺ​រលោង​ បន្ដ​ដោយ​បំពង់​ខ្សៀ​សម្រាប់​បង្ហូរ​ស្រា​ និង​​ក្រឡ​កែវ​ដាក់​តម្រៀប​គ្នា​លើ​តុ ខណៈ​ដែល​ទូ​មួយ​ផ្អែក​នៅ​ជញ្ជាំង​សម្រាប់​ដាក់​ក្រឡ​ស្រា​ជីន រួម​ទាំង​ថត​តុ​ជា​ច្រើន​សម្រាប់​ដាក់​គ្រឿង​ផ្សំ​រសជាតិ​រុក្ខជាតិ​។

ក្រុម​និស្សិត​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ចេះ​បង្កើត​ភាព​ច្នៃ​ប្រឌិត​ និង​ចេះ​បិត​ស្រា​ទៅ​តាម​រសជាតិ​ផ្ទាល់​ខ្លួន​ ដោយ​ការ​លាយ​ក្រូច ផ្កា រុក្ខជាតិ​បន្ថែម​ក្លិន ឬ​​ក៏​គ្រឿង​ទេស ក្រឡុក​បញ្ចូល​គ្នា​ជាមួយ​ផ្លែ​ប៊ឺរី​ខ្មៅ និង​គ្រាប់​ជីវាន់​ស៊ុយ​ ដែល​រួម​ទាំង​ស្លឹក​របស់​វា​​ទទួល​បាន​ការ​ពេញ​និយម​សម្រាប់​ការ​បន្ថែម​​ក្លិន​លើ​ម្ហូប​អាហារ​។

ពួក​គេ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​រុក្ខជាតិ​ និង​​ផ្លែ​ឈើ​មួយ​ថាស រួម​មាន អំពិល ស្លឹក​តើយ និង​ផ្កា​ខ្ញី​សម្រាប់​បង្កើន​ក្លិន​ឈ្ងុយ​ដែល​រមែង​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ម្ហូប​​​អាហារ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។

អ្នកស្រី ចាមី កោះ ស្ថាបនិក​ Brass Lion Distillery ដែល​បង្កើត​បង្រៀន​បិត​ស្រា​ជីន​ចុង​សប្ដាហ៍ បាន​និយាយ​ថា៖ «ការ​បិត​ស្រា​ជីន​អនុញ្ញាត​ឲ្យ​លោក​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​។ លោក​អ្នក​អាច​ប្រើ​រុក្ខជាតិ​តិច​តួច ឬ​អាច​លាយ​មួយ​ទំហឹង​ដៃ​ទៅ​តាម​ចិត្ដ​ចង់​ និង​បន្ថែម​រុក្ខជាតិ​រាប់​លាន​ប្រភេទ​ក៏​បាន​»។

ឪទិន​ស្ពាន់​រលោង​ សម្រាប់​ឲ្យ​សិស្ស​រៀន​បិត​ស្រា​ជីន​។ រូបថត AFP

ស្រា​ជីន​ ជា​ទូទៅ​មាន​រសជាតិ​ចម្បង​​​ផ្ដោត​លើ​​ផ្លែ​ប៊ឺរី​ខ្មៅ តែ​គ្រឿង​ផ្សំ​រុក្ខជាតិ​ផ្សេង​ៗ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផ្គាប់​​ចិត្ដ​បុគ្គល​នីមួយៗ​យ៉ាង​ពិសេស​ទៅ​តាម​ចំណូល​ចិត្ដ​របស់​ពួក​គេ​រៀងៗ​ខ្លួន​។

អ្នកស្រី ថូនយ៉ា សារ អាយុ ៤៥ ឆ្នាំ លើក​ដើម​ខ្ជាយ ជា​ប្រភេទ​រុក្ខជាតិ​មើម​ស្រដៀង​ខ្ញី ហិត រួច​កាត់​វា​ជា​ដុំៗ​។ អ្នកស្រី​បាន​បន្ថែម​គ្រឿង​ផ្សំ ​១ ​ថាស​ទៀត​ដល់​ក្រុម​និស្សិត​ ដែល​រួម​មាន​ទាំង​ផ្កា​ឡាវេនឌ័រ និង​កុលាប​ក្រពុំ​។

អ្នកស្រី​និយាយ​ថា​៖ «​ខ្ញុំ​តែងតែ​មិន​សូវ​ចូលចិត្ដ​ជាតិ​ជូរ និង​ក្លិន​ផ្កា​ច្រើន​ទេ​។ ដូច្នេះ តាម​ចំណូល​ចិត្ដ​ខ្ញុំ រសជាតិ​សម្រាប់​ខ្ញុំ​គឺ Earl Grey»។

មិន​ខុស​ពី​កន្លែង​ផ្សេង​ទូទាំង​ពិភព​លោក ចំណាប់​អារម្មណ៍​​ចំពោះ​ការ​បិត​ស្រា​ជីន​កាន់​តែ​ពេញ​និយម​នៅ​ក្នុង​ប្រទេស ​សិង្ហបុរី ដែល​អម្បូរ​ទៅ​ដោយ​បារ៍​ដ៏​ច្រើន​សន្ធឹក​។

ក្រោយ​ពី​ក្រុម​និស្សិត​បិត​ស្រា​ខ្លួន​ឯង​រួច វា​ជា​វេលា​ត្រូវ​ច្រក​ដប​ និង​បញ្ជូន​ទៅ​កាន់​បារ៍​នានា រួច​ផ្សំ​ជា​ស្រា​ក្រឡុក ជីន និង​តូនិក​ជាដើម​។ វគ្គ​សិក្សា​នេះ​មាន​តម្លៃ ១៤៥ ដុល្លារ ហើយ​និស្សិត​អាច​យក​មក​វិញ​នូវ​ស្រា​បិត​ខ្លួន​ឯង​ចំណុះ​កន្លះ​លីត្រ​។

លោក ដានីញ៉ែល លីម បាន​​លាយ​ស្រា​ជីន​ជាមួយ​ស្លឹក​គ្រៃ ក្រូច​សើច និង​ម្ទេស ៣ ចំណិត​តូច​ៗ​។

បុរស​អាយុ ៣០ ឆ្នាំ​រូប​នេះ ដានីញ៉ែល លីម បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ចង់​ភ្លក្ស​រសជាតិ​ស្រា​សិង្ហបុរី​ម្ដង​មើល​ថា តើ​វា​យ៉ាង​ម៉េច​? វា​រាង​ហឹរៗ​ និង​ឆួល​ច្រមុះ​»៕ AFP/HR