ក្រុង​កាប៊ុល: ព័ទ្ធជុំវិញ​ដោយ​ក្រដាស​គ្រប់​ពណ៌​ និង​ចម្រៀក​ឫ​ស្ស៊ីតូ​ចៗ លោក ហាលីម មូហាម៉ាឌី (Halim Muhammadi)​ ដែលជា​អ្នក​ផលិត​ខ្លែង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ រួមទាំង​​កូនចៅ​របស់គាត់​កំពុង​អង្គុយ​នៅ​បន្ទប់​តូច​មួយ​ ​ដោយ​ម្នាក់ៗ​រវល់​នឹង​ការ​​ធ្វើ​ឧបករណ៍​បង្ហោះ​លេង ​​​​ត្រៀម​សម្រាប់​រដូវ​​​​ខ្លែង ឯ​​ទីក្រុង​កា​ប៊ុល​។​

​​សិប្បករ​​​ជាច្រើន​នាក់​ បាន​ចំណាយពេល​ស្ទើរ​ពេញ​មួយឆ្នាំ​ ​ដើម្បី​ផលិត​ខ្លែង​បន្ថែមត្រៀម​ទុក​ក្នុង​ស្តុក​របស់ខ្លួន​​ដើម្បី​លក់។

បន្ទាប់ពី​ការលក់​អស់​រាប់ម៉ឺន​ខ្លែង ​ក្នុងអំឡុងរដូវ​ក្ដៅ វត្តមាន​​ខ្លែង​ចម្រុះ​ពណ៌​ បាន​បណ្ដែត​ខ្លួន​លើ​វេហាខ្លែង​មួយ​ត្រូវ​ចំណាយ​ពេលធ្វើ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

​ស្ថិត​ក្នុង​វ័យ ៥០ ​ឆ្នាំ លោក មូហាម៉ាឌី ដែល​មាន​ជំនាញ​ធ្វើ​ខ្លែង​តាំង​ពី​កុមារ​ បានបង្ហាញ​ស្នាដៃ​សិប្បកម្ម​ ​​ផ្ដើមពី​ការ​កាត់​ក្រដាស​ទន់ៗ​ជាច្រើន​ព​ណ៌​។

លោក​​​បាន​យក​ជ័រកាវ​ទៅ​បិទ​ជាប់​នឹង​ឈើ​ឫស្សីស្តើងៗ ដែលត្រូវបាន​តម្រៀប​​រួចជាស្រេច​ភ្ជាប់​នឹង​ក្រដាស់​គ្រប់​ពណ៌​ ដើម្បី​រំលេចចេញ​រូបរាង​ជា​ខ្លែង​។ ​

បន្ទាប់មក​សិប្បករ​ខ្លែង​វ័យ​ជ្រេ​រូបនេះ ក៏​បាន​ហុច​បន្ត​ទៅកូនៗរបស់លោក​​ កូនស្រី​​ ម៉ាឌីណា (Madina) អាយុ១៨ឆ្នាំ កូនស្រី​ ​នីជីណា (Nigina)​ អាយុ១៥ឆ្នាំ និង ​កូនប្រុស ស៊ូហាអ៊ីប (Shohaib)​ អាយុ១៤ ឆ្នាំ​ដើម្បី​ឲ្យ​ពួកគេ​តុបតែង​បន្ថែមឲ្យខ្លែងមើលទៅស្អាត ​​ ​ឆើត​ឆាយ ​គួរ​ឲ្យ​ទាក់​ទាញ មុន​នឹង​យក​​​វត្ថុបង្ហោះ​លេង​នេះ​ទៅ​ហាលថ្ងៃ​ឲ្យស្ងួត​កាវ​ជាប់ល្អ។​

ខ្លែង​មួយ​មានតម្លៃតែប៉ុន្មាន​សេន​ប៉ុណ្ណោះ ខណៈ​នៅ​ប្រទេសក្រីក្រ​បែប​នេះ សិប្បករ​ពុំ​អាច​លក់​បានថ្លៃ​នោះទេ។

វេលា​​​រដូវ​បង្ហោះ​ខ្លែង​ចូល​មក​ដល់​ពេញលេញ ​គឺអំឡុងពេល​ដើម​រដូវរងារ និង​​ចុងរដូវក្ដៅ ជា​ពេល​ដែល​ពោរពេញ​ដោយ​ខ្យល់​​​បក់​រវិចៗ សក្ដិសម​បំផុត​សម្រាប់​​មនុស្ស​គ្រប់​វ័យ​ ទៅ​កាន់​​ទីទួលខ្ពស់ ដើម្បី​លេង​ខ្លែង ​តាមប្រពៃណី​កម្សាន្ត​ដ៏ពេញនិយម​របស់ប្រទេស​​​អាហ្វហ្គានីស្ថាន​។

