ខេត្ត​ព្រៃវែង៖ ស្នាដៃ​ថ្មីៗ​​ច្នៃ​ពី​សម្បក​កង់ឡាន​ មាន​​ជា​រូប​​សត្វ​​ដំរី ​ក្រពើ​ ​ឥន្រ្ទី ​ក្ងោក និង​​សត្វ​ក្រៀល​ ដែល​ជា​ការ​កែ​ច្នៃ​ដោយ​​​សិល្បករ​​ខ្មែរ ​ ដែល​រស់នៅ​​​ភូមិ​ព្រៃ​ស្នៀត​ខាង​ជើង ឃុំ​ព្រៃស្នៀត ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង​នោះ​​​ មិន​ត្រឹម​​តែ​ទាក់​​ទាញ​​ចំណាប់​អារម្មណ៍​​​​មហាជន​​​សរសើរ​ពី​គំនិត​ច្នៃ​ប្រឌិត​​​​លោក​​នោះ​ទេ ​ថែម​ទាំង​ត្រូវ​​​ម្ចាស់​​ហាង​​​​កាហ្វេ​​ឈ្មោះ​ថា​​ ​«កាហ្វេ​សំរាម» ​នៃ​សាលា​ដូង​នៅ​​តំបន់​គិរីរម្យ​ បាន​ជាវ​យក​ទៅ​ដាក់​តាំង​លម្អ​​​នៅ​មុខ​ហាង​យ៉ាង​​ស្រស់​ស្អាត​។​

បើ​និយាយ​ពី​ប្រវត្តិ​នៃ​ការ​សិក្សា និង​ការងារ​អតីតកាល​នោះ លោក សឿង សួគ៌ា បាន​សម្រេច​​​ចិត្ត​លា​ឈប់​ពី​ការងារ​ ដែល​​ជា​ជំនាញ​​រៀន​ចប់​ផ្នែក​​​បរិញ្ញាបត្រ​គណនេយ្យ ​គឺ​ធ្វើ​​ជា​មន្ត្រី​ឥណទាន​​​​​នៅ​ក្នុង​គ្រឹៈស្ថាន​​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​ ៨ ​ឆ្នាំ មក​​ចាប់​ផ្តើម​របរ​ជា​សិប្បករ​​ច្នៃ​សម្បក​កង់ឡាន ធ្វើ​ជា​កៅអី តុ​ឈុត ផើង​ផ្កា រូប​សត្វ​​សេក ​កង្កែប និង​សត្វ​ស្លាប​ផ្សេងៗ​​ ដើម្បី​​​​ដាក់​លក់​យក​ប្រាក់​កម្រៃ​​ចិញ្ចឹម​ជីវិត​គ្រួសារ​​តាម​សម្មាអាជីវោ​​ជិត ​២ ​ឆ្នាំ​មក​​ហើយ​​​​។

ស្ថានភាព​ទូទៅ​នៃ​​អាជីវកម្ម​តូច​​ធំ ​ច្រើន​តែ​​មាន​ការ​រំខាន​​​ដោយសារ​ជំងឺ​កូវីដ ១៩ មែន​ក្តី​ តែ​​​របរ​​កែ​ច្នៃ​ពី​សម្បក​​​កង់ឡាន​របស់​​​សិប្បករ​នៅ​​​ព្រៃវែង​រូប​​នេះ​ ហាក់​ដូចជា​​​កំពុង​​តែ​មមាញឹក​​នឹង​ការ​សម្រុក​ធ្វើ​វត្ថុ​​គ្រឿង​ សិល្បៈ​ច្នៃ​ពី​សម្បក​​កង់​​ឡាន​ទៅ​​​​វិញ​ ខណៈ​លោក សឿង សួគ៌ា ក៏​ទើប​តែ​បញ្ចប់​រូប​​​ចម្លាក់​សត្វ​ដំរី​ ១ គូ និង​ក្រពើ​ ១ គូ ឲ្យ​​ម្ចាស់​ហាង​កាហ្វេ​ឈ្មោះ​ថា​ ​«​​កាហ្វេ​​សំរាម​»​។

លោក សឿង សួគ៌ា សិប្បករ​ រស់នៅ​ខេត្ត​ព្រៃវែង​ បាន​កែ​ច្នៃ​សម្បកកង់ឡានជា​រូប​ភាព​សត្វប្លែកៗ និង​មានរូប​រាងសមសួន​​​។ រូបថត សហ​ការី

