ខេត្តព្រៃវែងៈ ខណៈ​អង្គុយ​ជុំ​គ្រួសារ​មាន​ប្រពន្ធ និង​កូន​ទាំង ២ ជា​ទីស្រឡាញ់​លោក សឿង សួគ៌ា ដែល​រស់​នៅឯ​ភូមិ​ព្រៃ​ស្នៀត​ខាងជើង ឃុំ​ព្រៃស្នៀត ស្រុក​ពារាំង ខេត្ត​ព្រៃវែង​បាន​សម្រេច​ចិត្ត​លាឈប់​ពី​ការងារ​ដែល​ជា​ជំនាញ​បាន​រៀន​ចប់​ផ្នែក​បរិញ្ញាបត្រ​គណនេយ្យ​គឺ​ធ្វើ​ជា​មន្ត្រី​ឥណទាន​នៅក្នុង​​គ្រឹៈស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន ៨ ​ឆ្នាំ​មក​ចាប់ផ្តើម​របរ​ជា​សិប្បករ​ច្នៃ​សម្បក​កង់ឡាន ធ្វើ​ជា​កៅអី តុ​ឈុត ផើងផ្កា រូប​សត្វ​សេក កង្កែប និង​សត្វ​ផ្សេងៗ​ទៀត លក់​យក​ប្រាក់​កម្រៃ ដើម្បី​ចិញ្ចឹម​ជីវិត​គ្រួសារ​តាម​សម្មាអាជីវោ​គួបផ្សំ​នឹង​របរ​របស់​ភរិយា​ជា​អ្នកលក់​អីវ៉ាន់​ចាប់ហួយ​នោះ​។

ព្រោះ​តែ​មាន​ចំណូល​ចិត្ត​ស្រឡាញ់ និង​ចង់​បង្កើត​នូវ​មុខរបរ​រកស៊ី​ដោយ​ខ្លួនឯង​នោះ​ក៏​ជំរុញ​ទឹកចិត្ត​ឲ្យ​បុរស​ម្នាក់​នៅ​ខេត្ត​ព្រៃវែង សុខចិត្ត​បោះបង់​មុខរបរ​ជា​មន្ត្រី​ឥណទាន​នៃ​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្រេឌីត​មក​ចាប់​យក​មុខរបរ​ថ្មី គឺជា​អ្នក​ច្នៃ​គ្រឿង​ប្រើប្រាស់ និង​សម្ភារ​សម្រាប់​លម្អ​ផ្ទះ​ពី​សម្បក​កង់ឡាន ដែល​កំពុង​តែ​បង្កើត​ចំណាប់អារម្មណ៍​មហាជន​ខ្លាំង​តាម​បណ្តាញ​សង្គម​។

លោក សឿង សួគ៌ា ដែល​បាន​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​មាន​វ័យ ៣៣ ​ឆ្នាំ​មាន​ប្រពន្ធ និង​កូន ២ នាក់​បង្ហើប​ពី​ការចាប់​យក​របរ​ថ្មី និង​គំនិត​ច្នៃប្រឌិត​នេះ​ថា​៖ «​ខ្ញុំ​ទើប​តែ​ចាប់​ដំណើរការ​បាន​ប្រមាណ​ជា​កន្លះ​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។ ខ្ញុំ​ក៏​មិន​ទាន់​បង្កើត​របស់របរ​បាន​ច្រើន ដើម្បី​ដាក់​តាំង​លក់​នៅឡើយ​ដែរ​ទេ គឺ​គ្រាន់តែ​ផលិត​តាម​ការកុម្ម៉ង់​ពី​អតិថិជន​ដែល​បាន​ស្គាល់​ខ្ញុំ​តែ​ប៉ុណ្ណោះ​»​។

ខណៈ​ពេល​កន្លះ​ឆ្នាំ​មក​នេះ​លោក សឿង សួគ៌ា បាន​ចាប់ផ្តើម​អាជីព​ថ្មី​ជា​អ្នក​ចៃ្ន​សម្បក​កង់ឡាន​ទៅ​ជា​របស់របរ​ប្រើប្រាស់​នានា​សម្រាប់​ដាក់​នៅ​ផ្ទះ​ដូចជា​កៅអី​អង្គុយ​មួយឈុត ផើងផ្កា រូប​សត្វ​បក្សីបក្សា រូប​សត្វក្តាម កង្កែប ឬ​ក៏​រូប​សត្វ​ផ្សេងៗ​ទៀត​នេះ​លោក​មិន​បាន​ទៅ​រៀនសូត្រ​ជំនាញ​ច្នៃ​ពី​អ្នកណា ឬ​សាលា​ណា​នោះ​ទេ​គឺ​គ្រាន់តែ​បាន​បែក​គំនិត​រៀន​តាម​វីដេអូ​យូធូប និង​មើលរូប​ក្នុង Google​។

លោក សឿង សួគ៌ា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​អត់​ទៅ​រៀន​អ្វី​ពី​អ្នកណា ឬ​ពី​សាលា​ណា​នោះ​ទេ​គឺ​គ្រាន់តែ​ឧស្សាហ៍​មើល​តាម​វីដេអូ​យូធូប និង​មើល​រូបភាព​តាម Google ក៏​នឹក​ឃើញ​ជ្រើស​យក​សម្បក​កង់ឡាន​មក​ច្នៃ​វា ព្រោះ​យល់​សម្ភារ​ជា​វត្ថុ​ច្នៃ​នេះ​មិន​ពិបាក​រក​ឡើយ​»​។