ការ​បង្ហោះ​ខ្លែង​ត្រូវបាន​ហាមឃាត់​នៅក្នុង​របប​គ្រប់គ្រង​របស់​ពួក​តា​លី​បង់​ដ៏​ឃោរឃៅ​ចន្លោះ​ឆ្នាំ ១៩៩៦-២០០១ ហើយ​ការ​បង្ហោះ​ខ្លែង​ បាន​ចាប់​ផ្ដើម​ពេញ​និយម​ឡើង​វិញ​បន្ទាប់ពីនោះ។

វប្បធម៌​បង្ហោះ​ខ្លែង​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ផ្តើម​ល្បីល្បាញ​ជាថ្មី ​បន្ទាប់ពី​សៀវភៅ​ប្រលោមលោក​ឈ្មោះ The Kite Runner កាលពី​ឆ្នាំ២០០៣ របស់​អ្នកនិពន្ធ​អា​ហ្វា​នី​ស្ថាន Khale​d Hosseini ដែល​ក្លាយជា​សៀវភៅ​​លក់ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក។ ​ក្រោយមក​សាច់​រឿង​នៃ​សៀវភៅ​នេះ ក៏​ត្រូវបាន​គេ​យកទៅ​​​ផលិត​ជា​ខ្សែភាពយន្ត។

លោក Masood អាយុ ៤០ ឆ្នាំ​ដែលជា​អ្នកលក់​ខ្លែង​ជំនា​ន់ទី២ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅឯ​ហាង​លក់​​ខ្លែង​របស់លោក​​ក្នុង​ទីក្រុង​អ៊ួ​អរ Shor Bazaar ដ៏​​កៀក​បង្កើយ​នឹង​​​ទីក្រុង​កា​ប៊ុល​ថា៖« គ្រួសារ​ខ្ញុំ​ទាំងមូល​ទាំង​កូនប្រុស ​​និង​កូនស្រី​របស់ខ្ញុំ គឺជា​អ្នកផលិតខ្លែង​ទាំងអស់គ្នា (នៅឯ​ផ្ទះ)»។

លោក​បាន​បន្ថែមថា៖ «នៅក្នុង​រដូវរងា​​យើង​លក់​ខ្លែង​បាន​ពី​ចន្លោះ​ពី ១០ ម៉ឺន​ទៅ ៣០ ម៉ឺន​ខ្លែងឯណោះ​។ ​ខ្ញុំ​អាច​រក​ចំណូលបាន​ប្រហែល ៣០ ម៉ឺន​ លុយ​អា​ហ្វា​នី​ស្ថាន (ប្រហែល ៤២០០ ​ដុល្លារ) ក្នុង​រយៈពេល ៣ ខែ»។

នៅ​ខាងក្នុង​ហាង​ស្តុក​ខ្លែង​នានា​ក្នុង​ទីក្រុង Shor Bazaar ​គំនរ​ខ្លែង​ដ៏​ធំ​សម្បើម ហាក់​​សរបញ្ជាក់​អំពី​ការ​ស្រឡាញ់​​សកម្មភាព​កម្សាន្ត​លើ​វេលា របស់​ជនជាតិ​អាហ្វហ្គានីស្ថាន​​ចំពោះ​កីឡា​មួយ​នេះ។

លោក Pahlwan Karim អាយុ ៦៥ ឆ្នាំ​ដែល​គ្រួសារ​របស់គាត់​បាន​ផលិត​ខ្លែង​អស់​រយៈពេល​ជិត​មួយ​សតវត្ស​រ៍​មកហើយ​នោះបាន​ឲ្យ​ដឹងថា៖ «ប្រជាពលរដ្ឋ​នៅទីនេះ​ពិតជា​ចូល​ចិត្តការ​បង្ហោះ​ខ្លែង​ខ្លាំងណាស់»។

ខ្លែ​ង​របស់លោក​ក៏​​មាន​ម៉ាក​សំគាល់​គឺ​រូប​សត្វ ខ្យាដំរី ដោយ​ដាក់​ឈ្មោះ​ទៅ​​តាម​រហស្សនាម​របស់​​ប្អូនប្រុសលោក។​​

លោក​បាន​បន្ថែមថា៖« នៅក្នុង​រដូវរងា នៅ​ផ្សារ​នេះ គេ​លក់​ខ្លែង​អស់​រាប់ម៉ឺន​ខ្លែង​ឯណោះ​​ជា​រៀងរាល់ថ្ងៃ»៕ AFP/NS