លោក សឿង សួគ៌ា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ពេល​ឥឡូវ​នេះ ​ដូចជា​​មមាញឹក​ខ្លាំង​នឹង​​ការ​កុម្ម៉ង់​ពី​ភ្ញៀវ​​សម្រាប់​រូប​សត្វ​​ដូច​ជា​សត្វ​​ដំរី សត្វ​ក្រពើ សត្វ​ឥន្រ្ទី និង​​សត្វ​ក្រៀល​​ជាដើម​។ ខ្ញុំ​ទើប​​តែ​យក​រូប​ដំរី​ ១ គូ និង​រូប​​ក្រពើ​ ១ ​គូ​ ​ឲ្យ​បង​ប្រុស​​ម្ចាស់​​សាលា​ដូង និង​ហាង​កាហ្វេ​សំរាម​។ សត្វ​ដំរី​ច្នៃ​ពី​សម្បក​កង់ឡាន​ ១ តម្លៃ ២០០ ដុល្លារ ដែល​​ខ្ញុំ​បាន​ប្រើ​ពេល​ធ្វើ​ដំរី​ ១ ​​ប្រហែល​ជាង ​១ សប្តាហ៍​ទើប​ហើយ យូរ​ត្រង់​ការងារ​កាត់​រោម​​តែ​ម្តង ព្រោះ​យើង​ប្រើ​មនុស្ស​​កាត់​​​មិន​អាច​កាត់​ដោយ​ម៉ាស៊ីន​​ទេ​។ ចំណែក​សត្វ​ក្រពើ ​១ ក្បាល ទំហំ​តូច ​ចំណាយ​​ពេល​​ប្រហែល​ ២ ​ថ្ងៃ ​​ខណៈ​ខ្ញុំ​លក់​ជូន​បង​ប្រុស​ម្ចាស់​ហាង​កាហ្វេ​សំរាម​នោះ ១ តម្លៃ​តែ ៤០ ដុល្លារ​ប៉ុណ្ណោះ។ ហើយ​រូប​សត្វ​ក្ងោក​ ក៏​កំពុង​​តែ​ធ្វើ​​ឲ្យ​​ខាង​មន្ទីរ​​បរិស្ថាន​ខេត្ត​ព្រៃវែង​ផង​ដែរ​​ ​​​គេ​បាន​​កុម្ម៉ង់​​ថ្មីៗ​នេះ»។​

ព្រោះ​​​ចំណូល​ចិត្ត​ស្រឡាញ់ និង​​ចង់​បង្កើត​​មុខរបរ​​ខ្លួន​ឯង​​នោះ​​ក៏​ជំរុញ​​ចិត្ត​ឲ្យ​បុរស​អ្នក​​ខេត្ត​​ព្រៃវែង​រូប​នេះ​ សុខ​ចិត្ត​បោះបង់​​របរ​ជា​មន្ត្រី​ឥណទាន​នៃ​​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក្រេឌីត​មក​​ចាប់​យក​មុខរបរ​ថ្មី​ជា​អ្នក​​ច្នៃ​​​គ្រឿង​​ សម្ភារ​សម្រាប់​លម្អ​ផ្ទះ​​ពី​សម្បក​កង់ឡាន ដែល​កំពុង​​​បង្កើត​ចំណាប់​អារម្មណ៍​មហាជន​ខ្លាំង​តាម​បណ្តាញ​សង្គម​។

ខណៈ​ការ​ចំណាយ​ពេល​កន្លះ​ឆ្នាំ​​​​ដំបូង​លោក សឿង សួគ៌ា ​វ័យ ៣៤ ​ឆ្នាំ ​បាន​ចាប់​ផ្តើម​អាជីព​ថ្មី​ជា​អ្នក​ចៃ្ន​សម្បក​កង់​ឡាន​​ទៅ​ជា​របស់​របរ​​ប្រើប្រាស់​នានា​សម្រាប់​ដាក់​នៅ​ផ្ទះ​ដូចជា​កៅអី​អង្គុយ ​១ ឈុត ផើង​ផ្កា រូប​សត្វ​បក្សីបក្សា រូប​សត្វ​ក្តាម កង្កែប ឬ​ក៏​រូប​សត្វ​ផ្សេងៗ​ទៀត​នេះ​ លោក​មិន​បាន​​រៀន​សូត្រ​ជំនាញ​ច្នៃ​ពី​អ្នក​ណា ឬ​សាលា​ណា​នោះ​ទេ ​គឺ​គ្រាន់​តែ​បាន​បែក​​គំនិត​រៀន​តាម​វីដេអូ​យូធូប និង​មើលរូប​ក្នុង Google​៕