ខេត្តព្រះវិហារៈ សហគមន៍​សិប្បកម្ម​ផលិតផល​ពី​ធាង​ទ្រាំង​ចំនួន ២៨ គ្រួសារ​នៅក្នុង​ភូមិ​ចំនួន​ ៥ នៅក្នុង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​កំពុង​តែ​មាន​សេចក្តី​សោមន្ស​រីករាយ​នឹង​របរ​បន្ថែម​ផលិត​ចង្កឹះ​ពី​ធាងទ្រាំង ក្រោយ​ពី​មាន​គម្រោង​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​អនុផល​ព្រៃឈើ (NTFP) មក​នោះ​។

លោក ជា ថុង ស្ថាបនិក​ភ្នាក់ងារ​ទេសចរណ៍ Vanna Adventure Travel ដែល​តែង​ជួយ​នាំ​យក​ផលិត​ចង្កឹះ​ទ្រាំង​ពី​សហគមន៍​នេះ​មក​លក់​បន្ត​ដោយសារ​មាន​ការសហការ​ពី​​អង្គការ NTFP នោះ​ឲ្យ​ដឹង​ថា​៖ «​ការផលិត​ចង្កឹះ​ពី​ធាងទ្រាំង​ចាស់ៗ​ដែល​ងាប់ ពលរដ្ឋ​សហគមន៍​អាច​រកប្រាក់​ចំណូល​បន្ថែម​បាន ដោយសារ​ពី​មុន​មិន​ដែល​ទាញ​ប្រយោជន៍​ពី​រុក្ខជាតិ​នេះ​ឡើយ ក្រៅពី​យក​ទៅ​ដុត​នោះ​។ ពួកគាត់​សប្បាយ​ចិត្ត​ខ្លាំង ព្រោះ​ថា​ជា​មុខរបរ​បន្ថែម​អាច​រកប្រាក់​បាន​គឺ​ក្នុង​ ១ ​ថ្ងៃ​ពួកគាត់​រក​បាន​ចន្លោះ​ពី ៥ ម៉ឺន​រៀល​ទៅ ៧ ​ម៉ឺន​រៀល​ឯណោះ សម្រាប់​ ១ ​គ្រួសារ ហើយ​ពួកគាត់​ក៏​អត់​ចេញ​ទៅ​ធ្វើការ​ក្រៅ​ផ្ទះ​ឡើយ​»​។

ដើមទ្រាំង​ដែល​ពលរដ្ឋ​យក​ធាង​ចាស់​ងាប់​ទៅ​ច្រៀក​ធ្វើ​ជា​ចង្កឹះ​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។ រូបថត Vanna Adventure Travel

លោក ជា ថុង បន្ត​ថា​៖ «​ប្រសិន​បើ​រដូវប្រាំង​សម្បូរ​ធាង​ទ្រាំង​ងាប់ បងប្អូន​សហគមន៍​អាច​មាន​លទ្ធភាព​យក​ធាងទ្រាំង​ទាំង​នោះ​មក​ផលិត​ជា​ចង្កឹះ​បាន​ជាង ២០០០ បាច់ (១ ​បាច់​មាន ១០ គូ​) ក្នុង​ ១ ​ខែ ខណៈ​រដូវវស្សា​វិញ​រាង​ខ្សត់​ធាងទ្រាំង​ងាប់​នោះ ទើប​អាច​ផលិត​បាន​តែ​ត្រឹម ១០០០ បាច់​ប៉ុណ្ណោះ​ក្នុង​ ១ ​ខែ​។ ចំពោះ​ចង្កឹះ ១ បាច់​តម្លៃ ១ ​ម៉ឺន​រៀល​»​។

ដោយសារតែ​ទ្រាំង ជា​រុក្ខជាតិ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ត្នោត​ដែល​មាន​អាយុ​វែង​ទើប​អាច​ផ្តល់​ផល​ឲ្យ​នោះ ទើប​ចង្វាក់​សិប្បកម្ម​ផលិត​ចង្កឹះ​ទ្រាំង​របស់​សហគមន៍​នៅ​ស្រុក​ឆែប ប្រែប្រួល​តាម​រដូវកាល​ផង​ដែរ​។

លោក ជា ថុង បង្ហើប​ឲ្យ​ដឹង​ពី​អាយុកាល​នៃ​រុក្ខជាតិ​ទ្រាំង​ដែរ​ថា​៖ «​បើ​តាម​ការដឹង​បន្ត​ពី​ការអាន​សៀវភៅ​ស្រាវជ្រាវ​ដើម​ទ្រាំង​នេះ​គឺ​វា​ជា​រុក្ខជាតិ​ដែល​ស្រដៀង​គ្នា​នឹង​ដើមត្នោត​ដែរ​។ វា​មាន​អាយុកាល​ប្រមាណ​ពី ២០-២៥ ឆ្នាំ​ទើប​អាច​ទាញ​ប្រយោជន៍​ពី​វា​បាន ខណៈ​ពេល​មាន​អាយុ​ប្រមាណ ៧០-៨០ ឆ្នាំ វា​នឹង​ងាប់​ហើយ​។ ម្យ៉ាង​វិញ​ទៀត​រុក្ខជាតិ​ទ្រាំង​នេះ​គឺ​អាច​ផ្តល់​នូវ​ផ្លែផ្កា​បាន​តែ​ម្តងគត់​សម្រាប់​ ១ ​ជីវិត​របស់​វា​»​។

ពលរដ្ឋ​កំពុង​តែ​ច្រៀក​ធ្វើ​ចង្កឹះ​ពី​ធាង​ទ្រាំង​ក្រៀម​។ រូបថត Vanna Adventure Travel

ការចូលរួម​គាំទ្រ​ផលិតផល​ចង្កឹះ​ទ្រាំង​របស់​សហគមន៍​ខ្មែរ​យើង​គឺ​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​របស់​ពួកគាត់ ការកាត់បន្ថយ​ការងារ​ចំណាកស្រុក ផ្តល់​ឱកាស​ដល់​កូនចៅ​ពួកគាត់​បាន​រៀនសូត្រ ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កាត់បន្ថយ​ប្រើប្រាស់​ជ័រប្លាស្ទិក​ផងដែរ​។ ប្រសិន​បើ​ចង់​បាន​ចង្កឹះ​ទ្រាំង​ដ៏ល្អ​នេះ​អាច​ទាក់ទង​ទូរស័ព្ទ​លេខ 012 977 372 , 087 883 898 និង​មាន​សេវា​ដឹក​ជូន​តាម​ខេត្ត​នានា​ទៀត​ផង​ដែរ​៕