ភ្នំពេញ៖ ធ្លាប់តែឃើញស្លឹកចាកត្រូវបានយកវេចនំ បង្កើនក្លិនឈ្ងុយដ៏ល្បីប្រចាំខេត្តកំពត ហើយក៏ត្រូវបានប្រជាជនខ្លះយកទៅប្រក់ដំបូល ធ្វើជញ្ជាំងផ្ទះតាមតំបន់ជនបទ។ ប៉ុន្តៃពេលនេះ ស្លឹកចាក ដែលមានរាងវែងស្រឡូង ដុះនៅតាមដងព្រែកនៃតំបន់ទឹកប្រៃ ត្រូវបានប្រជាជនរស់នៅតំបន់ភ្នំឧដុង្គ នៃស្រុកពញាឮ ខេត្តកណ្តាល យកមកច្នៃប្រឌិតធ្វើជាកាបូប និងរចនាបន្ថែមភាពស្រស់ស្អាតនៅហាង ម៉ាដាមច្នៃ ក្នុងរាជធានីភ្នំពេញ មុនបញ្ចេញលក់នៅលើទីផ្សារ។
ដោយឃើញការច្នៃប្រឌិតនៅបរទេស វាបានជំរុញចិត្ដ អ្នកស្រី ឈឺន ពុទ្ធារី វ័យ ៣៥ ឆ្នាំ ចាប់ផ្តើមសិក្សាស្រាវជ្រាវរកការច្នៃប្រឌិតថ្មី មកបង្កើតហាងលក់វត្ថុអនុស្សាវរីយ៍គិតគូរពីបរិស្ថាននេះ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ផលិតផលប៉ះពាល់បរិស្ថាន លើកស្ទួយផលិតផលក្នុងស្រុក បង្កើតមុខរបរ និងប្រាក់ចំណូលជូនស្រ្តីមេផ្ទះដែលមិនមានការងារធ្វើនៅតាមសហគមន៍។
កាបូបត្បាញស្លឹកចាករំលេចគ្រឿងតុបតែងផ្កាក្រណាត់ពណ៌ ក្រហម ស្វាយ បៃតង និងចម្រុះពណ៌ រុំព័ទ្ធដោយរំយោលនៃខ្សែក្រណាត់តូចៗ មានរូបរាងជាកាបូបយួរដៃ កាបូបស្ពាយចំហៀង និងខ្លះទៀតរាងដូចកន្ត្រកដាក់អីវ៉ាន់មកពីផ្សារ ពិតជាល្អឥតខ្ចោះ និងស័ក្ដិសមសម្រាប់នារីគ្រប់វ័យយកទៅប្រើប្រាស់គ្រប់កាលៈទេសៈ។
ម្ចាស់ហាង ម៉ាដាមច្នៃ អ្នកស្រី ពុទ្ធារី ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំបានឃើញហាងមួយនៅស្រុកគេ គេធ្វើកាបូបពីក្រណាត់ស្អាតៗមែនទែន ហើយខ្ញុំក៏មានគំនិតចង់ឲ្យស្រុកយើង មានហាងលក់កាបូបច្នៃស្អាតៗអ៊ីចឹងដែរ។ ខ្ញុំចាប់អារម្មណ៍លើកាបូបស្លឹកចាកដែលស្រាល ស្រួលប្រើ ជាប់ធន់ និងមាំមិនងាយដាច់រហែក»។
ម៉ាដាមច្នៃ បានបើកដំណើរការរយៈពេល ២ ឆ្នាំមកហើយ ដោយដំបូងឡើយគ្រាន់តែជាហាងលក់កាបូបស្លឹកចាក តាមអនឡាញធម្មតា តែបន្ទាប់ពីមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ទើបអ្នកស្រី ពុទ្ធារី សម្រេចចិត្តរៀបចំឲ្យចេញជារូបរាងហាងមួយ លក់កាបូបស្លឹកចាក ជាស្នាដៃរបស់ស្ត្រីមេផ្ទះនៅក្នុងខេត្តកណ្តាល អមជាមួយការដេរភ្ជាប់រូបផ្កាបន្ថែម និងការរចនាកាន់តែទាក់ទាញ។
ម្ចាស់ហាងរូបនេះបន្តឲ្យដឹងថា៖ «ដំបូងឡើយ គេមិនសូវនិយមប្រើកាបូបស្លឹកចាកទេ មីងៗអ្នកដេរកាបូបនេះប្រាប់ថា មិនមានអ្នកកុម្ម៉ង់ទិញកាបូបច្រើនទេពីមុនមក ទើបតែពេលនេះទេ ដែលម៉ាដាមច្នៃ ធ្វើការកុម្ម៉ង់ទិញច្រើនធ្វើឲ្យគាត់សប្បាយចិត្តខ្លាំង ព្រោះគាត់អាចរកប្រាក់ចំណូលបានច្រើនជាងមុន»។
