ភ្នំពេញៈ ការចាប់ផ្តើម​ដំបូង​កាល​ជិត ១០ ​ឆ្នាំ​មុន​ទទួល​បរាជ័យ​លើ​អាជីវកម្ម ដោយសារ​តែ​គ្មាន​អ្នកគាំទ្រ និង​បង្អាប់​តម្លៃ ខណៈ​ការចាប់ផ្តើម​ឡើង​វិញ​ត្រឹម​តែ​ពេល​ជាង​ ១ ​ឆ្នាំ​ចុងក្រោយ​នេះ​ធ្វើឲ្យ​សិប្បកម្ម​ធុង​បរិស្ថាន​ដែល​ផលិត​ធុងសំរាម​ពី​សម្បក​កង់ឡាន សឹងតែ​គ្មាន​ធុងសំរាម​លក់​ឲ្យ​អតិថិជន​។

អ្នកស្រី សឿង សុថារី ម្ចាស់​សិប្បកម្ម​ធុង​បរិស្ថាន​វ័យ ៣០ ​ឆ្នាំ​ដែល​មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម និង​បច្ចុប្បន្ន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​កំពុង​តែ​ធ្វើការ​ជា​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​បង្ហើប​ឲ្យ​ដឹង​ថា​៖ «​ដោយសារ​កើត​ចេញ​ពី​ទឹកចិត្ត​ស្រឡាញ់​បរិស្ថាន និង​ចង់​ចូលរួម​លើ​កិច្ចការ​ផ្នែក​នេះ ក៏​នៅ​តែ​នឹកឃើញ​យក​អាជីវកម្ម​ខ្នាតតូច​គឺ​សិប្បកម្ម​ធុងសំរាម​បរិស្ថាន​នេះ ឡើងវិញ​ជាង ១ ​ឆ្នាំ​ចុងក្រោយ​តែ​ប៉ុណ្ណោះ ខណៈ​ខ្ញុំ​ក៏​ធ្លាប់​បាន​បង្កើត​ដំបូង​កាល​ជិត ១០ ​ឆ្នាំ​មុន​ដែរ​»​។

កន្លែង​ដាក់តាំង និង​លក់​ធុងសំរាម​បរិស្ថាន​។ រូប ធុង​បរិស្ថាន-Eco Bin Page

អ្នកស្រី​បន្ត​ថា​៖ «​យ៉ាងណា​ពី​បង្កើត​ដំបូង [​ចាប់ផ្តើម​លើក​ទី​ ២] ក៏​មិន​សូវ​មាន​ភាព​មមាញឹក​ផលិត​ច្រើន​នោះ​ទេ ដោយសារ​មូលហេតុ​ដដែល​គឺ​អ្នក​ប្រើ​ថា លក់​ថ្លៃ ទើប​ពួកគាត់​មិន​សូវ​គាំទ្រ ឬ​ហ៊ាន​ជាវ​ប្រើ​។ តែ​ក្រោយពី​មាន​អ្នក​ជាវ​ប្រើ​មុនៗ​ជួយ​ផ្តល់​ព័ត៌មាន​ចែករំលែក​ដល់​អ្នក​ជិត​ខាង​ពួកគេ​មក​ថា ធុង​នេះ​មាន​ភាពស្វិត​ល្អ​អាច​ធន់​នឹង​អាកាសធាតុ​ទាំង​ក្តៅ ត្រជាក់ ហើយ​ទោះបី​ជា​ត្រូវ​ទឹកភ្លៀង​ក៏ដោយ ក៏​មិន​ងាយ​ខួច​ទេ​គឺ​ប្រើ​បាន​ច្រើន​ឆ្នាំ ក៏​មាន​អ្នក​មក​ជាវ​ច្រើន​។ សព្វថ្ងៃ​សឹង​តែ​មិន​អាច​ផលិត​ទាន់​សម្រាប់​លក់​ទេ​ព្រោះ​ថា ក្រោយពី​បងប្អូន​ខ្មែរ​ដឹង​ពី​គុណប្រយោជន៍​វា​មក​នោះ ខណៈ​យើង​មាន​លក់​ទាំង​ដុំ និង​រាយ​។ ការលក់ដុំ​ភាគច្រើន​កុម្ម៉ង់​ទិញ​ពី​សហគមន៍ អង្គការ និង​លក់រាយ​វិញ​ពី​បងប្អូន​រស់នៅ​តាម​ផ្ទះល្វែង​នានា​។ ម្យ៉ាង​ទៀត​ដោយសារ​នៅ​ជា​សិប្បកម្ម​ខ្នាតតូច​នៅ​ឡើយ ហើយ​មាន​កន្លែង​ផលិត​នៅ​ខេត្ត​កំពង់ចាម និង​កន្លែង​ស្តុក​លក់​នៅ​ភ្នំពេញ ខណៈ​ក៏​ជួប​កង្វះខាត​កម្មករ​ធ្វើ​ទៀត​ផង​»​។

