ភ្នំពេញៈ ខណៈឧស្សាហ៍ឃើញការបង្ហើរសារបន្តបន្ទាប់ចេញពីគណនីហ្វេសប៊ុកតារាចម្រៀងស្រី ខេមរៈ ស្រីពៅ ទើបបានប្រកាសដំណឹងជិតវិលចូលសិល្បៈវិញនាពេលថ្មីៗនេះ ក៏ស្រាប់តែមានសារថ្មីចុងក្រោយថានាងចង់ទៅវត្តធ្វើបុណ្យទាននារដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ តែមិនអាចទៅបានដោយសារស្ថានភាពជំងឺមិនទាន់ស្បើយ បង្កការងឿងឆ្ងល់សាជាថ្មីដល់មហាជន។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំហាយរលកព័ត៌មានបែបរហិចរហៀងបានសាយភាយថា តារាចម្រៀងស្រីកញ្ញា ខេមរៈ ស្រីពៅ បានសំងំព្យាបាលជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរនៅឯស្រុកកំណើតស្រុកព្រៃឈរ កាលពីដើមឆ្នាំ ២០១៦ និងដំណឹងក្រោយទៀតថា នាងជាសះស្បើយ ហើយថែមទាំងអាចនិពន្ធបទចម្រៀងឲ្យបងប្រុសច្រៀងបានទៀតផង។ ខណៈថ្មីៗនេះកញ្ញា ខេមរៈ ស្រីពៅ ទើបតែបានប្រកាសជំហរយ៉ាងជឿជាក់វិលចូលសិល្បៈវិញតាមហ្វេសប៊ុកថា៖ «បងប្អូន និង fan (អ្នកគាំទ្រ) ទាំងអស់គ្នា ប្រាកដជានៅរង់ចាំនាងខ្ញុំឲ្យចូលសិល្បៈវិញ»។
ប្រមាណមួយថ្ងៃក្រោយមកទៀតគឺនាអំឡុងពេលបងប្អូនខ្មែរប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរនោះ ក៏ស្រាប់តែលេចចេញជាសារថ្មីមួយទៀតពីគណនីហ្វេសប៊ុក ខេមរៈ ស្រីពៅ (Khemarak Sreypov) ដដែលថា៖ «ឆ្នាំនេះនាងខ្ញុំមិនទាន់បានទៅវត្តនឹងគេទេ បើធូរស្បើយភ្លាម នាងខ្ញុំនឹងទៅភ្លាម ចង់ប្រាប់ថា នាងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់!អរគុណច្រើន ដែលខំមិនជូនពរនាងខ្ញុំ»។
សារនេះពិតជាបានធ្វើឲ្យមហាជន មានការងឿងឆ្ងល់ផង និងហាក់មានអារម្មណ៍ច្របូកច្របល់ខ្លាំងពីដំណឹងពិតរបស់តារាចម្រៀងស្រីត្រកូល ខេមរៈរូបនេះ។
ជម្រះមន្ទិលដំណឹងថាតារាចម្រៀងស្រី ខេមរៈ ស្រីពៅ ជិតវិលមកចូលសិល្បៈវិញមែនឬយ៉ាងណា និងស្ថានភាពជាក់ស្តែងរបស់នាងត្រូវបានបងប្អូនបង្កើតជាតារាចម្រៀងកំពូលកំពុងជ្រកក្រោមទ្រនំថ្មីហង្សមាសលោក ខេមរៈ សិរីមន្ត ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «តាមពិតទៅ គឺប្អូនស្រីខ្ញុំ នាងមិនទាន់អាចវិលមកចូលសិល្បៈវិញបានឡើយ ដោយនាងបានសម្រាកព្យាបាលជំងឺនៅប្រទេសថៃអស់រយៈពេល ៣ ឆ្នាំមកហើយ។ ចំពោះសារតាមហ្វេសប៊ុកឈ្មោះគាត់ ពុំមែនជារបស់គាត់នោះទេគឺជារបស់ Fans គាត់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត គាត់ក៏មិនអាចលេងហ្វេសប៊ុកបានដែរ ដោយសារស្ថានភាពជំងឺគាត់»។
ចាប់តាំងពីឆ្នាំ ២០១៦ មកកញ្ញា ខេមរៈ ស្រីពៅ ត្រូវប្រភពព័ត៌មានក៏បានទម្លាយពីអ្នកស្រុកព្រៃឈរថា នាងបាត់មុខពីសិល្បៈ ដោយសារតែជំងឺប្រតិកម្មស្បែកធ្ងន់ធ្ងរ ទៅព្យាបាលនៅថៃ។ តែបងប្រុសទាំង ២ របស់នាងលោក ភារុណ និងតារាចម្រៀង សិរីមន្ត ក៏ច្រានចោលថាមិនពិត និងធ្លាប់បានអះអាងថា ប្អូនស្រីខ្លួនមានជំងឺក្រពះពោះវៀនប៉ុណ្ណោះ៕