អ្នកស្រី ពុទ្ធារី ចូលចិត្តប្រកបអាជីវកម្មដែលផ្តល់ឱកាសការងារ និងអត្ថប្រយោជន៍ដល់ស្រី្តនៅតាមជនបទ ដ្បិតម្ចាស់ហាងវ័យ ៣០ ឆ្នាំប្លាយរូបនេះ ធ្លាប់ជាអតីតបុគ្គលិកអង្គការ ធ្វើការជាមួយស្រ្តីងាយរងគ្រោះ ស្រី្តផ្ទុកមេរោគ និងជនពិការ ទើបជំរុញចិត្តឲ្យអ្នកស្រី បើកអាជីវកម្មដែលជួយសម្រួលដល់ជីវភាពពួកគេ។
កាបូបស្លឹកចាកមានគ្រប់ទំហំ គ្រប់សណ្ឋាន តាំងពីស្លឹកលាត ស្លឹកមូល និងវេញ មានក្រឡាបន្ទះ ក្រឡាល្អិតគ្រប់ប្រភេទទៅតាមតម្រូវការ និងការពេញនិយមនាពេលបច្ចុប្បន្ន។
ការផលិតកាបូបនេះ មិនងាយស្រួលប៉ុន្មាននោះទេ ក្នុងសិប្បករម្នាក់អាចផលិតកាបូប ម៉ូដសាមញ្ញបានតែ ៣ កាបូប ក្នុង ១ ថ្ងៃប៉ុណ្ណោះ។ សម្ភារទាំងនេះត្រូវបានជ្រើសរើសដោយការយកចិត្តទុកដាក់ មិនថា ពណ៌ គុណភាព និងផលិតផលខ្លះ គឺធ្វើពីធម្មជាតិ ឬសម្ភារប្រើប្រាស់ឡើងវិញ។
កាបូបស្លឹកចាក អាចបោកទឹកបាន និងប្រើប្រាស់បានយូររាប់ឆ្នាំ មិនងាយខូច ឬរហែកទេ។
ជាទូទៅ តម្លៃកាបូបស្លឹកចាក ប្រែប្រួលទៅតាមទំហំ និងការច្នៃប្រឌិត ដែលមានតម្លៃចន្លោះពី ៥ ទៅ ២៥ ដុល្លារ។ ជាក់ស្ដែង កាបូបដាក់កុំព្យូទ័រយួរដៃ មានតម្លៃ ១០ ដុល្លារ។ កាបូបដាក់លុយ និងប៊ិក តម្លៃ ៥ ដុល្លារ។ កាបូបដាក់អីវ៉ាន់ តម្លៃ ១០ ដុល្លារ ហើយកាបូបសម្រាប់ចូលរួមកម្មវិធីដើរលេងសមុទ្រ ដើរផ្សារ មានការរចនាបន្ថែមក្រណាត់ប៉ាក់ផ្កាតម្លៃ ២០ ដុល្លារ។
អ្នកស្រី ពុទ្ធារី សំណូមពរថា៖ «ខ្ញុំចង់ផ្តាំផ្ញើទៅបងប្អូនដែលនិយមប្រើរបស់កែច្នៃដោយដៃ ឲ្យគាត់នៅតែបន្តប្រើសម្ភារទាំងនោះ ដើម្បីឲ្យយើងខ្ញុំមានកម្លាំងចិត្តក្នុងការកែច្នៃផលិតផលថ្មីៗទៅថ្ងៃខាងមុខទៀត។ ក្នុងន័យថា អ្នកប្រើប្រាស់ក៏អាចប្រើរបស់ច្នៃថ្មីៗបាន ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ហើយយើងក៏អាចរកចំណូល ដើម្បីរិះរកអ្វីដែលល្អបន្ថែម និងបង្កើនប្រាក់ចំណូលដល់ស្រ្តីមេផ្ទះនៅតាមជនបទ»។
ម៉ាដាមច្នៃ ស្ថិតនៅផ្ទះលេខ ៣៥ ផ្លូវ ៨ បេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ក្រោយផ្សារមីតថោន ៥០ ម៉ែត្រ។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅហ្វេសប៊ុក @ Madam Chnai ឬទូរស័ព្ទ ០១២ ៥៤៥ ៧២២៕