ក្រុង​គូបាង ស៊ីម៉ាង៖ ​ធូប​ដើម​ធំៗ​​រាប់​ពាន់​តម្រៀប​គ្នា ខ្លះ​ត្រូវ​បាន​រចនា​ដោយ​រូប​នាគ​រាជ ដែល​ផ្ដេក​ទម្រេត​លើ​ជញ្ជាំង​រោង​សិប្បកម្ម​​ម៉ាឡេស៊ី ត្រៀម​រដូវកាល​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ចុង​សប្ដាហ៍​នេះ។

ស្ថិត​នៅ​ក្រុង​ដាច់​ស្រយាល គូបាង​ ស៊ីម៉ាង​ កម្មករ​បាន​​ចំណាយ​ពេល​រាប់​ខែ​ ប្រើប្រាស់​វិធីសាស្ត្រ​ប្រពៃណី​ក្នុង​ការ​​ច្នៃ​ផលិត​ធូប​​ខ្នាត​យក្ស ដោយ​ខ្លះ​កម្ពស់​ដល់​ទៅ ២ ម៉ែត្រ មុន​នឹង​​បញ្ជូន​ទៅ​កាន់​ហាង​នានា។

មុន​រដូវកាល​ចូល​ឆ្នាំ​ចិន​ ជំនួញ​​ធ្វើ​ធូប​កាន់​តែ​​មមាញឹក នៅ​ពេល​ដែល​ពលរដ្ឋ​សែស្រឡាយ​​ចិន​​ទូទាំង​ប្រទេស​នាំ​គ្នា​ទៅ​អុជ​ធូប​បួងសួង​តាម​អារាម និង​ពិធី​ប្រពៃណី។

ថ្វី​ដ្បិត​តែ​ម៉ាឡេស៊ី ​សម្បូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម ប៉ុន្តែ​ប្រទេស​នេះ​ក៏​មាន​ពលរដ្ឋ​សែស្រឡាយ​ចិន​​ដ៏​ច្រើន​ ជាមួយ​ការ​ប្រារព្ធ​បុណ្យ​ចូល​ឆ្នាំ​ចិន​​គ្រប់​ច្រក​ល្ហក។

ម្ចាស់​សិប្បកម្ម​ធូប អ៊ុង ជិន​ចេ ដែល​មមាញឹក​ចាត់ចែង​ការងារ​​ក្នុង​រោង​ឈើ​ប្រក់​ដំបូល​ស័ង្កសី​បាន​និយាយ​ថា ធូប​ធ្វើ​ដោយ​ដៃ​ពណ៌​ស្រស់​ឆើត​ទាំង​នេះ ល្អ​ជាង​ធូប​ផលិត​ដោយ​ម៉ាស៊ីន​ឆ្ងាយ​ណាស់។

ចង្អុល​ទៅ​កាន់​ក្បាច់​រចនា​​លើ​ធូប​ខ្នាត​យក្ស អ្នក​ជំនួញ​វ័យ ៦០ ឆ្នាំ​រូប​នេះ​បាន​និយាយ​ទៀត​ថា៖ «បើ​ប្រើ​ម៉ាស៊ីន ស្មាន​ថា​អ្នក​អាច​ធ្វើ​ក្បាល​នាគ​បាន​ល្អ​អ៊ីចឹង​ឬ?»។

ធូប​របស់​លោក​ត្រូវ​បាន​ផលិត​ជា​ចម្បង​ពី​​កម្ទេច​ឈើ​រណារ​ ហើយ​លាយ​ជាមួយ​​ឈើ​កិន​ និង​ឈើ​ខ្លឹម​ចន្ទន៍​ក្រស្នា។ ល្បាយ​ឈើ​ត្រូវ​បាន​លាយ​ជាមួយ​ទឹក​ មុន​នឹង​យក​ទៅ​ចាក់​ពុម្ព​ជា​ធូប​ធំៗ។

ធូប​ខ្នាត​យក្ស ដែល​ផលិត​ និង​រចនា​ដោយ​ដៃ​នៅរោង​សិប្បកម្ម ប្រទេស​ម៉ាឡេស៊ី​​​។ រូបថត AFP

បើ​ទោះ​ជា​ឆ្នាំ​នេះ ជា​ឆ្នាំ​ជូត​​ ប៉ុន្តែ​​លោក អ៊ុង និយាយ​ថា គ្មាន​អ្នក​ណា​ចង់​បាន​ធូប​រូប​កណ្ដុរ​ឡើយ។

លោក​និយាយ​បណ្ដើរ​សើច​បណ្ដើរ​ ថា៖ «ឆ្នាំ​​កណ្ដុរ​មែន​ តែ​សត្វ​ហ្នឹង​​មិន​សូវ​ល្អ ព្រោះ​វា​ជា​សត្វ​​លួច​​របស់​គេ​ស៊ី»។

ផ្ទុយ​ទៅ​វិញ ការ​រចនា​រូប​នាគ​លើ​ធូប តែងតែ​ពេញ​និយម​គ្រប់​​ឆ្នាំ គ្រប់​រដូវកាល ដោយសារ​សត្វ​នេះ​ជា​និមិត្ត​រូប​នៃ​អំណាច ថាមពល និង​សំណាង​ល្អ ក្នុង​ជំនឿ​ពលរដ្ឋ​អាស៊ី។

លោក អ៊ុង និយាយ​ថា ធូប​របស់​លោក​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ពី ៨ ទៅ ៨០ រីងហ្គីត (២ ទៅ ២០ ដុល្លារ) ក្នុង ​១ ​ដើម អាស្រ័យ​ទៅ​លើ​គុណភាព និង​ទំហំ​របស់​វា។ ក្រៅ​ពី​ចង្វាក់​​ផលិតកម្ម​ដ៏​មមាញឹក​ត្រៀម​ចូល​ឆ្នាំ​ចិន សិប្បកម្ម​​​លោក​តែងតែ​ផ្គត់ផ្គង់​តម្រូវការ​បុណ្យ​ទាន​ប្រពៃណី​ចិន​ជា​ហូរហែ។

លោក​ប៉ាន់​ប្រមាណ​ថា សព្វ​ថ្ងៃ​​នៅ​ប្រទេស ​ម៉ាឡេស៊ី មាន​អ្នក​​ធ្វើ​ធូប​ដូច​ជា​រូប​លោក​ ៣០ កន្លែង​ប៉ុណ្ណោះ ដោយ​ចំនួន​កាន់​តែ​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ត្អូញ​ថា៖ «ក្មេងៗ​មិន​ចង់​​ធ្វើ​ការងារ​នេះ​ទេ វា​ពិបាក និង​​គ្មាន​ម៉ាស៊ីន​ត្រជាក់»។

ធូប​ភាគ​ច្រើន​ដែល​​ដាក់​លក់​នៅ​ទីផ្សារ​អាស៊ី​អាគ្នេយ៍​ មាន​ប្រភព​មក​ពី​ប្រទេស ចិន។

ជាង ៦០ ភាគរយ ​នៃ​ប្រជាជន​​​ម៉ាឡេស៊ី​ ៣២ លាន​នាក់ ​ជា​​ពលរដ្ឋ​កាន់​សាសនា​អ៊ិស្លាម ហើយ​ប្រមាណ ១ ភាគ ៤ ជាប់​សែ​ស្រឡាយ​ចិន។ ប្រទេស​នេះ​ក៏​មាន​ល្បាយ​​ពលរដ្ឋ​​ជនជាតិ​ដើម​ឥណ្ឌា​ដ៏​ច្រើន​ផង​ដែរ៕ AFP