ទោះបី​ជា​យ៉ាង​ណា​នេះ​ក៏​ជា​ការសាកល្បង​ចាប់​យក​អាជីព​ថ្មី ក្រោយពី​បាន​លាឈប់​ពី​ការងារ​ចាស់​ជា​មន្ត្រី​ឥណទាន​មក​ព្រោះ​តែ​ចង់​រកស៊ី​ខ្លួនឯង​វិញ ខណៈ​បាន​ដំណើរការ​បាន​កន្លះ​ឆ្នាំ​មក​ហើយ​។ លោក​ សឿង សួគ៌ា បាន​ឲ្យ​ដឹងថា​៖ «​ការចាប់​អាជីព​ជា​អ្នក​ច្នៃ​សម្បក​កង់ឡាន​មក​ធ្វើ​ជា​វត្ថុ​លម្អ ឬ​គ្រឿង​ប្រើប្រាស់​ទាំង​នេះ​គឺជា​ការសាកល្បង​របស់​ខ្ញុំ​មួយរយៈ​ដែរ​។ ខ្ញុំ​គិត​ថា​នឹង​ប្រើពេល​ពិសោធ ១- ២ ឆ្នាំ​ដើម្បី​សាក​ដោយសារ​ខ្ញុំ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ហើយ ក្រោយពី​ឈប់​ពី​ការងារ​ចាស់​មក​នោះ ហើយ​នៅ​រយៈពេល ១-២ ទៅ​មុខ​ទៀត​នោះ ប្រសិន​បើ​លទ្ធផល​ពី​ការខំប្រឹង​ច្នៃ​សម្បក​កង់ឡាន មិន​បាន​ដុះ​លូត​ល្អ​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ទេ ខ្ញុំ​នឹង​ឈប់​ធ្វើ ហើយ​ទៅ​រករបរ​ផ្សេង​។ តែ​ប្រសិន​បើ​ទទួល​បាន​ផល​ជា​ផ្លែផ្កា​ល្អ​អាច​ចិញ្ចឹម​គ្រួសារ​បាន​នោះ ខ្ញុំ​នឹង​បន្ត​វា ហើយ​ក៏​ពង្រីក​ឲ្យ​ធំ​ផង​ដែរ​»​។

សត្វក្តាម​ដែល​មាន​រចនា​ក្បាច់​ផ្កា​យ៉ាង​ស្រស់ស្អាត​ដែល​បាន​ច្នៃ​ពី​សម្បក​កង់ឡាន​របស់​លោក សឿង សួគ៌ា​។ រូបថត ហ្វេសប៊ុក

ចំពោះ​គ្រឿង​លម្អ​ជា​រូប​សត្វ​ផ្សេងៗ និង​កៅអី​អង្គុយ​មាន​មួយឈុត និង​តុ ដែល​ច្នៃ​ពី​សម្បក​កង់ឡាន​គឺ​មាន​តម្លៃ​ចន្លោះ ៦០ ដុល្លារ ឬ ៧០ ដុល្លារ​រហូត​ទៅ​ដល់ ១៣០ ដុល្លារ ឬ ១៤០ ដុល្លារ​ដែល​ត្រូវ​ចំណាយ ៤ ឬ ៥ ថ្ងៃ​។ ឯ​គ្រឿង​លម្អ​ដែល​ជា​រូប​សត្វ តូចធំ​ផ្សេងៗ​នោះ​មាន​តម្លៃ​ទាប​បំផុត​ចាប់ពី ១៥ ០០០ រៀល ( ៣.៧៥ ដុល្លារ​) ដល់ ៦ ម៉ឺន រៀល (១៥ ដុល្លារ​)​។

លោក សួគ៌ា ក៏​បញ្ជាក់​ពី​ការធ្វើ​កៅអី​សម្បក​កង់ឡាន​មួយ​ឈុត​នោះដែរ​ថា​៖ «​សម្រាប់​កៅអី​ ១ ​ឈុត​នោះ​គឺ​ថា​មាន​កៅអី​អង្គុយ​ចំនួន ៤ និង​តុ ១ ​។ តែ​តុ ខ្ញុំ​គ្រាន់តែ​ច្នៃ​វា​ឲ្យ​ជា​ទ្រង់ទ្រាយ​ស្រោប​ខាង​ក្រៅ​ប៉ុណ្ណោះ គឺ​ទាល់​តែ​លោកអ្នក​កុម្ម៉ង់​យក​ទៅ​ច្នៃ​ដាក់​ជាមួយ​តុ​កញ្ចក់ ថ្ម ឬ​ឈើ​បន្ថែម​ទៀត​ទើប​អាច​យក​វា​ទៅប្រើ​បាន​»​។

សម្រាប់​ការកុម្ម៉ង់​ច្នៃ​កៅអី តុ ឬ​របស់​ផ្សេងៗ​ច្នៃ​ពី​សម្បក​កង់ឡាន​នោះ អាច​ទាក់ទង​តាម 097 83 31645 ឬ 087872778៕

ផើងផ្កា ដែល​មាន​រចនា​ក្បាច់​ផ្កា​យ៉ាង​ស្រស់ស្អាត​ដែល​បាន​ច្នៃ​ពី​សម្បក​កង់ឡាន​របស់​លោក សឿង សួគ៌ា​។ រូបថត ហ្វេសប៊ុក

សិប្បករ​ច្នៃ​សម្បក​កង់ឡាន​លោក សឿង សួគ៌ា ប្រពន្ធ និង​កូន​ទាំង​ ២​។ រូបថត ហ្វេសប៊ុក

ឈុត​កៅអី និង​តុ​ដែល​ច្នៃ​ពី​សម្បក​កង់ឡាន​ដ៏ស្រស់ស្អាត​។ រូបថត សហការី