ទោះបី​អាជីវកម្ម​សិប្បកម្ម​ខ្នាត​តូច​មែន តែ​ទទួល​បាន​គាំទ្រ​ពី​បងប្អូន​ខ្មែរ​គ្រប់​ស្រទាប់ និង​មាន​អ្នក​តំណាង​ចែកចាយ​លក់ដុំ និង​រាយ​បន្ត​ប្រមាណ​ជិត ៣០ ​កន្លែង​ហើយ​ដែរ ខណៈ​តម្លៃ​លក់​មិន​មាន​ភាពខុសគ្នា​ទេ​។

ការប្រើ​កណ្ដៀវ​ចៀរ​សម្បក​កង់ឡាន​ដើម្បី​ធ្វើ​ធុងសំរាម​។ រូប ធុង​បរិស្ថាន​-Eco Bin Page

ស្ត្រី​ជា​ម្ចាស់​សិប្បកម្ម​ធុង​បរិស្ថាន​នេះ​បញ្ជាក់​ថា​៖ «​យើង​ក៏​បាន​កំណត់​តម្លៃ​លក់​ចេញ​ពី​គ្រប់​តំណាង​ចែកចាយ​បន្ត​ទាំងអស់​ដែរ​គឺ​មិន​ឲ្យ​ពួកគាត់​លក់​បញ្ចុះ ឬ​ដំឡើង​តម្លៃ​បែប​ប្រជែង​គ្នា​ឡើយ​។ ប្រសិន​បើ​មាន​គឺ​នាង​ខ្ញុំ​នឹង​ឈប់​ផ្តល់​សិទ្ធិ​ជា​តំណាង​មិន​ខាន​។ ធុង​នេះ​មាន​លក្ខណៈ​ផ្តល់​ភាពងាយស្រួល​សម្រាប់​រក្សា​បរិស្ថាន និង​អនាម័យ​នៃ​ការទុកដាក់​ឬ ចោល​សំរាម​តាម​គេហដ្ឋាន​មាន​តួ​ធុង​រាង​មូល គម្រប និង​ជើងទ្រ​។ មាន​ច្រើន​ពណ៌​ខណៈ​តម្លៃ​គឺ​ធុង​ពណ៌​ខ្មៅ ១ តម្លៃ ២៥ ​ដុល្លារ និង​ពណ៌​ខៀវ ឬ​បៃតង ១ តម្លៃ ២៧ ​ដុល្លារ​។ យើង​ក៏​មាន​សេវា​ដឹកជញ្ជូន​ឲ្យ​ដល់​គេហដ្ឋាន​ផងដែរ​ទាំង​នៅ​ភ្នំពេញ ឬ​ខេត្ត តែ​នៅ​ភ្នំពេញ​បើ​ទីតាំង​ជិត​មិន​គិត​តម្លៃ​សេវា​ដឹក​ទេ បើ​នៅ​ទី​ឆ្ងាយ​គិត​ថ្លៃ​សេវា​ដឹក​បន្ថែម ១ ដុល្លារ ខណៈ​នៅ​ខេត្ត​ជួយ​ដឹក​ត្រឹម​ចំណត​ឡាន​ក្នុង​ក្រុង​ភ្នំពេញ​ហើយ​អតិថិជន​គឺ​ជួយ​ចេញ​ថ្លៃ​ដឹក​ពី​ចំណត​ឡាន​ទៅ​ខេត្ត​នីមួយៗ​»​។

បើ​ចាប់​អារម្មណ៍​ជាវ​ធុង​បរិស្ថាន​ជា​ផលិតផល​ក្នុង​ស្រុក​ស្នាដៃ​កូន​ខ្មែរ​មាន​ម្ចាស់​សិប្បកម្ម​ជា​ស្ត្រី​ជា​អ្នក​គ្រប់គ្រង​នោះ​អាច​ទាក់ទង​តាម​គេហទំព័រ​ធុង​បរិស្ថាន-Eco Bin ឬ​ទូរស័ព្ទ 077 /087 222 552៕